សមត្ថកិច្ចចម្រុះស្រុកបាកាន ចុះបង្ក្រាបការលួចដាំដើមកញ្ឆា និងរកឃើញអាវុធកែច្នៃមួយដើម
ខេត្តពោធិ៍សាត់៖ សមត្ថកិច្ចចម្រុះស្រុកបាកានចុះបង្ក្រាបការលួចដាំដើមកញ្ឆា និងបានរកឃើញអាវុធកែច្នៃមួយដើមផងដែរ។ កិច្ចប្រតិបត្តិការខាងលើនេះបានធ្វើឡើងនៅវេលាម៉ោង២ និង ២០នាទីរសៀលថ្ងៃទី៧ ឧសភា ២០២០ នៅចំណុចដីឡូត៍របស់ឈ្មោះ សួនស៊ីម ភេទស្រី អាយុ ៥៣ឆ្នាំ រស់នៅក្នុងភូមិ ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់។
អធិការនគរបាលស្រុកបាកាន បានឲ្យដឹងថា ជនសង្ស័យដែលបានលួចដាំដើមកញ្ឆាឈ្មោះ ពេញ ពិសិដ្ឋ ហៅពេជ្រ ភេទប្រុស អាយុ ៣២ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិ ឃុំ ស្រុក កើតហេតុខាងលើ។ ជាលទ្ធផលនៃការបង្ក្រាប់ខាងលើនេះ កម្លាំងបានធ្វើការដកកំទេចចោលរួមមានដើមកញ្ឆាស្រស់ចំនួន១៤៧ដើម ដកហូតកញ្ឆាក្រៀមបានចំនួនមួយខាំ យកដុតបំផ្លាញចោល និងកាំភ្លើងកែឆ្នៃមួយដើមផងដែរ។
ចំពោះជនសង្ស័យដែលជាម្ចាស់ដាំដើមកញ្ឆា ខុសច្បាប់នេះបានរត់គេចខ្លួនបាត់។ ដោយឡែកអាវុធកែឆ្នៃដែលជាវត្ថុតាងត្រូវបានដកហូត បញ្ជូនមកអធិការនគរបាលស្រុកបាកាន ដើម្បីរក្សាទុកបណ្ដោះអាសន្នសិន៕ ដោយ សុក្ខារិន