រដ្ឋាភិបាលឥណ្ឌាចាប់បើកយុទ្ធនាការទម្លាក់កម្ចីដើម្បីទាក់ទាញការផលិតរថយន្តអគ្គិសនីក្នុងប្រទេស
បរទេស៖ រដ្ឋាភិបាលឥណ្ឌាត្រូវបានកាសែតចិនដេលីចេញផ្សាយថាបានរៀបចំផែនការយុទ្ធសាស្ត្រដ៏វែងឆ្ងាយមួយក្នុងការផ្តល់ជាកញ្ចប់ប្រាក់សុទ្ធលើកទឹកចិត្តមួយចំនួនទៅឲ្យបណ្តាក្រុមហ៊ុនផលិតរថយន្តអគ្គិសនី(EVs)ដោយសង្ឃឹមថាខ្លួននឹងក្លាយទៅទីតាំងដែលគួរឲ្យទាក់ទាញ ក្នុងនាមជារោងចក្រផលិតរថយន្តអគ្គិសនីដ៏ធំបំផុតលើលោក។
កិច្ចខិតខំប្រឹងប្រែងរបស់ឥណ្ឌាក្នុងការលើកកម្ពស់វិស័យផលិតរថយន្តអគ្គិសនីនេះក្នុងគោលបំណងធ្វើយ៉ាងណាអាចកាត់បន្ថយក្ដីពឹងផ្អែកទៅលើវិស័យប្រេង និងការកាត់បន្ថយការបំពុលបរិស្ថានទាំងស្រុងនៅប៉ុន្មានឆ្នាំខាងមុខនេះ ប៉ុន្តែកន្លងមកវាតែងតែត្រូវបានរារាំងដោយសារតែកង្វះការវិនិយោគ និងតម្រូវការទាបនៅឡើយហើយក៏ដូចជាលក្ខណៈនៃការលើកទឹកចិត្តទៅតាមបណ្តាប្រទេសនីមួយៗផងដែរ។
ស្ថិតនៅក្រោមកម្មវិធីលើកទឹកចិត្តថ្មីនេះរដ្ឋាភិបាលប្រទេសឥណ្ឌារំពឹងទុកថានឹងអាចទាញយកបានវិនិយោគនៅក្នុងវិស័យផលិតរថយន្តអគ្គិសនីដល់ទៅ 14 ពាន់លានដុល្លារក្នុងរយៈពេល 5 ឆ្នាំខាងមុខ។ ជាក់ស្តែងតាំងតែពីពាក់កណ្តាលឆ្នាំ2020 មកម្ល៉េះដែលរដ្ឋាភិបាលឥណ្ឌាបានធ្វើការបើកកិច្ចពិភាក្សាជាច្រើនទៅលើយុទ្ធសាស្ត្រមួយនេះ។ ផែនការដែលរួមមានទាំងការផ្តល់ជាប្រាក់លើកទឹកចិត្តសុទ្ធដែលមានទំហំអាចទៅដល់ 8 ពាន់លានដុល្លារទៅកាន់ក្រុមហ៊ុន និងអ្នកផលិតរថយន្តទាំងឡាយណាដែលមានវត្តមាននៅក្នុងប្រទេសរបស់ខ្លួនក្នុងរយៈពេល 5 ឆ្នាំខាងមុខដូចគ្នា។
ទោះបីជាយ៉ាងណាក្តីកម្មវិធីលើកទឹកចិត្តលំអិតនឹងអាចធ្វើឡើងនៅក្នុងកំឡុងពេល 1 ខែទៀត ប៉ុន្តែក្រុមហ៊ុនទាំងអស់នោះគឺអាចមានសិទ្ធិក្នុងការដាក់ពាក្យស្នើសុំចូលរួមកម្មវិធីនេះចាប់ពីថ្ងៃទី 1 មេសាខាងមុខនេះតទៅ។ ប្រភពដដែលបានបន្តទៀតថាក្រុមហ៊ុនទាំងឡាយនឹងអាចទទួលបានប្រាក់សុទ្ធលើកទឹកចិត្តចន្លោះពី 4 ទៅ 7 ភាគរយពីរដ្ឋាភិបាលវិញទៅតាមចំនួននៃការលក់ ឬចំនួននៃការនាំចេញព្រមទាំងឧបករណ៍បន្លាស់រថយន្តផង។
រហូតមកដល់ពេលនេះក្រុមហ៊ុនធំៗដូចជា Tesla Inc របស់លោក Elon Musk គឺកំពុងមានសន្ទុះខ្លាំងនៅក្នុងដំណើរការរោងចក្ររបស់ខ្លួននៅក្នុងប្រទេសឥណ្ឌា ខណៈដែលក្រុមហ៊ុនប្រជែងធំៗដូចជា Ford, Volkswagen និង Tata Motor ព្រមទាំង Mahindra & Mahindra របស់ឥណ្ឌាក៏បានរៀបចំផែនការក្នុងការវិនិយោគប្រាក់រាប់ពាន់លានដុល្លារនៅក្នុងវិស័យនៃការផលិតរថយន្តអគ្គសនីនៅឥណ្ឌាដូចគ្នាផងដែរ។
រដ្ឋាភិបាលឥណ្ឌារំពឹងទុកថាកម្មវិធីលើកទឹកចិត្តនេះនឹងអាចទទួលបានការវិនិយោគប្រមាណជា 14 ពាន់លានដុល្លារ និងបង្កើតការងារជូនពលរដ្ឋរបស់ខ្លួនរហូតទៅដល់ 5.8 លាននាក់ និងប្រាក់ចំណូលពន្ធសរុប 4 ពាន់លានដុល្លារសម្រាប់រយៈពេល 5 ឆ្នាំនេះ។
លក្ខខណ្ឌដែលក្រុមហ៊ុនទាំងនោះអាចទទួលបានពីកម្មវិធីលើកទឹកចិត្តនេះចាំបាច់ត្រូវការចាំបាច់ឲ្យអាចរកប្រាក់ចំណូលសរុបចេញពីទីផ្សារសកលលោកឲ្យបាន 1.4 ពាន់លានដុល្លារក្នុងមួយឆ្នាំ និង 69 លានដុល្លារសម្រាប់គ្រឿងបន្លាស់ ហើយត្រូវតែមានតួលេខនៃការកើនឡើងតួលេខលក់ប្រមាណជា 8 ភាគរយជារៀងរាល់ឆ្នាំផងដែរ៕