Volvo ប្តេជ្ញាចិត្តផលិតតែរថយន្តអគ្គិសនីប៉ុណ្ណោះនៅត្រឹមឆ្នាំ2030
បរទេស៖ យោងតាមការចេញផ្សាយរបស់កាសែតចិនដេលីនៅថ្ងៃចុងសប្ដាហ៍កន្លងទៅនេះបានឲ្យដឹងថា ក្រុមហ៊ុនផលិតរថយន្តរបស់រដ្ឋចិន Volvo បានធ្វើការប្តេជ្ញាចិត្តសាជាថ្មីក្នុងការប្រតិបត្តិការផលិតតែរថយន្តអគ្គិសនីប៉ុណ្ណោះឲ្យបានពេញលេញ 100 ភាគរយនៅត្រឹមឆ្នាំ2030 ខាងមុខនេះ។
នៅក្នុងសេចក្តីប្រកាសរបស់ Volvo ដដែលបានឲ្យដឹងដែរថាតាមផែនការនៅក្នុងឆ្នាំ2025 រថយន្តអគ្គិសនីរបស់
ខ្លួននឹងវាយលុយចូលទីផ្សារសកលរបស់ខ្លួនបានពាក់កណ្តាលខណៈដែលពាក់កណ្តាលទៀតគឺជារថយន្តកូនកាត់ hybrid។
ក្នុងពេលដំណាលគ្នានេះផងដែរ ក្រុមហ៊ុនផលិតរថយន្តធំៗជាច្រើនលើសាកលលោកបាននាំគ្នាចាប់ផ្តើមធ្វើការផ្លាស់ប្តូរសង្វាក់ផលិតកម្មរបស់ខ្លួនទៅជារថយន្តអគ្គិសនី ហើយធ្វើយ៉ាងឲ្យខ្លួនអាចសម្របបានក្នុងគោលដៅលប់បំបាត់ចោលនូវការបំពុល និងបំភាយដោយឧស្ម័នកាបូឌីអុកស៊ីត CO2 ឲ្យបានទាំងស្រុងដែលក្នុងនោះរួមមានក៏មានក្រុមហ៊ុន Ford Motor Co របស់អាមេរិកផងដែរ។
ប្រធានប្រតិបត្តិរបស់ក្រុមហ៊ុន Volvo លោក Hakan Samuelsson បានថ្លែងប្រាក់អ្នកសារព័ត៌មានថា ៖«ខ្ញុំជឿជាក់ថា 100 ភាគរយថានឹងមិនមានអតិថិជនណាមួយមានបំណងចង់បន្តការប្រើប្រាស់រថយន្តដែលប្រើប្រាស់សាំងតទៅទៀតឡើយនាពេលអនាគត ដូចនេះរថយន្តប្រើប្រាស់ថាមពលអគ្គិសនីគឺជាទំនោរថ្មីរបស់អតិថិជនរបស់យើង»។
Volvo ដែលត្រូវបានគេស្គាល់ថាជាក្រុមហ៊ុននៅក្រោមបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនរដ្ឋ Zhejiang Geely Holding Group ក៏បានបង្ហាញផែនការក្នុងការបង្ហាញវត្តមានរថយន្តអគ្គិសនីត្រកូលថ្មីមួយទៀតក្នុងពេលប៉ុន្មានឆ្នាំខាងមុខនេះផងដែ រហើយចំណុចពិសេសរបស់វានៅក្នុងទីផ្សារនោះគឺវានឹងត្រូវដាក់លក់តែនៅលើអនឡាញប៉ុណ្ណោះ។
កន្លងមក Volvo ធ្លាប់បានធ្វើការបង្ហាញម៉ូដេល SUV ប្រើប្រាស់ថាមពលអគ្គិសនី 100 ភាគយរបស់ខ្លួនមួយប្រភេទផងដែរគឺ C40 ដែលថាមពលថ្មរបស់វាដំបូងអាចប្រើប្រាស់បានទៅដល់ 420 គីឡូម៉ែត្រមុនពេលត្រូវការសាកថ្មសាជាថ្មី៕