សម្តេចតេជោ អញ្ជើញពិនិត្យមើលដំណើរការជួសជុលកែលម្អ ស្តូបព្រះបរមរូបព្រះបរមរតនកោដ្ឋ និងអញ្ជើញពិនិត្យមន្ទីរពេទ្យនគរទេព

ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រទី១៩ ខែមីនា ឆ្នាំ២០២១ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាកច្រកម្ពុជា អញ្ជើញពិនិត្យដំណើរការជួសជុលកែលម្អ ស្តូបព្រះបរមរូបព្រះបរមរតនកោដ្ឋ ស្ថិតនៅលើសួនច្បារខាងកើតវិមានឯករាជ្យ ដែលកំពុងតែដំណើរការជួសជុលកែលំអរ រហូតមកដល់ពេលនេះ បានប្រមាណ៩៥% នឹងគ្រោងឲ្យបានរួចរាល់នៅចុងខែមីនានេះ ។

ស្តូបព្រះបរមរូបសម្ដេចព្រះមហាវីរក្សត្រ សម្ដេចឪ ត្រូវបានបើកសម្ពោធកាលពីថ្ងៃសុក្រ ទី១១ ខែតុលា ឆ្នាំ២០១៣ ព្រះមហាក្សត្រ និងសម្ដេចម៉ែ រួមទាំងសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងនាម៉ឺនសព្វមុខមន្ត្រី បានយាងអញ្ជើញចូលរួមក្នុងពិធីសម្ពោធស្តូបតំកល់ព្រះបរមរូប ព្រះមហាវីរក្សត្រ សម្ដេចព្រះនរោត្តម សីហនុ នៅសួនច្បារខាងកើតវិមានឯករាជ្យ ។

ស្តូបព្រះបរមរូបព្រះបរមរតនកោដ្ឋ ស្ថិតនៅសួនច្បារខាងកើតវិមានឯករាជ្យ ត្រូវបានបញ្ចុះបឋមសិលាសាងសង់កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ឋបណ្ឌិត ។ ស្តូបសម្តេចឪ មានរចនាតាមទម្រង់បុស្បុក មានកម្ពស់សរុប ២៧ម៉ែត្រ គិតពីបាតខាងក្រោមដល់កំពូល រីឯតួព្រះបរមរូប ធ្វើអំពីស្ពាន់មានកម្ពស់ ៤ ម៉ែត្រកន្លះ ទ្រង់ឈរលើព្រះព្នែនមានកម្ពស់ ២ម៉ែត្រ ៧ តឹក សាងសង់នៅលើខឿនរាងចតុកោណកែង មានបណ្ដោយប្រវែង ៥៤ ម៉ែត្រ ទទឹង ២៧ម៉ែត្រ។ ព្រះមហាវីរក្សត្រ ព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ បានយាងចូលព្រះទីវង្គតកាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ ២០១២ នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ក្នុងព្រះជន្មាយុ ៩០ព្រះវស្សា ដោយព្រះរោគគាពាធ ។

សម្ដេចតេជោ ហ៊ុន សែន បានប្រកាសសាងសង់ព្រះបរមរូបព្រះអង្គ ដើម្បីទុកជាមិត្តរូប និងការដឹងព្រះគុណ និងការចងចាំព្រះអង្គ ក្នុងប្រវត្តិសាស្ត្រកម្ពុជា ជារៀងរហូត។ រាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ ២០១៣ ក៏បានចេញនូវសារាចរណែនាំមួយ ស្ដីអំពីការប្រារព្ធ ពិធីគោរពព្រះវិញ្ញាណក្ខន្ធព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ ព្រះបរមរតនៈកោដ្ឋ ជារៀងរាល់ឆ្នាំ ហើយពិធីនេះ ត្រូវបានធ្វើឡើងនៅទូទាំងប្រទេស នៅថ្ងៃទី ១៥ ខែតុលា ជាពិសេស ស្តូបនេះ ត្រូវបានប្រារព្ធឡើងក្នុងពិធីបុណ្យជាតិធំៗ និងពិធីទទួលភ្ញៀវអន្តរជាតិ ជាដើម ។

