អាគារស្នាក់នៅអត្តពលិកកីឡាជនពិការ ដែលជាអំណោយ ឯកឧត្តម ស សុខា និងលោកជំទាវ បានប្រគល់ជូនគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា

អាគារស្នាក់នៅរបស់អត្តពលិកជម្រើសជាតិកីឡាជនពិការកម្ពុជា ដែលជាអំណោយរបស់ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា និងលោកជំទាវ កែ សួនសុភី បានប្រគល់ជូនគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ប្រើប្រាស់ផ្លូវការហើយនាព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ នៅអាគារមជ្ឈមណ្ឌលជនពិការ តេជោ សែន ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ឯកឧត្តម យី វាសនា អគ្គលេខាធិការប៉ារ៉ាឡាំពិកម្ពុជា បានឲ្យដឹងថា អាគារមួយខ្នងដែលជាអំណោយឯកឧត្តម ស សុខា និងលោកជំទាវនេះ គឺមាន៥បន្ទប់ មានបន្ទប់ស្នាក់នៅ និងបន្ទប់ទឹកស្អាត។



ឯកឧត្តម បានគូបញ្ជាក់ថា អាគារនេះ ត្រូវបានឯកឧត្តម ស សុខា សម្រេចផ្តល់ជូនគណៈកម្មាធិការប៉ារ៉ាឡាំពិកកម្ពុជា កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ គ្រាដែលឯកឧត្តម អញ្ជើញមកចូលរួមពិធីបិទការប្រកួតជើងឯកកីឡាបាល់ទះអង្គុយជនពិការ ។ ដោយឯកឧត្តម មើលឃើញថា កន្លែងស្នាក់នៅហ្វឹកហាត់ ជាបន្ទប់ខ្ទមតូចចង្អៀតធ្វើឲ្យពួកគាត់លំបាកក្នុងការស្នាក់នៅ ។ ដូច្នោះហើយទើប ឯកឧត្តម រដ្ឋលេខាធិការ សម្រេចផ្តល់ថវិកាសាងសង់ជូន ដើម្បីលើកទឹកចិត្ត និងផ្តល់ភាពងាយស្រួលជម្រុញឲ្យអត្តពលិកជនពិការមានកម្លាំងចិត្តហ្វឹកហាត់ ឈានទៅដណ្តើមយកជ័យជំនះជូនកម្ពុជា ពីការប្រកួតអន្តរជាតិ ។

តំណាងឲ្យកីឡាករ កីឡាការិនីជនពិការទាំងអស់ ឯកឧត្តម យី វាសនា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះឯកឧត្តម ស សុខា និងលោកជំទាវ នូវទឹកចិត្តដ៏សប្បុរសធម៌ជូនបងប្អូនជម្រើសជាតិកីឡាជនពិការ ។ កាយវិការដ៏សប្បុរសធម៍នេះ និងជម្រុញទឹកចិត្តឲ្យកីឡាជនពិការខិតខំប្រឹងប្រែងហ្វឹកហាត់ ដើម្បីដណ្តើមយកជ័យជំនះពីលើកឆាកអន្តរជាតិ ជាការតបស្នងនូវគុណណូបការៈនេះ ។

លោកជំទាវ នូសុវត្ថិ ចាន់វល័ក្ខ និងលោកឈឹម ផាន់ណា ជាតំណាង ឯ ឧ ស សុខា បានផ្តាំផ្ញើរ ការសួរសុខទុក្ខ និងនឹករលឹកជូនចំពោះបងប្អូនកីឡាករ កីឡាការិនីជនពិការទាំអអស់ នឹងសូមជូនពរឲ្យអត្តពលិកជនពិការទាំងអស់ ដែលស្នាក់នៅក្នុងអាគារនេះ សូមរក្សានូវអនាម័យ និងសុខភាព ដើម្បីក្លាយកីឡាករ កីឡាការិនីដ៏មានសក្កានុពលដណ្តើមមេដាយជូនកម្ពុជា ។


សូមបញ្ជាក់ថា អាគារស្នាក់នៅមួយខ្នង ដែលមាន៥បន្ទប់នេះ សម្រាប់ផ្តល់ជូនអត្តពលិកជម្រើសជាតិកីឡាជនពិការ ស្នាក់នៅហ្វឹកហាត់អំឡុងពេលប្រមូលផ្តុំ ត្រៀមអាស៊ាន ប៉ារ៉ាហ្គេម លើកទី១១ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ ហើយ ក្រៅពីអត្តពលិកជម្រើសជាតិកីឡាជនពិការ អាគារមួយខ្នងនេះ ផ្តល់ជូនការស្នាក់នៅសម្រាប់សិស្សនិស្សិតជនពិការខ្វះខាតស្នាក់ផងដែរ ៕
