ឯកឧត្តម ឃួង ស្រេង គ្រោងដាំដើមឈឺប្រណិតប្រមាណ១០ម៉ឺនដើម នៅលើឧទ្យានជាតិរាជធានីភ្នំពេញ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញគ្រោងនឹងដាំដើមឈឺប្រណិតប្រមាណ១០ម៉ឺនដើមបន្ថែមទៀតនៅលើឧទ្យានជាតិរាជធានីភ្នំពេញដើម្បីជាលើកសោភ័ណភាពរាជធានីភ្នំពេញឲ្យមានភាពស្រស់ បំព្រងមានជំរកពណ៌បៃតងមានបរិស្ថានល្អ និងដើម្បីទុកជាកេរដំណែលសម្រាប់កូនចៅជំនាន់ក្រោយផងដែរ។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងនៅយប់ថ្ងៃទី១៣មីនានេះថា នៅពេលដ៏ខ្លីខាងមុខនេះជាគម្រោងរបស់អភិបាលរាជធានីភ្នំពេញ នៅថ្ងៃខាងមុខនេះគ្រោងនឹងដាំដើមឈើប្រភេទធ្នុងប្រមាណ ១០ម៉ឺនដើមទៀតនៅតំបន់បឹងតាមោក ក្នុងខណ្ឌព្រែកព្នៅ លើផ្ទៃដី ៧៥ហិកតា ។
នេះជាការគិតគូរវែងឆ្ងាយរបស់ថ្នាក់ដឹងនាំរដ្ឋបាលរាជធានីភ្នំពេញ ដោយឯឧ ធ្លាប់បានអំពាវនាវទៅប្រជាពលរដ្ឋ មន្ត្រីរាជការមហាជនទូទៅ ឱ្យចេះស្រឡាញ់ដើមឈើឲ្យដូចស្រឡាញ់កូនចៅខ្លួនឯង។ ឯកឧត្តម ឃួង ស្រេង ធ្លាប់បានលើកឡើងថា ការដាំដើមឈើនៅពេលនេះ គឺពិតជាបានរួមចំណែកយ៉ាងសំខាន់ ធ្វើឲ្យរាជធានីភ្នំពេញ មានភាពស្រស់ស្អាត ជាទីក្រុងបៃតង ទទួលបាននូវការទាក់ទាញ។
លោក គាំ សីហា នាយខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញ ក៏បានបញ្ជាក់ឱ្យដឹងនៅរាត្រីថ្ងៃទី១៣មិននេះដែរថា កន្លងមកនេះក្រោមគំនិតផ្តួចផ្តើមរបស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញគ្រោងដាំដើមឈើចំនួន១០ម៉ឺនដើនៅពេលខាងមុខនេះ ដើម្បីបង្កើតឱ្យមានជម្រកបៃតងនៅរាជធានីភ្នំពេញ។កន្លងមករដ្ឋបាលព្រៃឈើភ្នំពេញបានដាំដើមឈើប្រភេទធ្នង់ គគីរ នៅតាមទីសាធារណៈជាច្រើន ដូចជានៅតាមផ្លូវសម្តេចតេជោ (ផ្លូវ៦០ម៉ែត្រ)ដាំដើមធ្នុង គគីរ ១៨០០ដើម, នៅតំបន់បឹងកក់ ជាង៧០០ដើម, នៅតាមផ្លូវ៦អា ជាង១០០០ដើម, នៅតាមផ្លូវចំការដូងជាង២០០០ដើម, នៅតាមផ្លូវជាតិលេខ៤ ជាង៥០០ដើម, នៅវត្តភ្នៀត ជាង៩០០ដើម, នៅវត្តគល់ទទឹងជាង ១០០០ដើម,នៅក្នុងមន្ទីរពេទ្យកុមារជាតិ ជាង២០០ដើម, នៅវិទ្យាល័យសុខាភិបាការពារជាតិ ជាង៥០០ដើម និងនៅក្នុងវិទ្យាល័យដូនពេញ ជាង២០០ដើម ។
