សម្តេចពិជ័យសេនា ទៀ បាញ់ ណែនាំឱ្យក្រុម​ពេទ្យ​កង​ទ័ពបង្កើនការប្រុងប្រយ័ត្នខ្ពស់ នៅពេលចាក់វ៉ាក់​សាំងកូវីដ១៩

អត្ថបទដោយ៖
ហេង វណ្ណា

ភ្នំពេញ៖ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានណែនាំឱ្យក្រុមគ្រូពេទ្យរបស់កងទ័ពទាំងអស់ មានការប្រុងប្រយ័ត្នខ្ពស់នៅពេលចាក់វ៉ាក់សាំងប ង្ការជំងឺកូវីដ១៩ ជូនដល់កងទ័ពដែលត្រូវទៅទទួលវ៉ាក់សាំង។ ការណែនាំរបស់ សម្តេចពិជ័យសេនា បានធ្វើឡើងបន្ទាប់ពីមាន​ករណីឆ្លងជំងឺ​កូវីដ១៩ ទៅលើទាហានម្នាក់ ឈ្មោះ ដារ៉ា សកល នៅអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ ដែលបានចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ ចំនួន២លើករួចរាល់។ សម្រាប់គ្រូពេទ្យកងទ័ព ដែលទទួលបន្ទុកក្នុងការចាក់វ៉ាក់សាំងនេះ សម្តេចពិជ័យសេនា បានណែនាំឱ្យបង្កើនការប្រុងប្រយ័ត្ន ជាពិសេសនៅពេលសម្ភាសដល់កងទ័ព ដែលទៅចាក់វ៉ាក់សាំង។ សម្តេចបានបន្តថា ក្រុមគ្រូពេទ្យត្រូវតែការពារខ្លួនឱ្យបានម៉តចត់ ទោះបីជាខ្លួនបានចាក់វ៉ាក់សាំងហើយក៏ដោយ ដោយសារតែការចម្លងជំងឺនេះ មិនបានរើសមុខអ្នកចាក់វ៉ាក់សាំង ឬមិនចាក់វ៉ាក់សាំងនោះទេ។

សម្តេចពិជ័យសេនា ក៏បានបានផ្តាំដល់កងទ័ពទាំងអស់ កុំឱ្យមានការធ្វេសប្រហេសឱ្យសោះ ជាពិសេស ត្រូវអនុវត្តវិធាន​ការសុខាភិបាល​ឱ្យបានត្រឹមត្រូវ។ ទន្ទឹមនឹងនេះ សម្តេចជំរុញឱ្យសម្ភាសសួរព័ត៌មានឱ្យបានច្រើនអំពីអ្នក​ជំងឺកូវីដ១៩ថ្មីខាង​លើនេះ ដើម្បីដឹងអំពីប្រភពចម្លងឱ្យច្បាស់លាស់។

គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ១៥០៥នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៨៤០នាក់, អ្នកជំងឺកំពុងសម្រាកព្យាបាលចំនួន ៦៦២នាក់, អ្នកជំងឺម្នាក់ស្លាប់ និង២នាក់ទៀត ស្លាប់ដោយសារការរើថ្នាំញៀនធ្ងន់ធ្ងរ និងស្ទះសរសៃរឈាមបេះដូង ពេលកំពុងទទួលការព្យាបាល​ជំងឺកូវីដ១៩៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner