ឧត្តមសេនីយឯក ហ៊ុន ម៉ាណែត អញ្ជើញពិនិត្យ និងជួយរៀបចំវិធានការដើម្បីគ្រប់គ្រងទីតាំងដែលទើបបានប្រែក្លាយជាមន្ទីរពេទ្យព្យាបាលជំងឺកូវីដ-១៩

អត្ថបទដោយ៖
ធី ដា

ឯកឧត្តម ឧត្តមសេនីយឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាប្រធានអនុគណៈកម្មការគ្រប់គ្រងសន្តិសុខ និងសណ្តាប់ធ្នាប់នៅតាមគោលដៅ និងតំបន់ចត្តាឡីស័ក នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ នេះ បានអញ្ជើញពិនិត្យ និងជួយរៀបចំវិធានការដើម្បីគ្រប់គ្រងទីតាំងដែលទើបបានប្រែក្លាយជាមន្ទីរពេទ្យព្យាបាលជំងឺកូវីដ-១៩ និងកន្លែងចត្តាឡីស័កសម្រាប់អ្នកមានហានិភ័យខ្ពស់ក្នុងការឆ្លងជំងឺនេះនៅតំបន់ជ្រៃធំ។

បើយោងតាម ផេកហ្វេសប៊ុកផ្លូវការរបស់ ឯកឧត្តម ហ៊ុន ម៉ាណែត ការអញ្ជើញចុះត្រួតពិនិត្យនេះគឺឆ្លើយតបទៅនឹងសំណូមពរពីអជ្ញាធរខេត្តកណ្តាលដែលកំពុងធ្វើការព្យាបាលអ្នកជំងឺកូវីដ-១៩ និងដោយសារករណីអ្នកវិជ្ជមានកូវីដ-១៩ នៅក្នុងខេត្តមានការកើនឡើងជាគំហុកក្នុងប៉ុន្មានថ្ងៃនេះជាពិសេសនៅតំបន់ជ្រៃធំតែម្តង ដែលក្រុមការងារបច្ចេកទេសសុខាភិបាល ត្រូវរៀបចំវិធានការដើម្បីគ្រប់គ្រងទីតាំងដែលទើបបានប្រែក្លាយជាមន្ទីរពេទ្យព្យាបាលជំងឺកូវីដ-១៩ និងកន្លែងចត្តាឡីស័កសម្រាប់អ្នកមានហានិភ័យខ្ពស់ក្នុងតំបន់នេះផងដែរ។

សូមជម្រាបជូនថាស្ថានភាពជំងឺកូវីដ-១៩ ក្នុងខេត្តកណ្តាល នៅប៉ុន្មានថ្ងៃចុងក្រោយនេះ មានការកើនឡើងជាគំហុក។ សម្រាប់ខេត្តកណ្តាលថ្ងៃនេះដែរក្រសួងសុខាភិបាលកម្ពុជាប្រកាសរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ២២នាក់ ខណៈដែលថ្ងៃម្សិលមិញ រកឃើញអ្នកវិជ្ជមានកូវីដ-១៩ រហូតដល់ចំនួន ៦៤នាក់។

សូមបញ្ជាក់ថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១នេះ តួលេខជាសរុប កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន ១,៥០៥នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន ៨៤០នាក់, និងអ្នកជំងឺកំពុងសម្រាកព្យាបាលចំនួន ៦៦២នាក់ និងករណីស្លាប់ចំនួន ០១នាក់៕ដោយ -រ៉ាវុធ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner