ជនសង្ស័យជិះម៉ូតូរត់គេច ជ្រុលបុកម៉ូតូជនជាតិចិនបណ្ដាលស្លាប់ ខណៈជនសង្ស័យរងរបួសធ្ងន់ម្នាក់ រត់បាត់ម្នាក់

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ ជនជាតិចិនម្នាក់បានស្លាប់ នៅនិងកន្លែង ខណៈជនសង្ស័យ២នាក់ជិះម៉ូតរត់គេចពីសមត្ថកិច្ចដេញចាប់ ជ្រុលទៅបុកម៉ូតូពេញទំហឹង ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៥:៤៥នាទី ថ្ងៃអាទិត្យ ទី១០ ខែឧសភា ឆ្នាំ២០២០ ត្រង់ចំណុចផ្លូវបែកជាបួន មុខហាងលក់រថយន្ត តាំងប៊ុនហេង តាមបណ្តោយផ្លូវ ១៨២កែងផ្លូវ២២៣ ស្ថិតនៅក្នុងសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក ។

តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះជាជនជាតិចិនដែលស្លាប់ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ជិះម៉ូតូម៉ាកCUB ស៊េរីថ្មី ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ភ្នំពេញ1HN-1339 ជាអ្នកលក់តៅហ៊ូ ។ ចំណែកឯភាគីម្ខាងទៀតជិះគ្នា២នាក់ ម៉ូតូម៉ាកឌ្រីមសង់ C125 ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1ID-9154 រងរបួសធ្ងន់ម្នាក់ និងស្រាលម្នាក់ ។

ប្រភពបន្តឲ្យដឹងថា មុនកើតហេតុគេឃើញមានម៉ូតូ៣គ្រឿងប្រដេញគ្នា ដោយម៉ូតូភាគីខាងម៉ូតូឌ្រីមសង់រងរបួស បានធ្វើដំណើនៅពីមុខគេ តាមបណ្ដោយផ្លូវ១៨២ ក្នុងទិសដៅពីលិចទៅកើត រីឯជនរងគ្រោះដែលស្លាប់ ជិះតាមបណ្ដោយផ្លូវ ២២៣ ទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុច ផ្លូវបែកជាបួន ក៏ត្រូវម៉ូតូឌ្រីមសង់បុកម៉ូតូរងគ្រោះពេញទំហឹង បណ្តាលបុរសជនជាតិចិនស្លាប់នៅនិងកន្លែងតែម្ដង ។ រីឯអ្នកបើកម៉ូតូឌ្រីមរងរបួសស្រាលម្នាក់ បានរត់គេចពីកន្លែងកើតហេតុបាត់ និងអ្នករងរបួសធ្ងន់ ត្រូវរថយន្តសង្គ្រោះមកដឹកទៅមន្ទីរពេទ្យ ។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានចុះមកដល់ហើយត្រួតពិនិត្យមើលសពរួច ប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកឯម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅស្នងការដ្ឋានរាជធានីភ្នំពេញ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner