វ៉ាក់សាំងកូវីដ១៩ ជាច្រើនទៀត នឹងមកដល់កម្ពុជា ក្នុងរយៈពេល២ទៅ៣សប្តាហ៍ខាងមុខ

អត្ថបទដោយ៖
ហេង វណ្ណា

ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា លើកឡើងថា វ៉ាក់សាំង ប្រឆាំងមេរោគកូវីដ១៩ជាច្រើនទៀត នឹងមកដល់ប្រទេសកម្ពុជា ក្នុងរយៈពេលពី២ ទៅ៣សប្តាហ៍ខាងមុខនេះ។

ប្រមុខការទូតកម្ពុជា ធ្វើឡើងក្នុងឱកាស ជួបសន្ទនាជាមួយ លោកស្រី Louise MUSHIKIWABO អគ្គលេខាធិការអង្គ ការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) អំពីប្រធានបទទាក់ទងនឹងការទទួលបានវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ១៩ ប្រកប ដោយសមធម៌ និងជាសកល ដែលបានធ្វើនៅថ្ងៃអង្គារ ទី១៦ ខែមីនា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។

ឯកឧត្តម ប្រាក់ សុខុន​ បានជម្រាបជូន លោកស្រី Louise MUHSIKIWABO ថា រហូតមកដល់ពេលនេះ កម្ពុជាមានអ្នក កើតជំងឺកូវីដ-១៩ តែម្នាក់គត់ដែលបានបាត់បង់ជីវិត។ វ៉ាក់សាំងដំបូងបង្អស់ដែលទទួលបានក្នុងក្របខណ្ឌ នៃយន្តការ Covax និងអំណោយពីរដ្ឋាភិបាលចិន បានអនុញ្ញាតឱ្យកម្ពុជាចាប់ផ្តើមចាក់វ៉ាក់សាំងដំបូងដល់ប្រជាជន។

លោកស្រីអគ្គលេខាធិការ MUSHIKIWABO បានកោតសរសើរប្រទេសកម្ពុជា ចំពោះការគ្រប់គ្រងជំងឺរាតត្បាតនេះ ប្រកបដោយប្រសិទ្ធភាព។ លោកស្រីបានរំឭក ពីសេចក្តីសម្រេចដែលសមាជិកអង្គការ OIF បានអនុម័តជាឯកច្ឆន្ទ កាលពីខែវិច្ឆិកា ឆ្នាំ២០២០ សំដៅឱ្យសម្រេចបាននូវសាមគ្គីភាពអន្តរជាតិ និងការចែករំលែកវ៉ាក់សាំងប្រកបដោយសមធម៌ នៅក្នុងក្របខ័ណ្ឌនៃយន្តការ Covax និងជាមួយសហភាពអឺរ៉ុប។

រដ្ឋាភិបាលចិន បានសម្រេចផ្តល់ជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជំហានទី២ ចំនួន ៤០ម៉ឺនដូសទៀតដល់កម្ពុជា ដើម្បី ឲ្យគ្រប់ ១លានដូសតាមការសន្យា។ តាមការប្រកាសរបស់ស្ថានទូតចិន ប្រចាំនៅកម្ពុជា នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១។

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បញ្ជាក់ថា ជំនួយរបស់ចិន តាមរយៈ ក្រសួងការពារជាតិជំហានទី២ នឹងមកដល់កម្ពុជា នៅមុនបុណ្យចូលឆ្នាំខ្មែរ ប៉ុន្តែពេលវេលាជាក់លាក់នៅមិនទាន់រៀបចំ នៅឡើយទេ។ វ៉ាក់សាំងដែលចិនផ្តល់ជំនួយមកកម្ពុជានេះ គឺជាវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទស៊ីណូហ្វាម។

តាមរយៈសំឡេងមួយនៅយប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បញ្ជាក់ថា នៅក្នុងពេលខាងមុខកម្ពុជា អាចមានលទ្ធភាពទទួលបានវ៉ាក់សាំងកូវីដ-១៩ ប្រមាណ ១.៥លានដូសទៀត។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner