រដ្ឋមន្រ្តីក្រសួងធម្មការ ស្នើឲ្យតុលាការចាត់វិធានការផ្លូវច្បាប់ចំពោះលោក ផែង វណ្ណៈ ក្រោមការចោទប្រកាន់ពីបទប្រមាថចំពោះព្រះសង្ឃ
ភ្នំពេញ៖ លោក ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនាកម្ពុជា ធ្វើលិខិតមួយ ស្នើដល់ព្រះរាជអាជ្ញាអមសាលា ដំបូងខេត្តកណ្តាល ឱ្យចាត់វិធានការផ្លូវច្បាប់ចំពោះ លោក ផែង វណ្ណៈ ដែលបានប្រើប្រាស់ពាក្យសម្តី និងសំណេរ ប្រមាថ ដល់អាយុជីវិតរបស់ ព្រះមហាវិមលធម្ម ពិន សែម។
រដ្ឋមន្រ្តីក្រសួងធម្មការ ផ្ញើទៅកាន់ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១នេះ បញ្ជាក់ថា រដ្ឋមន្រ្តីក្រសួងធម្មការ បានស្នើតុលាការចាត់ការតាមផ្លូវច្បាប់ចំពោះលោក ផែង វណ្ណៈ ចំនួន៣បទល្មើស រួមមានបទ៖ ប្រមាថចំពោះព្រះសង្ឃ តាមមាត្រា៥១៦, បទញុះញង់ឱ្យមានការរើសអើង តាមមាត្រា ៤៩៦ និងបទគម្រាមកំហែងថានឹងសម្លាប់ តាមមាត្រា២៣៣ នៃក្រមព្រហ្មទណ្ឌកម្ពុជា។
កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ ឈ្មោះ ផែង វណ្ណៈ បានធ្វើការបង្ហោះ វីដេអូផ្សាយផ្ទាល់(Live) លើផេករបស់ខ្លួនដែលមានឈ្មោះ Pheng Vannak News ដោយបានជេរប្រមាថមកលើព្រះសង្ឃ និងពោលពាក្យគម្រាមកំហែងញុះញង់ឱ្យមានការរើសអើងចំពោះព្រះសង្ឃ ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ មិនតែប៉ុណ្ណោះបានប្រមាថយ៉ាងធ្ងន់ធ្ងរដល់អាយុជីវិតរបស់អ្នកបួស ដោយបាននិយាយថា «ប្រសិនបើវាយកូនខ្ញុំបែបនេះ ខ្ញុំអត់ទៅប្តឹងទេ ខ្ញុំទៅបាញ់ចោលតែម្ដង ចំពោះអ្នកប្រព្រឹត្ត» ដែលជាចេតនាគម្រាមកំហែងថានឹងសម្លាប់ ដែលមានបញ្ញត្តិក្នុងក្រមព្រហ្មទណ្ឌ និងចោទបន្ថែមលើព្រះគ្រូ ចៅអធិការវត្តបូណ៍នូវពាក្យមិនពិតដោយពោលថា «លោកជាជនរងគ្រោះ រត់គេចខ្លួន ព្រោះខ្លាចគេតាមធ្វើបាប មិនហ៊ានចូលផ្ទះទៀតផង» និងវាយប្រហារមន្ត្រីថេរសភាសង្ឃខេត្ត ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្ដីថ្លៃថ្នូរ ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋយ៉ាងខ្លាំង។
ពាក់ព័ន្ធនឹងករណីនេះ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ កន្លងទៅ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន សម្រេចលុបអាជ្ញាបណ្ណសារព័ត៌មានរបស់ លោក ផែង វណ្ណៈ ខណៈពុទ្ធសាសនិកមួយចំនួនទៀតទាមទារឱ្យចាត់វិធានការ ផ្លូវច្បាប់បន្ថែ។
ទោះជាយ៉ាងនេះក្រៅពីធ្វើលិខិតសុំទោសជាសាធារណៈនាថ្មីៗនេះ លោក ផែង វណ្ណៈ បានទៅកាន់វត្តបូណ៍ ដើម្បីសុំទោស ព្រះមហាវិមលធម្ម ពិន សែម ចំពោះទង្វើប្រមាថរបស់លោកចំពោះព្រះអង្គ ៕

