វ៉ាន វ៉ុន បញ្ជាក់ថា បើជំងឺកូវីដ-១៩ នៅតែអូសបន្លាយយូរទៀត អាត្រាដណ្តើមមេដាយ សង្ឈឹមត្រឹម ៦០% ប៉ុណ្ណោះ

ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ នៃការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជាកំពុងតែបន្តរីករាលដាលកាន់តែច្រើន បានធ្វើអោយក្រសួងអប់រំយុវជន និងកីឡា ប្រកាសផ្អាកការប្រមូលផ្តុំហ្វឹកហាត់ទាំងអស់ ទាំងក្រុមអត្តពលិកមិនពិការ និងក្រុមអត្តពលិកជនពិការ លើគ្រប់ប្រភេទកីឡា ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ។


ក្រោយប្រកាសផ្អាកការហ្វឹកហាត់ តាមការណែនាំរបស់ក្រសួងអប់រំយុវជន និងកីឡា មួយរយៈ ដោយតម្រូវអោយធ្វើការហ្វឹកហាត់ជាលក្ខណៈឯកជន នៅតាមផ្ទះរៀងៗខ្លួន កីឡាករ វ៉ាន វ៉ុន អត្តពលិកកីឡាអត្តពលកម្ម លើវិញ្ញាសាប្រណាំងរទេះ បានអះអាងថា ខ្លួនកំពុងតែបង្កើនការហ្វឹកហាត់ កម្លាំងកាយតាមកម្មវិធីហ្វឹកហាត់ ដែលគ្រូបង្វឹកដាក់ជូន ។


កីឡាករប្រណាំងរទះ ដែលមានសក្តានុពលរូបនេះ បង្ហើបប្រាប់ទៀតថា ការហ្វឹកហាត់នៅផ្ទះ ទោះបីជាខំប្រឹងប្រែងយ៉ាងក៏ដោយ ក៏វាមិនបានល្អដូចការហ្វឹកហាត់នៅទីលានប្រកួតដែរ ពោលការហ្វឹកហាត់ នៅលើទីលានប្រកួតផ្ទាល់វាជាការអនុវត្តជាក់ស្តែង និងមានការណែនាំពីគ្រូបង្វឹក ធ្វើឲ្យបច្ចេកទេសរីកចំរើន ជាពិសេសត្រូវតាមស្តង់ដារប្រកួតលើឆាកអន្តរជាតិ ។


ម្ចាស់មេដាយមាស៣គ្រឿង នៅប្រទេសមីយ៉ានម៉ា ឆ្នាំ២០១៣ វ៉ាន វ៉ុន លើកឡើងទៀតថា ប្រសិនបើស្ថានភាពជំងឺកូវីដ-១៩ នៅតែអូសបន្លាយយូរជាងនេះ ហើយការហ្វឹកហាត់ នៅតែបន្តធ្វើ នៅផ្ទះ អាត្រាប្រជែងមេដាយពីព្រឹត្តិការណ៍ អាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅប្រទេសវៀតណាម គឺមានសង្ឈឹមត្រឹមតែ ៦០%ប៉ុណ្ណោះ ដ្បិតបច្ចុប្បន្នការហ្វឹកហាត់នៅផ្ទះ ធ្វើបានតែកម្លាំងកាយ ដូច្នេះវាប្រឈមខ្លាំងចំពោះការធ្លាក់ចុះសមត្ថភាព ។ បញ្ហាប្រឈមនេះ ធ្វើអោយអត្តពលិកប្រណាំងរទេះ ដែលត្រៀមខ្លួនប្រជែងមេដាយជូនកម្ពុជា បានអំពាវនាវដល់ក្រសួងអប់រំយុវជន និងកីឡា ឲ្យមានវិធានការផ្តល់ការហ្វឹកហាត់សម្រាប់អត្តពលិកឆ្នើមៗ នៅលើទីលាន ជាពិសេសផ្តល់ថវិកាដោះស្រាយជីវភាពជូនក្រុមគ្រួសារ អំឡុងពេលដែលគេផ្តាច់ខ្លួនពីគ្រួសារមកហ្វឹកហាត់ ។


សូមបញ្ជាក់ថា ព្រឹត្តការណ៍ អាស៊ាន ប៉ារ៉ាហ្គេម លើកទី១១ នៅប្រទេសវៀតណាម នៅចុងឆ្នាំ២០២១ខាងមុខនេះ កីឡាករប្រណាំងរទេះ វ៉ាន វ៉ុន បានហ្វឹកហាត់ ត្រៀមលើ៣វិញ្ញាសា គឺវិញ្ញសា ១០០ម៉ែត្រ ២០០ម៉ែត្រ និង ៤០០ម៉ែត្រ ។



គួររំលឹកថា កីឡាករ វ៉ាន វ៉ុន ធ្លាប់ដណ្តើមមេដាយជាច្រើនគ្រឿងជូនកម្ពុចា មានមេដាយមាស ប្រាក់ និងសំរិទ្ធ ក្នុងនោះព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី៦ នៅប្រទេស ឥណ្ឌូនេស៊ី ក្នុងឆ្នាំ២០១១ ដណ្តើមមេដាយសរុប២គ្រឿង ប្រាក់ទាំង២គ្រឿង លើវិញ្ញាសាប្រណាំងរទេះ ១០០ម៉ែត្រ និង២០០ម៉ែត្រ ព្រឹត្តការណ៍ អាស៊ានប៉ារ៉ាហ្គេម លើកទី៧ នៅប្រទេសមីយ៉ាន់ម៉ា ឆ្នាំ២០១៣ ដណ្តើមបានមេដាយសរុប៥គ្រឿង មាស៣ និងប្រាក់២គ្រឿង ព្រឹត្តការណ៍អាស៊ាន ប៉ារ៉ាហ្គេម លើកទី៨ នៅប្រទេសសិង្ហបុរី ឆ្នាំ២០១៥ ដណ្តើមបានមេដាយសំរិទ្ធ១គ្រឿង និង អាស៊ានប៉ារ៉ាហ្គេម នៅប្រទេស ម៉ាឡេស៊ី ក្នុងឆ្នាំ២០១៧ ដណ្តើមបានមេដាយសំរិទ្ធ១គ្រឿង ដោយអាស៊ានប៉ារ៉ាហ្គេម លើកទី១០ នៅប្រទេសហ្វីលីពីន ត្រូវប្រកាសលើកពេលដោយសារតែវិបត្តិកូវីត-១៩ ៕
