រដ្ឋបាលខេត្តព្រះសីហនុពិន័យចំពោះអ្នកបើកបររថយន្ត២នាក់ដែលគេចវេះប៉ុស្តិ៍ត្រួតពិនិត្យចត្តាឡីស័ក

អត្ថបទដោយ៖
ធី ដា

យោងតាមរដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី១៤មីនាឆ្នាំ២០២១ មានរថយន្តពីរគ្រឿង បានបើកគេចវេះប៉ុស្តិ៍ត្រួតពិនិត្យចត្តាឡីស័កចំណុចត្រពាំងរពៅ ផ្លូវជាតិលេខ៣ ព្រំប្រទល់ខេត្តព្រះសីហនុ និងខេត្តកំពត ប៉ុន្តែត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពស្រុកព្រៃនប់ ចាប់ឃាត់បាន និងធ្វើការពិន័យអន្តរការណ៍។

យោងតាមរបាយការណ៍សមត្ថកិច្ចស្រុកព្រៃនប់នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ ករណីទី១- អ្នកបើកបរឈ្មោះ សាធ វាចា ភេទ ប្រុស បើកបររថយន្តដឹកស៊ីម៉ង់ត៍មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 3B-7264 បានបើកគេចវេះពីប៉ុស្តិ៍ត្រួតពិនិត្យចត្តាឡីស័កនៅចំណុចត្រពាំងរពៅ (ផ្លូវជាតិលេខ៣) ព្រំប្រទល់ខេត្តព្រះសីហនុ និងខេត្តកំពត។ ករណីទី២- អ្នកបើកបរឈ្មោះ ភិន ភ័ក្រ ភេទ ប្រុស បើកបររថយន្តម៉ាកសាំងយ៉ុង ពណ៌លឿង ពាក់ស្លាកលេខភ្នំពេញ 2AE-5252 បានបើកគេចវេះប៉ុស្តិ៍ត្រួតពិនិត្យចត្តាឡីស័កនៅចំណុចត្រពាំរពៅ (ផ្លូវជាតិលេខ៣) ព្រំប្រទល់ខេត្តព្រះសីហនុ និងខេត្តកំពត។ 

យោងតាមអនុក្រឹត្យលេខ៣៧ ចុះថ្ងៃទី១២មីនា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាលកម្ពុជា ត្រង់មាត្រា២២ ត្រូវផ្តន្ទាទោសពិន័យអន្តរការណ៍ពី ១លាន រៀល ទៅ ៥លានរៀល ចំពោះបុគ្គលដែលគេចវេះពីការធ្វើចត្តាឡីស័ក ឬគេចចេញពីទីកន្លែងធ្វើចត្តាឡីស័កក្នុងអំឡុងពេលធ្វើចត្តាឡីស័ក តែមិនបានបណ្តាលឱ្យមានការចម្លងជំងឺកូវីដ-១៩ ដល់អ្នកដទៃ។ ចំពោះជនដែលប៉ុនប៉ង និងបំផ្លាញសុខភាពសាធារណៈរបស់ជាតិ ខេត្តព្រះសីហនុបានព្រមានថា ត្រូវតែចាត់វិធានការតាមផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់បំផុត និងគ្មានការលើកលែង។

ជាមួយគ្នានោះ រដ្ឋបាលខេត្តព្រះសីហនុ បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់រាជរដ្ឋាភិបាល និងការអំពាវនាវរបស់អាជ្ញាធរស្រុក ដើម្បីចូលរួមក្នុងការប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner