ការបញ្ជាទិញគ្រឿងម៉ាស៊ីនរបស់ជប៉ុនមានការធ្លាក់ចុះខ្លាំងនៅដើមឆ្នាំ2021

បរទេស៖ យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនដេលីនៅថ្ងៃអង្គារនេះបានឲ្យដឹងថាការបញ្ជាទិញគ្រឿងម៉ាស៊ីននៅក្នុងប្រទេសជប៉ុនមានការធ្លាក់ចុះខ្លាំងមិនធ្លាប់មានជាលើកដំបូង ដោយសារតែបញ្ហារាតត្បាតកូវីដនៅតែបន្ត។

បច្ចុប្បន្ននេះក្រុមអ្នកធ្វើគោលការនយោបាយនៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទីបីមួយនេះកំពុងពឹងផ្អែកលើការចំណាយមូលធនដើម្បីទ្រទ្រង់ការងើបឡើងវិញដែលកំពុងនាំមុខដោយវិស័យឯកជនពីការធ្លាក់ចុះដែលបណ្តាលមកពីជំងឺរាតត្បាតកាលពីឆ្នាំមុន។

តាមរយៈទិន្នន័យដែលទទួលបានពីការិយាល័យពាណិជ្ជកម្មជប៉ុនកាលពីថ្ងៃចន្ទម្សិលមិញនេះបានបង្ហាញថាការបញ្ជាទិញគ្រឿងម៉ាស៊ីនសំខាន់ៗដែលជាសូចនាករឈានមុខគេនៃការចំណាយដើមទុនក្នុងរយៈពេល 6 ទៅ 9 ខែខាងមុខ ប៉ុន្តែបែរជាមានការធ្លាក់ចុះប្រមាណជា 4.5 ភាគរយកាលពីខែមករាកន្លងទៅ ដែលខុសពីការគ្រោងទុកទៅវិញ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីអត្រានៃការធ្លាក់ចុះនៅតែមានភាពប្រសើរជាងអ្វីដែលត្រូវបានព្យាករណ៍ទុកដោយអ្នកជំនាញសេដ្ឋកិច្ចរបស់រ៉យទ័រដែលធ្លាប់បាននិយាយថានឹងមានទៅដល់ 5.5 ភាគរយ។

ក្រុមអ្នកវិភាគបានមើលឃើញថាការធ្លាក់ចុះប្រចាំខែមករាកន្លងទៅនេះគឺជាផ្នែកមួយនៃការដើរថយក្រោយពីកំណើនសេដ្ឋកិច្ចដែលធ្លាប់តែដ៏រឹងមាំ ខណៈពេលដែលភាពអាសន្នដែលនឹងអាចអូសបន្លាយនៅតាមតំបន់ជុំវិញទីក្រុងតូក្យូអាចនឹងបន្តដាក់សម្ពាធខ្លាំងទៅលើការធ្លាក់ចុះចរន្តនៃសេដ្ឋកិច្ចទីផ្សារបន្តទៀត។

លោក Takeshi Minami ប្រធានផ្នែកសេដ្ឋកិច្ចនៃវិទ្យាស្ថានជាតិ Norinchikin Research Institue បាននិយាយថា៖ការបញ្ជាទិញគ្រឿងម៉ាស៊ីនរបស់ជប៉ុនគឺអាចបន្តធ្លាក់ចុះបន្ថែមទៀតនៅក្នុងត្រីមាសដំបូងដើមឆ្នាំនេះខណៈដែលហានិភ័យនឹងនៅតែបន្តកើតមាន ហើយវាអាស្រ័យទៅការដាក់ប្រកាសរដ្ឋក្នុងភាពអាសន្ននឹងមានរយៈពេលយូរប៉ុណ្ណា។

ក្រៅពីនោះ ដោយសារតែការរឹតត្បិត និងការប្រយុទ្ធប្រឆាំងទៅនឹងការរាតត្បាតកូវីដចុងក្រោយនេះ អាចនឹងបន្តធ្វើឲ្យសេដ្ឋកិច្ចទទួលរងនូវវិបត្តិសាជាថ្មី ជាពិសេសទៅលើវិស័យមួយចំនួនដែលពាក់ព័ន្ធទៅនឹងសេវាទេសចរណ៍ដូចជាសណ្ឋាគារ និងភោជនីយដ្ឋានជាដើម៕

ស៊ុន លី
ស៊ុន លី
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy
ads banner
ads banner
ads banner