ប្រទះឃើញសត្វទន្សោង១ក្បាលនិងសត្វត្រយង២ក្បាលត្រូវបានគេសម្លាប់នៅក្នុងដែនជម្រកសត្វព្រៃក្នុងខេត្តព្រះវិហារ

ដោយ៖ម៉ាដេប៉ូ

រាជធានីភ្នំពេញ៖ សត្វទន្សោងមួយក្បាល និង សត្វ និងសត្វត្រយងយក្សពីរក្បាលត្រូវបានគេប្រទះឃើញស្លាប់ បន្ទាប់ពីពេលដែលក្រុមជនខិលខូចសម្លាប់នៅក្នុងថ្ងៃតែមួយនាសប្តាហ៍នេះនៅក្នុងដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព និងដែនជម្រកសត្វព្រៃឆែបស្ថិតក្នុងភូមិសាស្ត្រខេត្តព្រះវិហារ។

តាមរយៈការបាត់បង់សត្វដ៏កម្រនេះដែរក្រសួងបរិស្ថាន និងអង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា (WCS) បានសម្តែងការសោកស្តាយ ហើយអំពាវនាវឱ្យពលរដ្ឋបញ្ឈប់ការបរបាញ់សត្វ និងដាក់អន្ទាក់សត្វព្រៃបន្តទៀត ហើយរួមគ្នាមកអភិរក្សសត្វព្រៃដ៏កម្រទាំងនេះឱ្យបានឋិតថេរគង់វង្សដើម្បីមនុស្សជំនាន់ក្រោយ។          ជាមួយគ្នាក្រសួងបរិស្ថានបាន ដាស់តឿនដែរថា សកម្មភាពបរបាញ់និងដាក់អន្ទាក់សត្វព្រៃនេះជាអំពើល្មើសច្បាប់ដែលត្រូវផ្ទន្ទាទោស។

 បើយោងតាមសេចក្តីថ្លែងការរួមរបស់ក្រសួងបរិស្ថាន និង អង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា (WCS)បានឱ្យដឹងថា សាកសពសត្វទន្សោងដែលត្រូវបានគេសម្លាប់នេះ ត្រូវបានសហគមន៍ប្រទះឃើញក្នុងកំឡុងពេលពួកគាត់ដើរល្បាតព្រៃកាលពីថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០២១ នៅភូមិសំបូរ ឃុំស្រយ៉ង់ ស្រុកគូលែន ក្នុងភូមិសាស្ត្រដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព ដោយជនខិលខូចបានពន្លះយកសាច់អស់បន្សល់ទុកតែគ្រោងឆ្អឹង ស្បែក និងជើង ហើយទំនងជាបម្រុងដុតកម្ទេចចោលដើម្បីបំបាត់ភស្តុតាង។ ចំណែកឯ សាកសពសត្វត្រយ៉ងយក្សទាំងពីរក្បាល ត្រូវបានសហគមន៍ប្រទះឃើញស្លាប់នៅលើដើមឈើដោយជើងជាប់ខ្សែអន្ទាក់ នៅភូមិដងផ្លិត ឃុំឆែបពីរ ស្រុកឆែប។ សត្វត្រយងយក្សទាំងពីរក្បាលនោះទំនងជាជាប់អន្ទាក់ព្រាននៅមាត់បឹងក្បែរនោះ ហើយខំប្រឹងហើរបង្រះដាច់ខ្សែអន្ទាក់ ហើយទៅទាក់ជាប់នឹងមែកឈើ ហើរទៅទៀតមិនរួច។

សត្វត្រយងយក្ស មានឈ្មោះវិទ្យាសាស្ត្រថា Thaumatibis gigantea គឺជាបក្សីនិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា។ សត្វនេះត្រូវបានចាត់ថ្នាក់ជាប្រភេទជិតផុតពូជបំផុតនៅលើពិភពលោក និងជាប្រភេទសត្វត្រូវការពារនៅក្នុងប្រទេសកម្ពុជា។ ទោះបីជាក្នុងរយៈពេលកន្លងមក សត្វនេះមានវត្តមានច្រើនក្នុងតំបន់អាស៊ីអាគ្នេយ៍ក្តី ក៏ប៉ុន្តែបច្ចុប្បន្នសត្វនេះ មានវត្តមានតែក្នុងប្រទេសកម្ពុជាប៉ុណ្ណោះ ហើយត្រូវបានគេគិតថា ចំនួនរបស់វានៅសល់តិចជាង ៣០០ក្បាល។

សត្វទន្សោង ត្រូវបានកត់ត្រាក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទជិតពូជនៅលើពិភពលោក។ ចំនួនសត្វទន្សោងបានថយចុះយ៉ាងច្រើនក្នុងរយៈពេលពីរបីទសវត្សរ៍ចុងក្រោយនេះ ដោយសារការបាត់បង់ទីជម្រកនិងការបរបាញ់យកសាច់និងស្នែង។ យោងតាមទិន្នន័យរបស់អង្គការ IUCN ចំនួនសត្វទន្សោងត្រូវបានគេប៉ាន់ស្មានថានៅសល់ប្រមាណ ៤០០០ក្បាល នៅលើពិភពលោក។ សត្វទន្សោងនៅទូទាំងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន ទំនងជាមានតិចជាង ១.៥០០ក្បាល។

  ជាមួយគ្នានេះក្រសួងបរិស្ថាន និងអង្គការ WCS បានអំពាវនាវដល់សាធារណជនទូទៅ មេត្តាចូលរួមការពារនិងអភិរក្សប្រភេទសត្វព្រៃកម្រទាំងនេះឱ្យបានឋិតថេរគង់វង្សដើម្បីមនុស្សជំនាន់ក្រោយ។ ជាពិសេស សូមជនខិលខូចទាំងឡាយបញ្ឈប់សកម្មភាពបរបាញ់និងដាក់អន្ទាក់សត្វព្រៃនេះជាបន្ទាន់ ព្រោះវាជាអំពើល្មើសច្បាប់។

 ពាក់ព័ន្ធក្នុងរឿងនេះដែរក្រសួងបានស្នើសុំដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងភាគីពាក់ព័ន្ធ សូមជួយបន្តអប់រំផ្សព្វផ្សាយនិងពង្រឹងការអនុវត្តច្បាប់ឱ្យបានកាន់តែប្រសើរឡើងថែមទៀតដើម្បីការពារនិងអភិរក្សព្រៃឈើ និងសត្វព្រៃជាពិសេសប្រភេទសត្វកម្រឱ្យបានគង់វង្ស៕

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner