រយៈពេល2ខែដើមឆ្នាំ2021 ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារកូរ៉េនៅតែបន្តកើនឡើង

ភ្នំពេញ ៖ ទោះជាស្ថិតនៅក្នុងស្ថានភាពប្រឈមនឹងវិបត្តិកូវីដ-19 ដែលកំពុងបន្តរាតត្បាតជាសាកលយ៉ាងណាក៏ដោយ សម្រាប់ការនាំចេញទំនិញរបស់កម្ពុជាទៅ​កាន់ទីផ្សារប្រទេសកូរ៉េខាងត្បូងនៅតែបន្តមានកំណើន បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ2020កន្លងទៅ។ 

យោងតាមទិន្នន័យពីសមាគមពាណិជ្ជកម្មអន្តរជាតិកូរ៉េ (KITA) បានបង្ហាញថា ចាប់ពីខែមករា ដល់ចុងខែកុម្ភៈ ឆ្នាំ2021 កម្ពុជាបាននាំចេញផលិតផលមានតម្លៃប្រមាណ 64 លានដុល្លារ ទៅកាន់ទីផ្សារកូរ៉េខាងត្បូង កើនឡើងជាង 2.9 ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈដែលកូរ៉េបាននាំចូលមកកាន់ទីផ្សារកម្ពុជាបានមាន​តម្លៃ​ប្រមាណ 93 លានដុល្លារ ធ្លាក់ចុះ3.8 ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ2020។ ពោលគឺទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរសម្រេចបាននូវទំហំទឹកប្រាក់ប្រមាណ 158លានដុល្លារ ថយចុះ 1.1ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

កាលពីដើមខែកុម្ភៈ ឆ្នាំ2021 រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកូរ៉េខាងត្បូង បានប្រកាសបញ្ចប់ការចរចាជាផ្លូវការ នូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា និងប្រទេសកូរ៉េខាងត្បូង (CKTFA) ។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា ឯកឧត្តម ប៉ាន សូរស័ក្តិ បានមានប្រសាសន៍ថា មុនកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ក៏កំណើននៃការនាំចេញរបស់កម្ពុជា ទៅកាន់ប្រទេសកូរ៉េមានប្រមាណ 15 ភាគ​រយ រួចទៅហើយ។ ដោយឡែកតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មនេះ កម្ពុជានឹងអាចនាំចេញទៅកាន់ប្រទេសកូរ៉េ បានទំហំកាន់តែច្រើនជាងមុន ដោយរំពឹងថានឹងកើនឡើងពី 20ទៅ 25ភាគរយក្នុងមួយឆ្នាំ។

ឯកឧត្តមបន្តថា៖«នៅក្នុងអំឡុងខែមិថុនា ឆ្នាំ2021នេះ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា កូរ៉េគ្រោងនឹងចុះហត្ថលេខាជាផ្លូវការ ហើយកិច្ចព្រមព្រៀងនេះដែរ ក៏រំពឹងថានឹងចូលជាធរមានជាផ្លូវការ នៅក្នុងឆ្នាំ2021នេះដែរ ព្រោះថាកម្ពុជា និងកូរ៉េខាងត្បូងនៅមានពេលវេលាដើម្បីធ្វើកិច្ចការនេះ»។

ឯកឧត្តម ប៉ាន សូរស័ក្តិ បានបន្ថែមថា៖«ជាមោទនភាពរបស់ប្រទេសកម្ពុជា ដែលអាចបង្កើតកិច្ច​ព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយបណ្តាប្រទេសមានសេដ្ឋកិច្ចធំៗ ដូចជា ប្រទេសចិន និងប្រទេសកូរ៉េជាដើម ព្រោះថាប្រទេសធំៗ គេតែងចង់បង្កើត​កិច្ចព្រមព្រៀងពាណិជ្ជ​កម្ម​សេរី ជាមួយប្រទេសអភិវឌ្ឍន៍ ខណៈកម្ពុជាជាប្រទេសអភិវឌ្ឍន៍តិចតួចប៉ុណ្ណោះ។ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េនេះ កម្ពុជា នឹងអាច​នាំ​ចេញទៅកាន់ទីផ្សារប្រទេសកូរ៉េកាន់តែច្រើន ដែលអាចបង្កើនទំហំពាណិជ្ជកម្មបានមួយកម្រិតទៀត»៕

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner