ប្រធានអង្គការសហប្រជាជាតិប្រចាំកម្ពុជាថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជាដែលបានដាក់បញ្ចូលបុគ្គលិករបស់អង្គការសហប្រជាជាតិ នៅក្នុងផែនការចាក់វ៉ាក់សាំងកូវីដ-១៩

អត្ថបទដោយ៖
ធី ដា

លោកស្រី Pauline Tamesis ប្រធានអង្គការសហប្រជាជាតិប្រចាំកម្ពុជា នៅលើគេហទំព័ររបស់អង្គការសហប្រជាជាតិ បានលើកឡើងថា អង្គការសហប្រជាជាតិប្រចាំកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានបញ្ចូលបុគ្គលិករបស់អង្គការសហប្រជាជាតិ នៅក្នុងផែនការចាក់វ៉ាក់សាំងកូវីដ១៩ តាមការស្នើសុំរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ។

ជាមួយគ្នានោះ លោកស្រីបានណែនាំឲ្យបុគ្កលិករបស់អង្គការសហប្រជាជាតិ នៅប្រទេសកម្ពុជា ត្រូវធ្វើតាមតួនាទីរបស់ខ្លួន ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ហើយនេះរាប់បញ្ជូលទាំងការចាក់វ៉ាក់សាំង ដើម្បីការពារខ្លួន ក្រុមគ្រួសាររបស់ខ្លួនសហគមន៍របស់របស់ខ្លួន និងសហគមន៍ដែលខ្លួនធ្វើការជាមួយ។ លោកស្រីបានបន្តថា យើងអាចចាប់ផ្ដើមកសាងឡើងវិញឲ្យកាន់តែប្រសើរ លុះត្រាតែយើងអាចគ្រប់គ្រងជំងឺរាតត្បាតជាសាកលនេះបាន។

យើងចូលរួមចាក់វ៉ាក់សាំងការពារ ដើម្បីឲ្យយើងអាចបន្តកិច្ចការងាររបស់យើងបាន។ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកាលពីថ្ងៃទី២៧មីនាឆ្នាំ២០២១ បានឲ្យដឹងថា សម្ដេចតេជោនាយករដ្ឋមន្ត្រីបានផ្ដល់ការចាក់វ៉ាក់សាំងជូនបុគ្គលិកស្ថានទូត និងអង្គការអន្តរជាតិមួយចំនួនដូចជា ស្ថានទីចំនួន១៨នៅរាជធានីភ្នំពេញ ដែលមានបុគ្គលិកសរុប៧៤១នាក់ បានចាក់រួចរាល់នៅថ្ងៃទី២៦មីនាឆ្នាំ២០២១នៅមន្ទីរពេទ្យកុមារជាតិ, អង្គការអន្តជាតិ៤៤អង្គការ ដែលស្ថិតនៅក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ ដែលមានបុគ្គលិកសរុប១ពាន់៦៧១នាក់ បាននិងកំពុងដំណើរការចាក់វ៉ាក់សាំងនៅមន្ទីរពេទ្យកាល់ម៉ែត្រចាប់ពីថ្ងៃទី២៦មីនាដល់ថ្ងៃទី៣១មីនាឆ្នាំ២០២១, អង្គការអន្តរជាតិពហុភាគី និងទ្វេភាគីមួយចំនួនទៀត មានបុគ្គលិកចំនួន៤៤៣នាក់ ដែលនឹងជូនដំណឹងដល់អង្គការទាំងនោះដោយក្រសួងការបរទេស ហើយចាប់ផ្ដើមចាក់ជូនចាប់ពីថ្ងៃទី៣០មីនឆ្នាំ២០២១តទៅ មន្ទីរពេទ្យព្រះអង្គឌួង។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner