វេណេស៊ុយអេឡាគ្រោងស្នើអោយអង្គការសហប្រជាជាតិជួយបញ្ហាដោះមីននៅក្បែរព្រំដែនកូឡុំប៊ី ដែលបន្សល់ទុកដោយក្រុមឧទ្ទាម
វេណេស៊ុយអេឡា៖ ប្រធានាធិបតីវេណេស៊ុយអេឡាលោក នីកូឡាស់ ម៉ាឌូរ៉ូ នៅថ្ងៃអាទិត្យម្សិលមិញនិយាយថា ប្រទេសរបស់លោកនឹងស្នើទៅកាន់អង្គការសហប្រជាជាតិអោយជួយបញ្ហាដោះមីននៅក្នុងទឹកដីរបស់ខ្លួន ដែលវេណេស៊ុយអេឡាផ្ទាល់និយាយថា វាត្រូវបានដាក់ពង្រាយដោយក្រុមប្រដាប់អាវុធ ដែលស្ថិតនៅក្បែរព្រំដែនប្រទេសកូឡុំប៊ី ។
លោក ម៉ាឌូរ៉ូ បានថ្លែងតាមរយៈប្រព័ន្ធផ្សព្វផ្សាយថា រដ្ឋាភិបាលវេណេស៊ុយអេឡានឹងស្នើសុំអគ្គលេខាធិការអង្គការសហប្រជាជាតិលោក អាន់តូនីញ៉ូ ហ្គូដទែរ៉េស សម្រាប់ជំនួយបន្ទាន់ភ្លាមៗ ដើម្បីអោយពួកគេអាចនាំយកបច្ចេកទេសទាំងអស់ ទៅកាន់ទីតាំងមីនដែលត្រូវបានសល់បន្សុលទុកដោយក្រុមប្រដាប់អាវុធ ។ យ៉ាងណាមិញ អង្គការសហប្រជាជាតិនៅពុំទាន់ធ្វើការឆ្លើយតបភ្លាមៗចំពោះការលើកឡើងពីសំណើខាងលើនេះរបស់វេណេស៊ុយអេឡានៅឡើយទេ ។
គួរបញ្ជាក់ថា រដ្ឋាភិបាលរបស់លោក ម៉ាឌូរ៉ូ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍កន្លងទៅនិយាយថា កងទាហាន២នាក់បានបាត់បង់ជីវិតដោយសារគ្រាប់មីន អំឡុងពេលប្រតិបត្តិយោធានៅក្នុងរដ្ឋ Apure ជាទីមានការប៉ះទង្គិចគ្នារវាងកងទាហាន និងក្រុមប្រដាប់អាវុធ ដែលធ្វើអោយប្រជាជនវេណេស៊ុយអេឡារាប់ពាន់នាក់បង្ខំចិត្តភៀសខ្លួនឆ្លងកាត់ព្រំដែន ៕ ប្រភព៖ Reuters