ចំណែក លោកសំ សាមុត បានឱ្យដឹងនៅរាត្រីថ្ងៃទី១៣មិនានេះថា ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានយកចិត្តទុកដាក់ណាស់លើការដាំដើមឈើប្រណិតៗនេះ ដោយកន្លងមកនេះឯឧអភិបាលបានចុះផ្ទាល់ដើម្បីដាំដើមឈើនិងណែនាំឱ្យមន្ត្រីពាក់ព័ន្ធដាំផងដែរ ក្នុងនោះណែនាំឱ្យអង្គភាពសួនច្បារនិងរុក្ខជាតិនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ សហការជាមួយមន្ទីរកសិកម្មនិងអាជ្ញាធរមូលដ្ឋាន ដាំឈើធ្នង់ធំៗ ដែលមានទំហំប៉ុនកំភួនជើង ប្រមាណពី១៥០០ដើមទៅ២០០០ដើម នៅអមសងផ្លូវ ២១៧ ក្នុងខណ្ឌដង្កោ ដោយចាប់ផ្ដើមដាំពី ស្ពាន ដែកចំការដូងរហូតដល់រង្វង់មូលគួរស្រូវ ជាប់ព្រំប្រទល់ខេត្តកណ្ដាល លើចំងាយផ្លូវប្រវែង៧គីឡូម៉ែត្រសងខាង (ស្មើ ១៤គីឡូម៉ែត្រ)។ ដាំប្រភេទឈើធ្នង់សុទ្ធ នៅតាមបណ្តោយផ្លូវជាតិលេខ៦A ក្នុងខណ្ឌជ្រោយចង្វាចំនួន១០០០ដើម។ ដាំប្រភេទឈើននេលនៅលើផ្លូវហាណូយចំនួនជាង១៥០០ដើមជាដើម ដាំនៅលើឧទ្យានខាងលិចស្ពានជ្រោយចង្វាចំនួន៣៦០ដើម ជាដើម។
គួរបញ្ជាក់ថា ក្នុងពិធីដាំដើមឈើនាពេលកន្លងមកនេះឯកឧត្តម ឃួង ស្រេង បានអំពាវនាវដល់ ប្រជាពលរដ្ឋ, មន្ត្រីរាជការមហាជនទូទៅ ត្រូវចេះស្រឡាញ់ដើមឈើឲ្យដូចស្រឡាញ់កូនចៅខ្លួនឯង ។ ត្រូវចូលរួមដាំបន្ថែម និងថែរក្សាដើមឈើឲ្យបានល្អនិងគង់វង់បង្កើនគំរបបៃតងឲ្យបានកាន់តែច្រើនដើម្បីរក្សាលំនឹងបរិស្ថាន និងធម្មជាតិសំរាប់ជីវិតមនុស្សសត្វ លើភពផែនដីយើងនេះឲ្យប្រកបដោយនិរន្តរភាព និងស្រស់បំព្រងគ្រប់រដូវកាល ។ ព្រៃឈើពិតជាបានចូលរួមចំណែកអភិវឌ្ឍន៏សេដ្ឋកិច្ចសង្គម វប្បធម៌ទេសចរណ៏ និងការសិក្សាស្រាវជ្រាវប្រពន្ធ័ការពារដីនៅទីជំរាល និងប្រពន្ធ័ការពារជីវចំរុះជាដើម។ ការបាត់បង់ព្រៃឈើគ្រប់ប្រភេទ អាចបណ្តាលឲ្យមានទឹកជំនន់ខ្យល់កន្ទ្រាក់ រន្ទះនិងរាំងស្ងួត,បាត់បង់មច្ចាជាតិគ្រប់ប្រភេទ និងអាចបង្កទៅជាវាលរហោឋាន ធ្លាក់ចុះគុណភាពដីជាដើម។ដូច្នេះយើងទាំងអស់គ្នា ត្រូវតែចូលរួមដាំ ដើមឈើ និងថែរក្សាដើមឈើឲ្យបានល្អទុកសំរាប់កូនចៅយើងជំនាន់ក្រោយទៀត ហើយអ្នកបំផ្លាញដើមឈើវាស្មើនឹងបំផ្លាញខ្លួនឯងដូច្នោះដែរ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner