សហគមន៍អន្តរជាតិអង្វរអោយអត់ធ្មត់ខ្ពស់ នៅពេលបាតុករចេញមកតាមដងផ្លូវសាជាថ្មី និងមានសេចក្តីរាយការណ៍អំពីការស្លាប់បាតុករបន្ថែមទៀតនៅមីយ៉ាន់ម៉ា
មីយ៉ាន់ម៉ា៖ សហគមន៍អន្តរជាតិនៅថ្ងៃចន្ទដើមសប្តាហ៍នេះបានអង្វរកអោយអត់ធ្មត់ខ្ពស់ នៅពេលបាតុករមីយ៉ាន់ម៉ាចេញមកតាមដងផ្លូវសាជាថ្មី និងមានសេចក្តីរាយការណ៍អំពីការស្លាប់អ្នកប្រឆាំងតវ៉ានឹងរដ្ឋប្រហារយោធាចំនួន១១នាក់បន្ថែមទៀត ។
អង្គការសហប្រជាជាតិ សហរដ្ឋអាមេរិក ចិន និងអង់គ្លេសបានរួមគ្នាថ្កោលទោសអំពើហិង្សា ដែលអង្គការសហប្រជាជាតិបាននិយាយថា វាបានសម្លាប់ជីវិតបាតុករដោយសន្តិវិធីអស់យ៉ាងតិច១៣៨នាក់ រួមមានស្ត្រី និងកុមារផងដែរ ចាប់តាំងពីរដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អោង សាន ស៊ូជី កាលពីថ្ងៃទី១ ខែកុម្ភៈ ។ ទោះ ជាយ៉ាងណាក៏ដោយ របបដឹកនាំយោធាមីយ៉ាន់ម៉ាហាក់មិនបានបង្ហាញសញ្ញាបន្ធូរបន្ថយការបង្ក្រាប តបតាមការអំពាវនាវអោយមានការអត់ធ្មត់នោះទេ ។
គួរបញ្ជាក់ផងដែរថា នៅថ្ងៃចន្ទដើមសប្តាហ៍នេះ យ៉ាងហោចណាស់បាតុករមីយ៉ាន់ម៉ា១១នាក់ត្រូវបានបាញ់សម្លាប់ ដោយកងកម្លាំងសន្តិសុខនៅមួយថ្ងៃបន្ទាប់ពីប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ជួបការបង្ហូរឈាមដ៏ធំបំផុតចាប់តាំងពីយោធាធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិលកាលពី៦សប្តាហ៍មុន ។ ចំនែកឯកាលពីថ្ងៃអាទិត្យសប្តាហ៍មុននេះ អ្នកប្រឆាំងតវ៉ា៤៤នាក់ក៏ត្រូវកងសន្តិសុខបាញ់សម្លាប់ និងរោងចក្រចិនរាប់សិបត្រូវបានបំផ្លាញ និងលួចប្លន់យកទំនិញផងដែរ ៕ ប្រភព៖ AFP




