ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តចុះពិនិត្យមើលស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់ តាមបន្ទាត់ព្រំដែនខ្មែរ-ថៃ នៅច្រករបៀងចរិយា និង ច្រកទ្វារតំបន់៤០០ ក្នុងភូមិសាស្ត្រ នៃស្រុកសំឡូត
ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង និងជា ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដឹកនាំក្រុមការងារមួយក្រុមចុះពិនិត្យមើលស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់ នៅតាមបន្ទាត់ព្រំដែនខ្មែរ-ថៃ ស្ថិតនៅច្រករបៀងចរិយា និង ច្រកទ្វារតំបន់ ៤០០ក្នុងភូមិសាស្ត្រ ស្រុកសំឡូត ខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី២៦ ខែមីនាឆ្នាំ២០២១កន្លងទៅ និងបន្ទាប់ពីដំណើរបំពេញការងារចុះត្រួតពិនិត្យមើល នូវ ទីតាំងដីព្រៃរេចរឹលក្នុងឃុំកំពង់ល្ពៅ ដែលគ្រោងស្នើសុំរាជរដ្ឋាភិបាលដើម្បីស្នើសុំធ្វើជាដីសម្បទានសង្គកិច្ចផ្តល់ជូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ព្រៃអភិរក្សក្នុងស្រុកសំឡូតកន្លងមកនិងជាប្រជាពលរដ្ឋដែលមានប័ណ្ណក្រីក្រពិតប្រាកដកំពុងរស់តំបន់ទាំងនោះទៀតផង។
ក្នុងដំណើរបំពេញការងារនិងចុះសាកសួរសុខទុក្ខកងកម្លាំងឈរជើងតាមបន្ទាត់ព្រំដែនខាងលើ ដែលស្ថិតនៅចំណុចភូមិសាស្ត្រនៃច្រករបៀងចរិយា។នៅទីនោះឯកឧត្តមប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង ដែលអមដំណើរដោយប្រតិភូក្រុមការនិងជាថ្នាក់ដឹកនាំសំខាន់ៗមួយចំនួន ក្នុងនោះវត្តមានលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តនិងឯកឧត្តមអស់លោកជាអភិបាលរងខេត្តប្រធាន អនុប្រធានមន្ទីរជុំវិញខេត្តមួយចំនួន បានចុះពិនិត្យបង្គោលឡាក់ព្រំដែន ដែលស្ថិតនៅច្រករបៀង( ច្រកចរិយា) ស្ថិតនៅភូមិភ្រៃ ឃុំតាតោក ស្រុក សំឡូត ខេត្ត បាត់ ដំបង ដែលឈមនិង ស្រុក ប រ៉ៃ នៃខេត្ត ត្រាតព្រះរាជាណាចក្រ ថៃ និងជួបសំណេះសំណាល សួរ សុខ ទុក្ខ ដល់កងកម្លាំងឈរជើងទីនោះនិង នាំយកគ្រឿងឧបភោគ បរិភោគ មួយចំនួនប្រគល់ជូនដល់កងកម្លាំងទាំងនោះទៀតផង។
ជាមួយគ្នានេះឯកឧត្តមអភិបាលខេត្តបាត់ដំបងនិងប្រតិភូ ក៏បានបន្តដំណើរទៅពិនិត្យមើលស្ថានភាពច្រកទ្វារព្រំដែននៃ (ច្រកតំបន់៤០០)ដែលស្ថិតក្នុងភូមិសាស្ត្រស្រុកសំឡូត ដែលកន្លងទៅនេះនិងដោយមានការអនុញ្ញាតពីរាជរដ្ឋាភិបាលទាំង២(កម្ពុជា-ថៃ) និង រវាងរដ្ឋបាលខេត្តទាំង៣ មានភូមិសាស្ត្រព្រំដែនជិតខាងគ្នា រវាងខេត្តបាត់ដំបង(កម្ពុជា) និង ខេត្តត្រាត(ថៃ) និង ខេត្តបាត់ដំបង (កម្ពុជា) និង ខេត្តច័ន្ទបុរី (ថៃ)។ដោយក្នុងនោះរដ្ឋបាលខេត្តទាណង៣ ក៏បានឯកភាពលើការបន្ធូរបន្ថយបើកនូវច្រកទ្វារតំបន់ទាំង៣ឡើងវិញសម្រាប់ឲ្យតែរថយន្តដឹកទំនិញចេញចូលឆ្លងកាត់ព្រំដែនដោយកំណត់ក្នុងរថយន្ត១គ្រឿងអនុញ្ញាតឲ្យមនុស្ស០២នាក់ដោយកត់ត្រាអត្តសញ្ញាណបុគ្គលទាំង២ឲ្យបានម៉ត់ចត់ និងត្រូវធ្វើការវាស់កម្តៅ ត្រួតពិនិត្យសុខភាព និងមិនអនុញ្ញាតិឲ្យមនុស្សចាកចេញពីរថយន្តរបស់ខ្លួនឡើយ ចំពោះទីតាំងដែលត្រូវធ្វើការដោះដូរទំនិញនិងលើកដាក់ទំនិញត្រូវធ្វើឡើងក្នុងបរិវេណច្រកទ្វារព្រំដែននីមួយៗ។ហើយការដឹកទំនិញចេញចូលនិងឆ្លងកាត់ច្រកទ្វារព្រំដែន គឺគិតចាប់តាំងពីម៉ោង៨,០០នាទីព្រឹក ដល់ ម៉ោង១៧,០០នាទីល្ងាច។ ហើយចំពោះរថយន្តភាគីកម្ពុជា មិនឲ្យលើសពីរយៈពេល៣ម៉ោងនិងរថយន្តភាគីថៃក៏មិនឲ្យលើសពី ៧ម៉ោង ដោយគិតត្រឹមរយៈពេលរថយន្តចូលដល់ច្រកទ្វារព្រំដែន។ ទន្ទឹមជាមួយគ្នានេះផងដែរគ្រប់សមត្ថកិច្ចនៃភាគីទាំង២ តាមច្រកទ្វារព្រំដែនត្រូវគោរពនូវវិធានការ របស់ ក្រសួងសុខាភិបាល ឲ្យបានតឹងរ៉ឹងម៉ឺងម៉ាត់ដើម្បីបង្ការនិងទប់ស្កាត់ពី ការឆ្លង- ការចម្លង នៃជម្ងឺឆ្លងកូវីដ-19។
តាមការគូសបញ្ជាក់ពីប្រធានច្រកទ្វារតំបន់៤០០និងកងកម្លាំងសមត្ថកិច្ចជំនាញប្រចាំការនិងទទួលខុសត្រូវច្រកទ្វារព្រំដែន តំបន់៤០០ ដែលស្ថិតនៅក្នុងភូមិឆករកា ឃុំសំឡូត ខេត្តបាត់ដំបង ទល់ និង ច្រកទ្វារព្រំដែន”បានម៉ាក់មួង”ភូមិម៉ាក់មួង ឃុំនុនរី ស្រុកបរ៉ៃ ខេត្តត្រាត(ថៃ)។ ហើយកន្លងមក ច្រកនេះបានផ្អាកបណ្តោះអាសន្នមិនឲ្យដំណើរការ ចាប់តាំងពីខែកុម្ភៈឆ្នាំ២០២0 រហូតមក ។បើតាមការគូសបញ្ជាក់ពិប្រធាច្រកទ្វារតំបន់៤០០គ្រោងនិងបើកឲ្យដំណើរការឡើងវិញ នៅថ្ងៃទី០១ខែមេសា ឆ្នាំ២០២១ ឆាប់ខាងមុខនេះ។ខណៈដែលច្រកទ្វារតំបន់ ចំនួន០២ ទៀតរួមមាន៖ ច្រកទ្វារព្រំដែនអូរអន្លក់(ស៊ួនស៊ុ) ស្ថិតក្នុងភូមិសាស្ត្រស្រុកកំរៀង ខេត្តបាត់ដំបង ទល់និងច្រកតំបន់សួនស៊ុ ស្រុកសយដាវ ខេត្តច័ន្ទបុរី(ថៃ)និងច្រកទ្វារតំបន់អូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ទល់និងព្រំដែនច្រកទ្វារតំបន់”បានសាប៎តារី” ស្រុកសយដាវ ខេត្តច័ន្ទបុរី (ថៃ) បើកឲ្យដំណើរការប្រក្រតីឡើងវិញ កាលពីថ្ងៃទី២៣ខែមីនាឆ្នាំ២០២១ថ្មីៗនេះ។ ក្នុងការបន្ធូរបន្ថយនិងបើកឲ្យដំណើរការនូវច្រកទ្វារតំបន់ទាំង៣ខាងលើនេះ។
នៅក្នុងឱកាសចុះពិនិត្យមើលពីស្ថានភាពច្រកទាំង២ខាងលើនេះ ក្នុងនោះឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបងនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក៏បានធ្វើការណែនាំនូវវិធានការមួយចំនួនទាក់ទិនពីជម្ងឺឆ្លងរាតត្បាតជាសកលពីកូវីដ-19 និងពីការឆ្លងក្នុងសហគមន៍កន្កងមក ដែលប្រការទាំងនេះ ទាំងប្រធានច្រកទាំងគ្រប់កងកម្លាំងសមត្ថកិច្ចដែកមានភារកិច្ចទទួលខុសត្រូវនៅទីនេះ គឺត្រូវបង្កើនការប្រុងប្រយ័ត្ននិងធ្វើការរឹតបន្តឹងក្នុងការទប់ស្កាត់ឲ្យបានពីការឆ្លងនិងចម្លងពីកូវីដ-19 និងគោលការណ៍សំខាន់ចំពោះមុខក្នុងការប្រតិបត្តិនិងបំពេញមុខនាទីដោយស្មារតីនិងការទទួលខុសត្រូវខ្ពស់និងមានកិច្ចសហប្រតិបត្តិការល្អជាមួយភាគីដៃគូជិតខាងគ្នា។
ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានប្រគល់ មី និងទឹកសុទ្ធមួយចំនួន ដល់អង្គភាព និងកងកម្លាំងប្រចាំច្រកទ្វារតំបន់៤០០ផងដែរ៕( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )























