សហភាពសហព័ន្ធយុវជនកម្ពុជាក្រុងបានលុង បើកយុទ្ធនាការផ្សព្វផ្សាយពីការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩
រតនគិរី : ឆ្លើយតបនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ដែលកំពុងតែមានការរីករាលដាល ជំងឺកូវីដ-១៩ ក្នុងសហគមន៍ ពីមួយថ្ងៃទៅមួយថ្ងៃមានការកើនឡើងគួរអោយព្រួយបារម្ភ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ សហភាពសហព័ន្ធយុវជនកម្ពុជា ក្រុងបានលុងដឹកនាំដោយលោក ងិន ណែល អភិបាលក្រុងបានលុង បានបន្តបើកយុទ្ធនាការផ្សព្វផ្សាយអប់រំណែនាំពីវិធាន ការទប់ស្កាត់ជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋក្នុងក្រុង ដូចជាមហាជនទូទៅបានយល់ជ្រួតជ្រាប និង ចូលរួមទាំងអស់គ្នា ការពារទប់ស្កាត់ជំងឺកូវីដ-១៩ កុំអោយមានការឆ្លងចូលមកសហគមន៍ក្នុងខេត្តរតនគិរី។
លោក ងិន ណែល ថ្លែងថា យុទ្ធនាការនេះធ្វើឡើងតាមទីតាំងសំខាន់ៗដូចជាក្នុងទីប្រជុំជនផ្សារក្រុងបានលុងតាមដងផ្លូវ នានាជុំវិញក្រុង តាមរយៈឧបករណ៍បំពងសំលេងលើរថយន្ត, ការអប់រំផ្ទាល់មាត់ និងការចែកម៉ាស់ចែកខិតប័ណ្ណអប់រំ ជូន ប្រជាពលរដ្ឋទូទៅ។
អភិបាលក្រុង បន្តថាយុទ្ធនាការផ្សព្វផ្សាយ គឺបញ្ជ្រាបការយល់ដឹង ហើយឲ្យមហាជនចូលរួមទប់ស្កាត់ការរីករាលដាលនៃ ជំងឺកូវីដ-១៩នេះបន្តទៀត។ ព្រោះថាជំងឺ កូវីដ-១៩ នៅតែបន្តការឆ្លងរីករាលដាលក្នុងសហគមន៍នៅតាមបណ្តារាជធានី ខេត្តមួយចំនួន កើនឡើងជាបន្តបន្ទាប់ហើយ បញ្ហាកូវីដ-១៩នេះ មិនមែនជារឿងរបស់បុគ្គលណាម្នាក់នោះទេ ប៉ុន្តែវាជារឿង របស់យើងទាំងអស់គ្នា ដែលត្រូវចូលរួមទប់ស្កាត់ការឆ្លង និងចម្លងពីវីរុសកូវីដ-១៩នេះគ្រប់ៗគ្នា។ ប្រសិនបើសហគមន៍ណា មួយបានឆ្លង អ្នកឆ្លងម្នាក់ វានឹងបន្តឆ្លងទៅអ្នកដទៃជាក់ជាមិនខាន។
ខេត្តរតនគិរីមិនមានករណីអ្នកផ្ទុកជំងឺកូវីដ-១៩នោះទេ ។ ដោយឡែកនៅព្រះរាជាណាចក្រកម្ពុជាគិតត្រឹមថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ មានអ្នកឆ្លងសរុប១,៥៧៨នាក់ អ្នកជាសះស្បើយចំនួន៩១៧នាក់,អ្នកកំពុងសម្រាកព្យាបាល៦៥៨នាក់ និងអ្នកស្លាប់១នាក់៕





