អនុប្រធានទី១ សហព័ន្ធកីឡាទាញព្រ័ត្រ ប្តេជ្ញាពង្រឹងកីឡាប្រពៃណីបែបទំនើបមួយនេះ អោយមានសក្តានុពល នៅស៊ីហ្គេម ឆ្នាំ២០២៣

លោក ប្រាក់ សុជាតិ អនុប្រធានទី១ សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា បានបញ្ជាក់ថា សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា បានប្តេជ្ញាចិត្តពង្រឹងសក្តានុពលឲ្យកីឡាទាញព្រ័ត្រ ដែលជាកីឡាប្រពៃណីបែបសម័យទំនើប អោយក្លាយជាកីឡាដែលមានគុណភាព អាចប្រជែងដណ្តើមមេដាយជូនកម្ពុជា ពីព្រឹត្តិការណ៍ កីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។


អនុប្រធានទី១រូបនេះ ពន្យល់ថា បន្ទាប់ពីក្រសួងអប់រំយុវជន និងកីឡា បានឲ្យសហព័ន្ធរៀបចំសមាសភាពអាជ្ញាកណ្តាលចៅក្រមជាតិ និងអន្តរជាតិ ក្នុងការត្រៀមលក្ខណៈចូលរួម ក្នុងព្រឹត្តិការណ៍ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ សហព័ន្ធបានត្រៀមរៀបចំផែនការយ៉ាងជាក់លាក់ ធ្វើយ៉ាងណាឲ្យធនធានកីឡាទាញព្រ័ត្ររីកចំរើន និងមានសក្តានុពល ដើម្បីឆ្លើយតបតាមផែនការដណ្តើមមេដាយរបស់រាជរដ្ឋាភិបាល ដាក់ជូនសហព័ន្ធកីឡាជាតិទាំងអស់ ក្នុងនាមជាម្ចាស់ផ្ទះ ។


លោក ប្រាក់ សុជាតិ អះអាងទៀតថា តាងនាមឲ្យសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា លោកពិតជាមានមោទនភាព និងក្តីសង្ឈឹមយ៉ាងមុតមាំ ចំពោះក្រសួងអប់រំយុវជន និងកីឡា គណៈកម្មាធិការជាតិអូឡាំពិកម្ពុជា និង គណៈកម្មាធិការជាតិរៀបចំកីឡាអាស៊ីអាគ្នេយ៍ ដែលបានផ្តល់ទំនុកចិត្ត និងគាំទ្រឲ្យសហព័ន្ធកីឡាទាញព្រ័ត្រ មានឱកាសបានត្រៀមខ្លួនចូលរួម ក្នុងព្រឹត្តិការណ៍ កីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។

លោក ប្រាក់ សុជាតិ បន្ថែមថា ក្រៅពីក្រសួងអប់រំយុវជន និងកីឡា ឲ្យសហព័ន្ធរៀបចំសមាសភាពអាជ្ញាកណ្តាលចៅក្រមជាតិ និងអន្តរជាតិ ក្នុងការត្រៀមលក្ខណៈចូលរួមក្នុងព្រឹត្តិការណ៍ កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្នុងនាមសហព័ន្ធកីឡាទាញព្រ័ត្រ លោកអនុប្រធាន ស្នើរអោយក្រសួងអប់រំយុវជន និងកីឡាអនុញ្ញាតិអោយកីឡាករ កីឡាការិនីប្រមូលផ្តុំជាក្រុមជម្រើសរើសជាតិ និងអាចចូលរួមប្រកួតកីឡាជាតិជារៀងរាល២ឆ្នាំម្តង ការប្រកួតកីឡាសិស្សបឋម ការប្រកួតកីឡាសិស្សមធ្យម និងការប្រកួតកីឡាសិស្សនិស្សិត ដូចសហព័ន្ធកីឡាជាតិនានា ដើម្បីគាំទ្រសកម្មភាពហ្វឹកហាត់ និងរៀបចំការប្រកួតនានា ជាពិសេសលើកទឹកចិត្តដល់មន្រ្តីសហព័ន្ធផងដែរ ។


សូមបញ្ជាក់ថា សហព័ន្ធកីឡាទាញព្រ័ត្រ មានសកម្មភាពផុសផុល និងទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង ដោយសារឯ ឧ មាស សារិន ប្រធានសហព័ន្ធ លោក ប្រាក់ សុជាតិ អនុប្រធាន និងមន្រ្តីសហព័ន្ធជាច្រើនរូបបានខិតខំប្រឹងប្រែង គៀងគរស្វែងរកដៃគូរឧបត្ដម្ភគាំទ្រ ពីវិស័យឯកជន និងក្រុមហ៊ុនជាច្រើនតាមរយៈការប្រកួតតាមភូមិភាគរហូតមានសកម្មភាព និងមានកីឡាករ កីឡាការិនីប្រកបដោយសក្តានុពល ឈានទៅចូលរួមការប្រកួតលក្ខណៈអន្តរជាតិ និងដណ្តើមបានមេដាយជូនកម្ពុជាផងដែរ ៕
