ក្រុមហ៊ុនជីបម៉ុងគ្រុប ឧបត្ថម្ភថវិកា១០ម៉ឺនដុល្លារ ដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ
ក្រុមហ៊ុន ជីប ម៉ុង គ្រុប នៅថ្ងៃទី២២មីនា ឆ្នាំ២០២១ បានឧបត្ថម្ភថវិកាចំនួន១០ម៉ឺនដុល្លារសហរដ្ឋអាមេរិក ដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) ដែលចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដើម្បីជាការលើកទឹកចិត្តចំពោះកិច្ចខិតខំ ប្រឹងប្រែងចូលរួមក្នុងការទប់ស្កាត់ជំងឺកូវី-១៩កន្លងមក។ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោTYDA ត្រូវបានបង្កើតឡើងនៅថ្ងៃទី២៧ ធ្នូ ឆ្នាំ២០១២ ដឹកនាំដោយលោក ហ៊ុន ម៉ាណែត និងភរិយា។
សមាគមនោះ ត្រូវគេឃើញ បានចុះធ្វើសកម្មភាពមនុស្សធម៌ នៅតាមសហគមន៍នានាទូទាំង២៥រាជធានី ខេត្ត ដើម្បីផ្តល់សេវាពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋក្រីក្រដោយឥតគិតថ្លៃ និងមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ក្នុងគោលបំណងរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រ តាមរយៈការផ្តល់សេវាសុខភាព ជូនប្រជាពលរដ្ឋក្រីក្រ ដល់ទីកន្លែងសំដៅជំរុញឲ្យសេវាសុខភាព សាធារណៈកាន់តែចូលទៅកៀកប្រជាពលរដ្ឋនៅមូលដ្ឋាន។
ខណៈដែលប្រទេសកម្ពុជាមានការរីករាលដាលជំងឺកូវីដ១៩ គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោធីតា បានចូលរួមយ៉ាងសកម្ម ក្នុងការចុះយកសំណាក និងដឹកអ្នកជំងឺកូវីដ-១៩ ទៅកាន់មន្ទីរពេទ្យ។ សូមជម្រាបថា គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី២២ មីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ-១៩ សរុបចំនួន ១ពាន់៧៥៣នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៩៦៧នាក់, អ្នកកំពុងសម្រាកព្យាបាលជំងឺ ចំនួន ៧៨១នាក់, ស្លាប់ចំនួន៤នាក់៕
