រដ្ឋបាលខេត្តបាត់ដំបង ព្រមទាំងមន្ទីរជំនាញពាក់ព័ន្ធ ចុះពិនិត្យមើលនិងសិក្សាស្វែងយល់ពីទីតាំងដីព្រៃរដ្ឋមួយកន្លែង ដើម្បីស្នើសុំប្រមុខរាជរដ្ឋាភិបាលធ្វើសម្បទានសង្គមកិច្ច ជូនប្រជាពលរដ្ឋក្រីក្រដែលរស់នៅតំបន់ព្រៃអភិរក្សប្រើប្រាស់ច្រើនយ៉ាង នៅក្នុងស្រុកសំឡូត

អត្ថបទដោយ៖
Kien Sereyvuth

   ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ជាប្រធានគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត បានដឹកនាំបណ្តាមន្ទីរជំនាញពាក់ព័ន្ធសំខាន់ៗ ក្នុងខេត្តមួយចំនួន ដើម្បីចុះពិនិត្យ តំបន់ព្រៃរេចរឹលមួយកន្លែងស្ថិតក្នុងដែនគ្រប់គ្រង និងអភិរក្ស របស់ មន្ទីរបរិស្ថានខេត្តបាត់ដំបង ព្រមទាំងអាជ្ញាធរនៃរដ្ឋបាលមូលដ្ឋានស្រុកសំឡូតផ្ទាល់ ដើម្បីចុះទៅពិនិត្យមើល នូវទីតាំងជាក់ស្តែងនិងចង់ស្វែងយល់ពីភូមិសាស្ត្រដែលគ្រោងរៀបចំធ្វើជាដីសម្បទានសង្គមកិច្ចផ្តល់ជូនប្រជាពលរដ្ឋក្រីក្រពិតប្រាកដ ដែលខ្វះទីជម្រកនិងកំពុងរស់នៅតាមតំបន់នានាក្នុងដែនអភិរក្សស្រុកសំឡូតនិងតំបន់មួយចំនួនទៀតក្នុងខេត្តបាត៎ដំបង។

       ការចុះពិនិត្យមើលនេះ គឺ៖ ធ្វើឡើងបន្ទាប់ពីមានកិច្ចប្រជុំកាលពីថ្ងៃ ទី ២៥ ខែមីនា ឆ្នាំ ២០២១ ដោយរដ្ឋបាល ខេត្តបាត់ដំបង បានបើកកិច្ចប្រជុំមួយដឹកនាំដោយឯកឧត្តម  ងួន  រតនៈ  អភិបាលខេត្ត  និងជា  ប្រធានគណៈ កម្មាធិការ គ្រប់គ្រង ដីរដ្ឋថ្នាក់ខេត្ត  ដើម្បីពិនិត្យ ពិភាក្សាលើសំណើសុំទីតាំងដីរដ្ឋមួយកន្លែងដើម្បីធ្វើជាដីសម្បទានសង្គមកិច្ច របស់ ក្រុម ការងារដីរដ្ឋនៃរដ្ឋបាលស្រុកសំឡូត កន្លងទៅ។ហើយនៅព្រឹកថ្ងៃទី២៦ខែមីនាឆ្នាំ២០២១ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង អមដំណើរដោយឯកឧត្តម សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្ត ទទួលបន្ទុកកិច្ចការដីធ្លីខេត្ត និង លោក កត បូរ៉ាន ប្រធានមន្ទីរបរិស្ថានខេត្តបាត់ដំបង ក៏បានចុះទៅដល់ទីតាំងដីព្រៃរេចរឹលមួយកន្លែងដើម្បីពិនិត្យមើលជាក់ស្តែង ក្នុងការសិក្សាលម្អិត និងស្វែងយល់បន្ថែមលើទីតាំងដីស្នើសុំនោះ ដែលស្ថិតក្នុងភូមិកំពង់ល្ពៅ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង។

       លោក កត បូរ៉ាន ប្រធានមន្ទីរបរិស្ថានខេត្តបានអះអាងគូសបញ្ជាក់ថា៖ ដីព្រៃរេចរឹលដែលចុះពិនិត្យមើលនេះគឺមិនមានផលប៉ះពាល់លើដីកម្មសិទ្ធិបុគ្គលណាទេគឺជាដីព្រៃរបស់រដ្ឋ ជាព្រៃរេចរឹលសុទ្ធសាធ។

     ក្នុងការចុះពិនិត្យមើលនេះឯកឧត្តមអភិបាលខេត្តបាត់ដំបង ក៏បានជម្រុញឲ្យមន្ទីរជំនាញពាក់ព័ន្ធ ត្រូវបន្តធ្វើការសិក្សាលម្អិតបន្ថែមទៀតពីលក្ខណៈភូមិសាស្ត្រទីនេះដូចជា៖ការខួងយកដីទៅពិសោធន៍។គិតគូរពីប្រភពទឹកប្រើប្រាស់សម្រាប់ការរស់នៅ។ការសិក្សាទៅលើដី តើអាចដាំដុះដំណាំអ្វី ធ្វើស្រែចម្ការបានឬក៏អត់?ចៀសវាងការផ្តលដីឲ្យពលរដ្ឋហើយ។ តែតំបន់ទាំងនេះបែរជាគ្មានប្រភពទឹក ហើយដី ក៏មិនអាចធ្វើការដាំដុះដំណាំស្រែ-ចម្ការបាន?​ ជាដើម។ល។

      តាមការគូសបញ្ជាក់ពីលោកប្រធានមន្ទីរបរិស្ថានក្នុងបទសម្ភាសន៍ខ្លីមួយ លោកប្រធានមន្ទីរក៏បានឲ្យដឹងទៀតថា៖ទីតាំងដីព្រៃនេះ គឺជាជំហានដំបូងក្នុងការចុះមកមើលនិងសិក្សាផ្ទាល់ដល់ទីតាំង តាមការស្នើសុំរបស់រដ្ឋបាលស្រុកសំឡូត។ក្នុងគោលបំណងដើម្បី រំដោះបងប្អូនប្រជាពលរដ្ឋក្រីក្រ និង គ្មានដីពិតប្រាកដ ហើយមួយចំនួនទៀតដែលពួកគាត់រស់នៅក្នុងតំបន់ស្នូលជម្រកសត្វព្រៃភ្នំសំកុសកន្លងមក ត្រូវយកពួកគាត់ចេញពីតំបន់ស្នូលទាំងនោះ ក៏ដូចជានៅក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត ផងដែរ។ លោកប្រធានមន្ទីរបរិស្ថានខេត្តបាត់ដំបង ក៏បានបញ្ជាក់យ៉ាងច្បាស់ផងដែរថា៖ក្នុងរយៈជាង១០ឆ្នាំមកនេះដោយសារតែកំណើនប្រជាពលរដ្ឋមានការកើនឡើង ហើយការចុះមកសិក្សានៅទីនេះជាលើកទី៤ផងដែរ ដោយបានកំណត់នូវទីតាំងដីព្រៃរេចរឹលទីនេះ ដើម្បីស្នើសុំអនុប្បយោគទៅប្រមុខនៃរាជរដ្ឋាភិបាល ដោយកំណត់យកដីព្រៃ ក្នុងភូមិសាស្ត្រ ភូមិ-ឃុំកំពង់ល្ពៅ ស្រុកសំឡូត តែម្តង។ លោក កត បូរ៉ាន គូសបញ្ជាក់យ៉ាងច្បាស់ទៀតថា៖ ដីព្រៃដែលត្រូវការទីនេះ គឺប្រមាណពិ៨០០ ទៅ ១ពាន់២០០ហិកតា។ ហើយទីតាំងនេះក៏កំពុងពិនិត្យបន្ថែមទៀត ពីផលប៉ះពាល់ផងដែរមុននិងលើកការស្នើសុំទៅរាជរដ្ឋាភិបាល។

        លោកប្រធានមន្ទីរ ក៏បានគូសបញ្ជាក់ឲ្យដឹងផងដែរថា៖ ទីតាំងនេះប្រជាពលរដ្ឋ គឺអាចមករស់នៅនិងបង្កបង្កើនផលស្រែចម្ការបានដោយសារទីនេះមានប្រភពទឹក។ដោយគ្រាន់តែរៀបចំធ្វើទំនប់ស្ទាក់ទឹកទុកប្រើប្រាស់ក្នុងការប្រើប្រាស់និងស្រោចស្រពបាន ក្នុងការដាំដុះដំណាំកសិកម្មផ្សេងៗដូចជា ស្រូវនិងដំឡូងជាដើម។

      លោក កត បូរ៉ាន ប្រធានមន្ទីរបរិស្ថានខេត្តបាត់ដំបង ក៏បានគូសបញ្ជាក់យ៉ាងច្បាស់ទៀតថា៖ការកំណត់យកទីតាំងនិងចំនួនផ្ទៃដីនៅទីនេះមិនទាន់កំណត់ជាក់លាក់ពីចំនួននិងតម្រូវការជាក់ស្តែងនៅឡើយទេដោយសារតែមិនទាន់ទទួលបាន នូវ តួលេខចំនួនប្រជាពលរដ្ឋ ដែលត្រូវមកកាន់ទីនេះ មានប៉ុន្មានគ្រួសារហើយត្រូវទទួលបាននូវដីសម្បទានសង្គមកិច្ច ពីរាជរដ្ឋាភិបាលតាមរយៈប្រធាន គណៈ កម្មាធិការ គ្រប់ គ្រង ដីរដ្ឋថ្នាក់ខេត្ត  ក្នុងមួយគ្រួសារប៉ុន្មានហិកតានោះទេ។​ តែជាគោលកាណ៍ ទាំងជំនាញ ទាំងអាជ្ញាធរនៅមូលដ្ឋាន និងរដ្ឋបាលខេត្ត ជាពិសេសឯកឧត្តមប្រធានគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត ក្រោយពីទទួលបាននូវការអនុញ្ញាតពីប្រមុខរាជរដ្ឋាភិបាល និងបងប្អូនដែលត្រូវកំណត់ឲ្យមករសនៅទីនេះ គឺគ្រប់ស្ថាប័នជំនាញពាក់ព័ន្ធ និងធ្វើការបែងចែកដីសម្បទានទាំងនេះដោយតម្លាភាព ជូនប្រជាពលរដ្ឋដើម្បីទទួលបាននូវដីធ្លីលំនៅដ្ឋាននិងដីបង្កបង្កើនផលកសិកម្មក្នុងការបម្រើនូវជីវភាពប្រចាំថ្ងៃរបស់គ្រួសារខ្លួននីមួយៗ៕ ( អត្ថបទ-រូបភាព ៖ អ៊ុក សំអាន បប )

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner