កម្ពុជាមានសត្វទន្សោងប្រមាណ១៥០០ ក្បាល ខណៈនៅលើពិភពលោកនៅសល់ប្រមាណ ៤០០០ក្បាល

ដោយ​៖​ម៉ា​ដេប៉ូ​
រាជធានី​ភ្នំពេញ​៖ សត្វ​ទន្សោង​នៅ​ទូទាំងប្រទេស​កម្ពុជា​នាពេល​បច្ចុប្បន្ន ទំនង​ជាមាន​តិចជាង ១.៥០០​ក្បាល​។​ដោយឡែក​បើ​ផ្អែក​តាម​តាម​ទិន្នន័យ​របស់​អង្គការ IUCN​វិញ ចំនួន​សត្វ​ទន្សោង​ត្រូវបាន​គេ​ប៉ាន់​ស្មានថា​នៅសល់តែ​ប្រមាណ ៤០០០​ក្បាល នៅលើ​ពិភពលោក​ប៉ុណ្ណោះ​។ នេះ​បើតាម​ការ​ឱ្យដឹងពី​សំណាក់ ឯកឧត្តម នេត្រ ភក្ត្រា មន្ត្រី​នាំពាក្យ និង ជា​រដ្ឋលេខាធិការ ក្រសួងបរិស្ថាន​។​


​ ​ បញ្ជាក់​​នៅ​ថ្ងៃទី​២០​ខែ មីនា ​ឆ្នាំ​ ២០២១​នេះ ឯកឧត្តម នេត្រ ភក្ត្រាបាន ឱ្យដឹង ថា​ចំនួន​សត្វ​ទន្សោង​បាន​ថយចុះ​យ៉ាងច្រើន​ក្នុង​រយៈពេល​ពីរ​បី​ទសវត្សរ៍​ចុងក្រោយ​នេះ ដោយសារ​ការបាត់បង់​ទីជម្រក​និង​ការ​បរបាញ់​យក​សាច់​និង​ស្នែង​។​
​ ​ ជាមួយ​ការបញ្ជាក់​បែបនេះ​ ឯកឧត្តម ​រដ្ឋលេខាធិការ​ក៏បាន​បង្ហាញ តាមរយៈ​រូបភាព​ដែល​ថត​ដោយ​ម៉ាស៊ីន​ថត​ស្វ័យប្រវត្តិ​ពី​ហ្វូង​សត្វ​ទន្សោង​ក្នុង​ដែនជម្រកសត្វព្រៃ​ក្នុង​ខេត្តព្រះវិហារ ដែល​ថត​បាន​កាលពី​ថ្ងៃ​ទី​១៩ ខែមីនា ឆ្នាំ​២០២១​កន្លងមក​។​រូបភាព​នេះ​បញ្ជាក់ថា​សត្វ​ទន្សោង​នៅ​កម្ពុជា​រស់នៅ​បា​សុខសាន្ត​ឡើងវិញ​បន្ទាប់ពី​ពេលដែល​មានការ​អភិរក្ស​និង​កិច្ចការពារ​យ៉ាង​យកចិត្តទុកដាក់​ពី​សំណាក់ រាជរដ្ឋាភិបាល ក្រសួងបរិស្ថាន អង្គការ​ជា​ដៃគូរ​និង​ពិសេស​ប្រជា​សហគមន៍​រស់នៅ​តំបន់​នោះ​ផ្ទាល់​តែម្តង​។​
​ ​ឯកឧត្តម រដ្ឋលេខាធិការ បានបញ្ជាក់​ឱ្យដឹង​បន្ថែម​ដែរ​ថាស​ត្វ​ទន្សោង ត្រូវបាន​គេ​កត់ត្រា​ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ IUCN ជា​ប្រភេទ​ជិត​ពូជ​នៅលើ​ពិភពលោក​។​
​ឯកឧត្តម ​រដ្ឋលេខាធិកា​រ ​បាន​សង្កត់​ធ្ងន់​ថា​”​យើង​សង្កេតឃើញថា​នៅក្នុង​ដែនជម្រកសត្វព្រៃ​នានា​នៅ​កម្ពុជា​ប្រភេទ​សត្វ​កម្រ​មួយចំនួន​មាន​កំណើន​ឡើង​ក្នុងនោះ​សត្វ​ទន្សោង​នៅក្នុង​ដែនជម្រកសត្វព្រៃ​នៅ​ព្រះវិហារ ហើយ​តំបន់​ខ្លះ​មាន​ចំនួន​នៅ​ឋិតថេរ និង​ខ្លះ​មានការ​ថយចុះ​។ សត្វ​ដែល​ឃើញ​មានការ​កើន​ដែរ​ដូចជា​សត្វ​ជ្រូកព្រៃ និង​ប្រភេទ​សត្វ​មួយចំនួនទៀត​។ កំណើន​វត្តមាន​សត្វព្រៃ​នៅក្នុង​តំបន់ការពារធម្មជាតិ​នេះ ដោយសារតែ​លទ្ធផល​នៃ​ការការពារ​និង​អ​ភោ​រក្ស​ធនធានធម្មជាតិ ព្រៃឈើ​ដែលជា​ជម្រក​របស់​ព​ពួ​ល​សត្វព្រៃ​មាន​ភាពប្រសើរឡើង ការអនុវត្ត​ច្បាប់​កាន់​តែមាន​ប្រសិទ្ធភាព​”​។

​ជាមួយគ្នានេះ​ឯកឧត្តម​រដ្ឋលេខាធិកា​រ​បាន​ចាត់ទុកថា​អន្ទាក់​ដែលជា​ឃាតក​លាក់​មុខ​សម្លាប់សត្វ​ត្រូវបាន​មន្ត្រី​ឧ​ទ្យា​នុ​រក្ស សត្ត​រក្ស និង​ប្រជា​សហគមន៍​តំបន់ការពារធម្មជាតិ​បាន​ចូលរួម​ដោះ និង​កម្ទេចចោល​។ សត្វព្រៃ​ជាច្រើន​ពាន់​ក្បាល​ត្រូវបាន​ជួយសង្គ្រោះ​និង​ដោះលែង​ចូល​ក្នុងព្រៃ​ធម្មជាតិ​វិញ ហើយ​សត្វព្រៃ​មួយចំនួន​ដែលមាន​សុខភាព​មិនល្អ ក្រសួងបរិស្ថាន​បាន​សហការ​ជាមួយ​ដៃគូរ​ដើម្បី​ថែរក្សា​ព្យាបាល​ឱ្យ​ជាមាន​សុខភាព​ល្អ ទើប​ប្រលែង​ចូល​ក្នុងព្រៃ​ធម្មជាតិ​ដែល​ជាទី​សុវត្ថិភាព​។ ឆ្នាំ​២០២០​កន្លងទៅ អន្ទាក់​ជិត ៥០០០០ ត្រូវបាន​ដោះចេញ​ពី​ក្នុង​តំបន់​ព្រៃ​អភិរក្ស​។
​ឯកឧត្តម​រដ្ឋលេខាធិកា​របា​ន​មានប្រសាសន៍​ជុំវិញ​បញ្ហា​នេះ​ថា​” ក្នុងនាម​ស្ថាប័ន​អ្នក​អភិរក្ស​ធនធានធម្មជាតិ និង​អង្គការ​ដៃគូ​ដែល​បាន​សហការគ្នា​ក្នុងការ​ការពារ​និង​អ​ភោ​រក្ស​ធនធានធម្មជាតិ យើង​ពិត​ជាមាន​មោទកភាព​ដែល​ឃើញ​វត្តមាន​សត្វព្រៃ​កើនឡើង​នៅក្នុង​តំបន់ការពារធម្មជាតិ​”​។

ទន្ទឹម​ជាមួយគ្នានេះ មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងបរិស្ថាន​រូបនេះ​បានលើកឡើង​ផង​ថា “​ខ្ញុំ​សូម​អំពាវនាវ​ដល់​ប្រជាជន​កម្ពុជា​ទាំងអស់ សូម​ចូលរួម​ទាំងអស់គ្នា​ដើម្បី​បញ្ឈប់​ការ​បរ​បា​គ់​សត្វព្រៃ ការដាក់​អន្ទាក់​សត្វព្រៃ បញ្ឈប់​ការបរិភោគ​សាច់សត្វ​ព្រៃ ការប្រើប្រាស់​ផលិតផល​ពី​សត្វព្រៃ ការជួញដូរ​សត្វព្រៃ​គ្រប់​ប្រភេទ ហើយ​មក​ចូលរួម​ការពារ និង​ថែរក្សា​ធនធានធម្មជាតិ​របស់​កម្ពុជា​ឲ្យ​នៅ​ស្ថិតស្ថេរ​សម្រាប់​អនាគត​យើង និង​កូនចៅ​យើង​ទាំងអស់​”​។​
ពាក់ព័ន្ធក្នុងរឿងនេះ ឯក​ឧ​ត្ត រដ្ឋលេខាធិការ បានមានប្រសសន៍បន្ថែម​ថា​នេះ​គឺជា​លទ្ធផល​នៃ​កិច្ចប្រឹងប្រែង​រួមគ្នា​ពី​សំណាក់​មន្ត្រី​នៃ​ក្រសួងបរិស្ថាន អង្គការ​ដៃគូ ដៃគូ​អភិវឌ្ឍន៍ សហគមន៍​តំបន់ការពារធម្មជាតិ និង​ស្ថាប័ន​ពាក់ព័ន្ធ​នានា​ដែល​បាន​ពួតដៃគ្នា​ក្នុងការ​គ្រប់គ្រង​និង​អភិរក្ស​ធនធានធម្មជាតិ​ដោយ​ឈរលើ​មូលដ្ឋាន​អនុវត្ត​ច្បាប់​ជា​ធរមាន ការ​រួមគ្នា​ទទួលខុស​ត្រូវ និង​ជា​កិច្ចសហការ​ប្រកបដោយ​ភាពស្មោះត្រង់ និង​ស្ថាបនា​។ រាល់​សកម្មភាព​ទាំងនេះ​នឹង​ជួយ​ការពារ​ទាំង​សុខភាព សុខមាលភាព​របស់​ម​នុស្ស និង​សត្វ ជីវចម្រុះ ព្រម​បរិស្ថាន​ទាំងអស់​ដែល​នៅ​ជុំវិញ​យើង ក៏ដូចជា​ចូលរួម​ទប់ស្កាត់ ហានិភ័យ​នៃ​ការបាត់បង់​ជីវៈចម្រុះ និង ការ ប្រែប្រួល​អាកាសធាតុ ជា ដើម​។ ដើម្បី​អនាគត​មនុស្សជាតិ យើង​ត្រូវ​រួមគ្នា​ការពារ​និង​អភិរក្ស​ធនធានធម្មជាតិ​។


​ គួរបញ្ជាក់​ថា​សត្វ​ទន្សោង​គេ​ឃើញ​វា​រស់នៅ​រាយប៉ាយ​ស្ទើរ​គ្រប់​ទីកន្លែង​មានដូចជា​តំបន់​ភូមិភាគ​ឦសាន និរតី និង​ភាគ​ខាងជើង​នៃ​ប្រទេស​កម្ពុជា​។ វា​មាន​ផងដែរ​នៅ​ភូមា ឡាវ ម៉ាឡេស៊ី វៀតណាម និង​ថៃ​។
​ ទន្សោង​ក្មេង​មាន​សម្បុរ​ក្រហម​ត្នោត​ស្រាល វា​ប្រែប្រួល​ទៅជា​ពណ៌​ក្រហម​ត្នោត​ប្រផេះ ឬ​ក្រហម​ត្នោត​ចាស់​នៅពេល​វា​ចំណាស់​បន្តិច​។ ជើង​ទាំង​បួន​ខាងក្រោម​ជង្គង់​មាន​ពណ៌​ស​ដូច​ខ្ទីង និង​គោព្រៃ​ដែរ ប៉ុន្តែ​វា​មាន​ចំនុច​មួយ​ដែល​ប្លែក​ពី​គេ​គឺ​ពណ៌​ស​នៅ​ផ្នែក​ខាងក្រោយ​ត្រង់​កំពែង​គូទ​។ ស្នែងទន្សោង​មាន​រាង​មូល​ជាង​ស្នែង​ខ្ទីង មាន​ពណ៌​លឿង​ស្រគាំ នៅ​ផ្នែក​ពាក់កណ្តាល ចុះក្រោម ហើយ​ចុង​ស្នែង​ពណ៌​ខ្នៅ​។​


​ តាមពិត​សត្វ​ទន្សោង​ចូលចិត្ត​រស់នៅ​តំបន់​ព្រៃ​ល្បោះ វាលស្មៅ ព្រៃ​គម្ពោត​ជាដើម និង​ចូលចិត្ត​រកស៊ី​នៅតាម​មាត់​អូរ​។ វា​មិនសូវ​រស់នៅ​តំបន់​មាន​ទី​ជម្រាល​ប៉ុន្មាន​នោះទេ​។ សត្វ​ប្រភេទ​នេះ​វា​ចូលចិត្ត​រស់នៅ​ជា​ហ្វូងៗ ឬ​នៅ​ជាមួយ​គោព្រៃ ប្រើស ខ្ទីង​ជាដើម​។ ទន្សោង​ចេញ​រកស៊ី​នៅពេល​ព្រលឹម និង​ពេល​ព្រលប់​។ ជាធម្មតា​ទន្សោង​មេ​ចាស់​ជាងគេ តែងតែ​ជា​អ្នកដឹកនាំ​ហ្វូង​។ ទន្សោង​បន្ត​ពូជ​នៅ​ខែឧសភា​ដល់​មិថុនា និង​អាច​បង្កើតកូន​បាន ១-២​ក្បាល បន្ទាប់ពី ពពោះ រយៈពេល ១០​ខែ ហើយ​មេ​អាច​ដោយ​ឈ្មោល​ម្តងទៀត​ក្រោយពេល​កើតកូន​បាន​២​ខែ​។​
ដោយឡែក បើតាម​លោក សេង ទៀក នាយក​អង្គ​ការ​WWF​បានឱ្យដឹង​នា​កន្លងមក​ថា​ក្នុងខណៈពេល ដែល​ចំនួន​សត្វ​ទន្សោង នៅ​កម្ពុ​ជាមាន​ការថយចុះ​នោះ នៅក្នុង​បណ្តាល​ប្រទេស​នានា​លើ​សកលលោក​ក៏មាន​ការថយចុះ​ដូចគ្នា​។ កក្តា​ដែល​ធ្វើ​ឲ្យ​សត្វ​ទាំងនេះ​មានការ​ថយចុះ​ដោយសារ​អន្ទាក់ ការ​ប្រ​ម៉ាញ់​ខុសច្បាប់​ក្នុង​អតីតកាល​និង​បច្ចុប្បន្ន ការជួញដូរ​សត្វព្រៃ​ខុសច្បាប់ ការអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ ការទន្ទ្រាន​យក​ដីព្រៃ​ខុសច្បាប់​និង​ការ​បំ​លែង​ដីព្រៃ​។
​ លោ​កថា​ជាង​នេះ​ការ​បរបាញ់​ខុសច្បាប់​និង​វិបត្តិ​នៃ​ការដាក់​អន្ទាក់​ដែល​ជម្រុញ​ដោយ​ការ​ជូ​ញ​ដូរ​សត្វព្រៃ​ខុសច្បាប់ ជា​មូលហេតុ​ចំបង​ដែល​បណ្តាល​ឲ្យ​ចំនួន​សត្វ​ក្រចកជើង​ចំ​ពាម​នេះ​ធ្លាក់ចុះ​។ ក្នុង​កំឡុង​ពេញ​មួយ​ទស្សវត្ស​នេះ​អត្រា​នៃ​ការរកឃើញ​អន្ទាក់​មាន​ចំនួន​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​ហើយ​ពេល​ថ្មីៗ​ក៏ មាន​ការប្រើ​វិធីសាស្ត្រ​ប្រមាញ់​ខុសច្បាប់​ផ្សេងៗ​ទៀត​ដែល​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​សត្វព្រៃ​៕

​

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner