អភិបាលខេត្តកំពង់ធំណែនាំដល់អភិបាលក្រុង/ស្រុក ក្នុងការត្រួតពិនិត្យការធ្វើចត្តាឡីស័កឱ្យមានប្រសិទ្ធភាព និងវិធានការទប់ស្កាត់កុំឱ្យជំងឺកូវីដ១៩បន្តរីករាលដាលក្នុងសហគមន៍

អត្ថបទដោយ៖
ធី ដា

ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ នៅព្រឹកថ្ងៃសៅរ៍ ទី១៣ ខែមីនា ឆ្នាំ២០២១ បានបើកកិច្ចប្រជុំបន្ទាន់តាមរយៈ Video Conference ណែនាំឱ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់ ជាពិសេសអភិបាលក្រុង ស្រុកទាំងអស់នៃខេត្តកំពង់ធំ ពង្រឹងការងារអនុវត្តនូវវិធានការការពារទប់ស្កាត់ និងការត្រួតពិនិត្យការធ្វើចត្តាឡីស័កអោយកាន់តែមានប្រសិទ្ធភាព និងទទួលបានប្រសិទ្ធផលខ្ពស់ ធានាដល់ការទប់ស្កាត់ការឆ្លងរីករាលដាលនៃជម្ងឺកូវីដ១៩ ចូលក្នុងសហគមន៍ដោយអនុវត្តន៍តាមអនុសាសន៍ដ៍ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ថ្ងៃ២០កុម្ភៈកន្លងទៅនេះ ឯកឧត្តម សុខ លូ លើកឡើងចំណុចសំខាន់មួយចំនួនដូចតទៅ៖

-ត្រូវរៀបចំការដឹកជញ្ជូនពលករឲ្យបានត្រឹមត្រូវ ទៅតាមទីតាំងមណ្ឌលចត្តាឡីស័ក និងផ្គត់ផ្គង់អាហារអោយបានគ្រប់គ្រាន់ រួមទាំងថែរក្សាអនាម័យឲ្យស្អាត នៅតាមណ្ឌលចត្តាឡីស័ក។ លើសពីនេះ ចំពោះអ្នកមាន អាការរោគសញ្ញាសង្ស័យនានា ត្រូវបញ្ជូនទៅបន្ទប់ដោយឡែកភ្លាម និងរាយការណ៍ដល់មន្រ្តីជំនាញសុខាភិបាល។

-បែងចែកក្រុមការងាររុករកស្រាវជ្រាវមុខសញ្ញាពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ ពិសេសរៀបចំកំណត់សញ្ញាណតំបន់ហានិភ័យ មកពីតាមទីតាំងរាជធានីខេត្តផ្សេងៗ ដែលពាក់ព័ន្ធព្រឹត្តិការណ៍២០កុម្ភៈ

-ត្រូវធ្វើការផ្សព្វផ្សាយផ្អាកបណ្ដោះអាសន្ន ពិធីបុណ្យ ពិធីរៀបអាពាហ៍ពិពាហ៍ និងណែនាំដល់ម្ចាស់កម្មវិធីត្រូវចូលរួមកាត់បន្ថយអ្នកចូលរួម វាស់កំដៅ ការពាក់ម៉ាស ការរក្សាគម្លាតសុវត្ថិភាពជាដើម។

-ត្រូវក្តាប់ព័ត៍មានបងប្អូនដែលចំណូលស្រុក ដោយឲ្យមេឃុំ មេភូមិ មេប៉ុស្តិ និងកងកម្លាំង បែងចែកតាមដាន ឲ្យបានច្បាស់លាស់ដល់ខ្នងផ្ទះ បង្ការការរីករាលដាលជំងឺកូវីដនៅតាមសហគមន៍

-ត្រូវចុះពិនិត្យមើលអាហារដ្ឋានទាំងអស់ត្រូវក្សាគម្លាតកន្លែងអង្គុយ មានម៉ាស់ អាល់កុលឬជែល និងម៉ាស៊ីនវាស់កម្ដៅ នៅមុខទីតាំងចូល បើមិនអនុវត្តន៍តាម ត្រូវបិទទីតាំងតែម្តង

-គ្រប់ទីប្រជុំជនពិសេសផ្សារ ទាំងអាជីវករ និងអ្នកចូលទៅក្នុងផ្សារ ត្រូវតែពាក់ម៉ាស់ បើមិនមានទេ ដាច់ខាតហាមមិនឲ្យចូល និងត្រូវបន្តធានារក្សាសន្តិសុខសណ្តាប់ធ្នាប់ ពិសេសភូមិឃុំ-មានសុវត្ថិភាព

-ត្រូវបន្តផ្សព្វផ្សាយនូវរាល់វិធានការបង្ការទប់ស្កាត់ការឆ្លងបន្តនៃជំងឺកូវីដ-១៩ និងច្បាប់ថ្មីពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ ពីទោសទណ្ឌ និងការផាកពិន័យ ដើម្បីបញ្ជ្រាបដល់បងប្អូនដែលកំពុងធ្វើចត្តាឡីស័កនិងគ្រប់ស្រទាប់មហាជន នៅគ្រប់មូលដ្ឋានទូទាំងខេត្តកំពង់ធំឲ្យបានដឹង និងបានយល់។

ជាចុងក្រោយឯកឧត្តម សុខ លូ បានសំណូមពរបន្តពង្រឹងការអនុវត្តវិធានការពារ ៣កុំ – ៣ការពារ និង២ចូលរួម របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាឲ្យបានខ្ជាប់ខ្ជួន។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner