ឯកឧត្ដម ហ៊ុន ណេង និងលោកជំទាវ លាង វួចឆេង បានឧបត្ថម្ភអំណោយជាថវិកា និងស្បៀងអាហារ ដល់បងប្អូនកម្មករក្រុមហ៊ុន ស៊ិនទ្រី ចំនួន ៣៩នាក់
ដោយទឹកចិត្តសប្បុរស និងជាការចូលរួមចំណែកទុក្ខលំបាក របស់ប្រជាពលរដ្ឋ នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ នេះ ឯកឧត្ដម ហ៊ុន ណេង អ្នកតំណាងរាស្រ្ត មណ្ឌលកំពង់ចាម និងលោកជំទាវ លាង វួចឆេង បានឧបត្ថម្ភអំណោយជាថវិកា និងស្បៀងអាហារ ដល់បងប្អូនកម្មករ របស់ក្រុមហ៊ុន ស៊ិនទ្រី ចំនួន ៣៩នាក់ ដែលកំពុងប្រមូលសម្រាម នៅក្នុងក្រុងកំពង់ចាម ។ អញ្ជើញចូលរួម ក្នុងពិធីនោះ មានលោកជំទាវ កុល ធានរិន អ្នកតំណាងរាស្រ្ត មណ្ឌលកំពង់ចាម និងថ្នាក់ដឹកនាំ មន្ទីរ អង្គភាព ក្នុងខេត្ត ផងដែរ ។
នាឱកាសនោះដែរ ឯកឧត្ដម ហ៊ុន ណេង អ្នកតំណាងរាស្រ្ត មណ្ឌលកំពង់ចាម បានលើកទឹកចិត្តដល់បងប្អូនកម្មករទាំងអស់ សូមយកចិត្តទុកដាក់ ខិតខំបំពេញតួនាទីរបស់ខ្លួន ជាពិសេស ការប្រមែប្រមូលប្រមូលសម្រាម យកទៅទុកដាក់ឲ្យទាន់ពេលវេលា ជៀសវាងការគរចោល ដែលនាំប៉ះពាល់ដល់សុខភាព និងបរិស្ថាន ពីព្រោះថា មានតែបងប្អូនទេ ជាអ្នកកម្លាំង ដ៏សកម្ម ក្នុងការរួមចំណែកថែរក្សាអនាម័យ និងបរិស្ថាន នៅក្នុងក្រុងកំពង់ចាម ឲ្យបានល្អប្រសើរនោះ ។
ក្រៅពីនោះ ក៏សូមឲ្យបងប្អូនទាំងអស់ បង្កើនការប្រុងប្រយ័ត្ន លើសុខភាពខ្លួនឯង ផងដែរ ជាពិសេស ការរៀបចំខ្លួនប្រាណឲ្យបានត្រឹមត្រូវ មុននឹងចុះបំពេញបេសកកម្ម ក្នុងតួនាទី ជាប្រចាំថ្ងៃនោះ ។ ដោយឡែក ក្នុងស្ថានភាព ដែលពិភពលោក ក៏ដូចជា ប្រទេសកម្ពុជាយើង មានការរំខាន ពីមេរោគកូវីដ ១៩ នោះ អ្នកតំណាងរាស្ត្រ មណ្ឌលកំពង់ចាម បានក្រើនរំលឹក ដល់បងប្អូនកម្មករ ក៏ដូចជា ប្រជាពលរដ្ឋ ទាំងអស់ ត្រូវបន្តរស់នៅធម្មតា តាមបែបគន្លងថ្មី ជាពិសេស ការយកចិត្តទុកដាក់ អនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវវិធានការការពារខ្លួន តាមរយៈ យុទ្ធសាស្ត្រ «៣ការពារ និង ៣កុំ» របស់សម្តេចតេជោ សែន និងវិធានការណែនាំ របស់ក្រសួងសុខាភិបាល ផងដែរ ។
សូមបញ្ជាក់ថា អំណោយថវិកា និងស្បៀងអាហារ របស់ ឯកឧត្ដម ហ៊ុន ណេង និងលោកជំទាវសម្រាប់កម្មករទាំង ៣៩នាក់ ក្នុងម្នាក់ៗទទួលបាន ៖ អង្ករ ៣៥គ.ក្រ មី ១កេស និងថវិកា ៥ម៉ឺនរៀល ។
គួរកត់ម្គាល់ ផងដែរ ជារៀងរាល់ឆ្នាំ ឯកឧត្ដម ហ៊ុន ណេង អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ចាម និងលោកជំទាវ លាង វួចឆេង តែងតែរៀបចំនូវអំណោយជាថវិកា និងស្បៀងអាហារ បន្តិចបន្តួច ដើម្បី ជាការរួមចំណែកដោះស្រាយជីវភាព ក៏ដូចជា ការលើកទឹកចិត្ត ទៅដល់បងប្អូនកម្មករ ផងដែរ ៕





