ឧកញ៉ា ឆាយ សុធា ប្រគល់អំណោយអង្ករ១០តោនជូនដល់ ក្រុមប្រឹក្សាខេត្តព្រៃវែង ទុកចែកជូនពលរដ្ឋធ្វើចត្តាឡីស័ក
ព្រៃវែង៖ លោកឧកញ៉ា ឆាយ សុធា ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង ជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់ត្របែក និងជាសមាជិកក្រុមយុវជនក្រៅប្រទេស ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ ដឹកនាំក្រុមការងារនាំយកអំណោយអង្ករចំនួន ១០តោន ប្រគល់ជូនក្រុមប្រឹក្សាខេត្តព្រៃវែង ដើម្បីទុកជួយសម្រួល ដល់ការលំបាករបស់ប្រជាពលរដ្ឋពេលកំពុងធ្វើចក្តាឡីស័ក។
លោកឧកញ៉ា ឆាយ សុធា អគ្គនាយកក្រុមហ៊ុន Diamond Lucky Asia Co.,Ltd ថ្លែងថា ថ្វីដ្បិតអំណោយនេះតិចតួច មិនច្រើនក្តី តែអាចជួយសម្រួលដល់ប្រជាពលរដ្ឋ ដែលជួបប្រទះនូវការលំបាកក្នុងកំឡុងពេលធ្វើចក្តាឡីស័ក និងព្យាបាលជំងឺកូវីដ១៩ នៅតាមស្រុកមួយចំនួនក្នុងខេត្តព្រៃវែង។
លោកឧកញ៉ា ឆាយ សុធា បញ្ជាក់ថា លោកមិនអាចភ្លេចបានទេសម្រាប់ជីវិតជាក្មេងកំព្រាឪពុក ម្តាយ រស់នៅមណ្ឌលកុមារកំព្រាគៀនឃ្លាំង បន្ទាប់ពីសម័យ ប៉ុលពត។ ជាពិសេសនោះគឺលោកបានរស់នៅធំធាត់ និងរីកចម្រើនដល់សព្វថ្ងៃ ដោយសារតែបានហូបបាយរបស់គណបក្សប្រជាជនកម្ពុជា ដែលជាគុណដ៏ធំធេង មិនអាចបំភ្លេចបានរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឆ្នើមនិងឈ្លាសវៃ ដែលបាននាំមកនូវក្នុងសុខសន្តិភាព និងការអភិវឌ្ឍគ្រប់មូលដ្ឋាន។
លោក ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង បញ្ជាក់ថា ក្នុងនាមក្រុមការងាររាជរដ្ឋាភិបាល ដូចជាប្រធានក្រុមប្រឹក្សាគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង និងដំណាងឱ្យប្រជាពលរដ្ឋដែលកំពុងធ្វើចក្តាឡីស័ក សូមថ្លែងអំណរគុណចំពោះលោកឧកញ៉ា ឆាយ សុធា រួមក្រុមការងារ ដែលតែងតែនឹកឃើញរាល់ការលំបាករបស់ ប្រជាពលរដ្ឋក្នុងភូមិសាស្ត្រខេត្តព្រៃវែង ដែលជួបការលំបាក ជាពិសេសស្ថិតក្នុងដែលប្រទេសជួបការលំបាកក្នុងកំឡុងពេលកើតមានជំងឺកូវីដ១៩។




