អាចជាដំណឹងល្អ ដែលអ្នកវិទ្យាសាស្ត្រហុងកុងអាចកំណត់សញ្ញាអូទីស្សឹមឈានទៅផលិតថ្នាំព្យាបាល

អត្ថបទដោយ៖
ស៊ុន លី

បច្ចេកវិទ្យា៖ នៅថ្ងៃចន្ទនេះកាសែតចិនដេលីបានចុះផ្សាយថា អ្នកវិទ្យាសាស្ត្រជនជាតិហុងកុងម្នាក់បានប្រើប្រាស់ម៉ាស៊ីនសិក្សាបំពាក់បច្ចេកវិទ្យាវៃឆ្លាតនៃប្រាជ្ញាសិប្បនិម្មិត (AI) ដើម្បីស្កេនស្វែងរកសញ្ញាអូទីស្សឹម (Autism) ទៅលើកុមារអាយុទាបបំផុតត្រឹមប្រាំមួយឆ្នាំ។ ម៉ាស៊ីននេះមានសមត្ថភាពកាត់បន្ថយហានិភ័យនានា នឹងឈានទៅរកដំណោះស្រាយផ្សេងៗទាក់ទងនឹងការព្យាបាលអាការៈអូទីស្សឹមរបស់កុមារឱ្យបាននៅក្នុងឆ្នាំ 2021 នេះ។

លោក Benny Zee អ្នកវិទ្យាសាស្ត្រ និងជាសាស្ត្រាចារ្យនៃសកលវិទ្យាល័យចិននៃទីក្រុងហុងកុង បានបញ្ជាក់ថា បច្ចេកវិទ្យាស្កេនដោយផ្ទាល់ទៅលើ Retina នៃកែវភ្នែករបស់កុមារនឹងអាចក្លាយជាវិធីសាស្ត្រស្រាវជ្រាវមួយ នឹងជួយព្យាបាលកុមារមានសញ្ញាអូទីស្សឹមឱ្យមានស្ថានភាពល្អប្រសើរ។

លោក Benny Zee បានបន្តនិយាយថា សិក្សាលើកុមារក្នុងវ័យខាងលើនេះជាដំណាក់កាលដែលសញ្ញាអូទីស្សឹមកំពុងរីកលូតលាស់ និងមានគាគរយជោគជ័យច្រើនក្នុងដំណាក់កាលស្រាវជ្រាវនេះ។ លោកបានបន្តទៀតថា វិធីសាស្ត្រស្រាវជ្រាវនៅពេលនេះ ធ្វើឡើងតាមរយៈការប្រើប្រាស់កាមេរ៉ាដែលមានកម្រិតគុណភាពច្បាស់ខ្លាំងដោយភ្ជាប់ជាមួយកម្មវិធីកំព្យូទ័រដែលអាចវិភាគសញ្ញារួមបញ្ចូលគ្នា។

សូមបញ្ជាក់ថា កន្លងទៅការស្រាវជ្រាវនេះបានធ្វើតេស្តលើកុមារប្រមាណ 70 នាក់ដែលមានអាយុចន្លោះពីប្រាំមួយឆ្នាំទៅដល់ទៅ 13 ឆ្នាំ ហើយតាមរយៈលទ្ធផលសិក្សានេះរំពឹងថានឹងមានប្រសិទ្ធភាពនិងភាពត្រឹមត្រូវដល់ទៅ 95.7 ភាគរយ។

ក្រុមអ្នកជំនាញនៃសញ្ញាអូទីស្សឹមកុមារ បានសាទរចំពោះការរកឃើញដ៏អស្ចារ្យរបស់លោក Zee លើកនេះ ប៉ុន្តែពួកគេបានបញ្ជាក់ថា កង្វល់សម្រាប់ការសិក្សាដោយសារឪពុកម្តាយកុមារដែលមានបញ្ហាអូទីស្សឹមកំពុងស្ទាក់ស្ទើរខ្លាំងក្នុងការទទួលស្គាល់ថា កូនរបស់គាត់ពិតជាមានអាការៈអូទីស្សឹមពិតប្រាកដ ទោះបីជាមានសញ្ញាគ្រប់គ្រាន់បញ្ជាក់ថាមានអូទីស្សឹមទៅហើយក្តី៕

ស៊ុន លី
ស៊ុន លី
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy
ads banner
ads banner
ads banner