កូវីដ១៩៖ ចាក់វ៉ាក់សាំងហើយ មនុស្សជាង១ម៉ឺននាក់រួចផុតពីការស្លាប់ក្នុងប្រទេសមួយ នេះបើតាមការសិក្សា
ទីភ្នាក់ងារសារព័ត៌មានអង់គ្លេស រយធឺ បានចេញផ្សាយនៅថ្ងៃទី៩ មេសានេះថា មនុស្សជាង១ម៉ឺននាក់មានវ័យចាប់ពី៦០ឆ្នាំឡើងទៅនៅអង់គ្លេសបានរួចផុតពីសេចក្តីស្លាប់ ក្រោយចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ កាលពីខែមីនាកន្លងទៅ នេះបើផ្អែមតាមការសិក្សាស្រាវជ្រាវរបស់ Public Health England ផ្សព្វផ្សាយថ្មីៗនេះ។
ទីភ្នាក់ងារសុខាភិបាលសាធារណៈអង់គ្លេស (Public Health England) បានបង្ហាញលទ្ធផលនៃការសិក្សារបស់ខ្លួនថា វ៉ាក់សាំង១៥លានដូសត្រូវបានចាក់ជូន មនុស្សពេញវ័យមានអាយុ៦០ឆ្នាំឡើងទៅ នៅក្នុងប្រទេសអង់គ្លេសគិតត្រឹមខែចុងខែមីនា ហើយយុទ្ធនាការចាក់វ៉ាក់សាំងនេះឯងបានជួយសង្រ្គោះមនុស្ស ១០៤០០នាក់ ដែលភាគច្រើនជាមនុស្សមានអាយុ៨០ឆ្នាំ ពីសេចក្ដីស្លាប់។
គួរបញ្ជាក់ថា ចាប់តាំងពីខែមីនាមក ប្រជាជន ៣១.៨លាននាក់ហើយនៅទូទាំងចក្រភពអង់គ្លេសដែលបានចាក់វ៉ាក់សាំងដូសទី១ ខណៈ៦.១លាននាក់បានចាក់វ៉ាក់សាំង២ដូស៕