សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំងជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះ នៅឃុំកំពង់អុស ស្រុកជលគីរី
កំពង់ឆ្នាំងៈឯកឧត្ដម អម សុភា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង រួមដំណើរដោយ លោកជំទាវ ប៊ន សុភី អនុប្រធានគណៈកម្មាធិការសាខា លោក លោកស្រី សមាជិកគណៈកម្មាធិការសាខាមួយចំនួនទៀត នៅព្រឹកថ្ងៃចន្ទ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ បានអញ្ជើញប្រគល់ ផ្ទះ១ខ្នង ជូនប្រជាពលរដ្ឋជួបការលំបាក ១គ្រួសារ និងជួបសួរសុខទុក្ខប្រជាពលរដ្ឋងាយរងគ្រោះចំនួន ៨គ្រួសារផ្សេងទៀតនៅភូមិកំពង់អុស ឃុំកំពង់អុស ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។
ក្នុងឱកាសនោះ ឯកឧត្ដម អម សុភា បាននាំនូវព្រះរាជបណ្តាំ និងប្រសាសន៍សួរសុខទុក្ខ ដោយក្តីនឹករលឹក និងអាណិតស្រឡាញ់ដ៏ជ្រាលជ្រៅ ពីសំណាក់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវរមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូ និង សុភមង្គល ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះប្រជាពលរដ្ឋ ទាំងអស់។
ឯកឧត្តមបានលើកឡើងពីការយកចិត្តទុកដាក់គិតគូរលើក កម្ពស់ជីវភាពគ្រួសារ ត្រូវខិតខំប្រកបរបចិញ្ចឹមជីវិត ជាពិសេស ថែទាំសុខភាពឱ្យបានល្អ ពិសារទឹកឆ្អិនដាំពុះ មានអនាម័យក្នុងការរស់នៅ និងគេងក្នុងមុងជានិច្ច ជៀសវាងជំងឺគ្រុនឈាម-គ្រុនចាញ់ និង ត្រូវការពារខ្លួនពីការឆ្លងរីករាលដាលពីជំងឺកូវីដ១៩ ដោយអនុវត្តអោយបានខ្ជាប់ខ្ជួនតាមអនុសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា គឺ៣ការពារ ៣កុំ និង ការណែនាំរបស់ក្រសួងសុខាភិបាល។
សូមបញ្ជាក់ថា អំណោយរបស់កាកបាទក្រហមកម្ពុជាចែកជូនប្រជាពលរដ្ឋងាយរងគ្រោះនៅពេលនេះ រួមមាន៖ ផ្ទះ១ខ្នង ជូន១គ្រួសារ និង៨គ្រួសារទៀតទទួលបាន អង្ករ ២៥គ.គ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ជាច្រើន រួមជាមួយថវិកាមួយចំនួនទៀត។ សុខ គឹមសៀន