ដោយឡែកនៅព្រឹកនេះដែរ បន្ទាប់ពីអញ្ជើញពិនិត្យមើលដំណើរការជួសជុលកែលំអរ ស្តូបព្រះបរមរូបព្រះបរមរតនកោដ្ឋរួចហើយ, សម្តេចតេជោ ហ៊ុន សែន នឹងបន្តអញ្ជើញចុះទៅពិនិត្យមន្ទីរពេទ្យនគរទេព ដែលគ្រោងនឹងធ្វើជាមន្ទីរពេទ្យសម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩ មានទីតាំងស្ថិតនៅសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ការរៀបចំមន្ទីរពេទ្យ «នគរទេព» ទៅជាមន្ទីរពេទ្យព្យាបាលជំងឺកូវីដ១៩ថ្មី មួយទៀត មានផ្ទៃដីទំហំ១ហិកតា ៥០អា ទំហំអគារ ២៥០០០មែត្រការេ កំពស់៥ជាន់ មានប្រព័ន្ធទឹក ភ្លើងល្អបំពាក់ប្រព័ន្ធសទ្បា និងមានម៉ាស៊ីនភ្លើងបំរុងកម្លាំង ៣៥០ KWA បំពាក់ដោយម៉ាស៊ីនផ្លាស់ប្ដូរភ្លើងដោយស្វ័យប្រវត្តិ។

មន្ទីរពេទ្យមានចំណុះ សរុប៥០០គ្រែ ដោយអាចរៀបចំជាផ្នែកសង្គ្រោះបន្ទាន់បាន ៨០គ្រែ និងផ្នែកជំងឺធម្មតា៤២០គ្រែ។ មានបំពាក់គ្រឿងឧបករណ៍វេជ្ជសាស្ត្រ និងឧបករណ៍ផ្សេងៗតាមស្តង់ដារជាមន្ទីរពេទ្យសម្ពព និងរោគស្ត្រី។

របាយការណ៍របស់ក្រសួងសុខាភិបាល ដែលទទួលបានបង្ហាញថា គិតត្រឹមថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ ក្រសួងបានចាក់វ៉ាក់សាំងកូវីដ១៩ ស៊ីណូហ្វាម (Sinopharm) និង អាស្រ្តាហ្សេនីកា (Astra Zeneca) ជូនជនស៊ីវិលទូទាំងប្រទេស ចំនួន ១៩៨៤៤៧នាក់ ក្នុងនោះ Sinopharm ដែលបានចាក់សរុបចំនួន៖ ១៤២,៦១៤នាក់ Astra Zeneca ដែលបានសរុបចំនួន៖ ៥៥,៨៣៣នាក់ ។ យោងតាមប្រសាសន៍សម្ដេចតេជោ ហ៊ុន សែន សម្ដេចបានបញ្ជាក់ថា វាក់សាំងប្រភេទ Sinovac ដែលមានចំនួន ១លាន ៥សែនដូស នឹងមកដល់កម្ពុជា នៅថ្ងៃទី ២៦ ខែមីនា ខាងមុខនេះ ។

សូមរម្លឹកថា គិតដល់ថ្ងៃទី១៩ ខែមីនា មានអ្នកឆ្លងវីរុសកូវិដ-19 ចំនួនសរុប ១៥៧៨នាក់ និងអ្នកជាសះស្បើយចំនួន ៩១៧នាក់ អ្នកសម្រាកមន្ទីរពេទ្យ ៦៥៨នាក់ នឹងមានអ្នកស្លាប់ចំនួន ១នាក់ ។តែទោះជាយ៉ាងណា សម្ដេច នៅតែបន្តអំពាវនាវឲ្យប្រជាពលរដ្ឋ ចូលរួមទប់ស្កាត់ការពារការឆ្លងវីរុសដ៏កាចសាហាវនេះ តាមរយៈ ៣កុំ នឹង ៣ការពារ ។ បន្ថែមទៅលើអនុក្រឹត្យ និងច្បាប់ដែលទើបអនុម័តថ្មីៗ ដោយមានទាំងការផាកពិន័យ និងមានទោស រហូតដល់ជាប់ពន្ធនាគារទៀតផង ៕ ដោយលោក ព្រហ្ម វិចិត្រសុភា និងវណ្ណលុក

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner