អាជ្ញាធរតាមបណ្ដារខណ្ឌនីមួយៗ ចាប់ផ្តើមដាក់រនាំងបិទផ្លូវ ហាមមិនឲ្យធ្វើដំណើរ ដោយអនុវត្តនូវសេចក្ដីសម្រេចបិទខ្ទប់រាជធានីភ្នំពេញ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១នេះ អាជ្ញាធរតាមបណ្ដារខណ្ឌនីមួយៗ បានដាក់រនាំងដែកបិទផ្លូវ ហាមមិនឲ្យធ្វើដំណើរឡើយ ដោយអនុវត្តនូវសេចក្ដីសម្រេចបិទខ្ទប់ (Lokdown) ភូមិសាស្ត្ររាជធានីភ្នំពេញ និងរាជធានីភ្នំពេញ-ក្រុងតាខ្មៅ នៃខេត្តកណ្ដាល រយៈពេល១៤ថ្ងៃ ចាប់ពីវេលាម៉ោង០០៖០០នាទីឈានចូលថ្ងៃទី១៥ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺកូវីដ១៩។ ជាក់ស្ដែងចរាចរណ៍នៅរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ មានសភាពស្ងប់ស្ងាត់ ។
គួររំលឹកថា យោងតាមសេចក្តីសម្រេច វិធានការមួយចំនួនបានដាក់ចេញក្នុងនោះ គឺបានហាមឃាត់ប្រជាពលរដ្ឋមិនឱ្យចេញពីផ្ទះ និងបិទអាជីវកម្មនានាផងដែរ។ សេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល បានអនុញ្ញាតសម្រាប់ការធ្វើដំណើរចាំបាច់ដូចជាការទៅមន្ទីរពេទ្យ និងការទិញម្ហូបអាហារជាដើម។ ដោយឡែកអាជីវកម្មចាំបាច់មួយចំនួន ក៏ត្រូវបានរក្សាទុកផងដែរ ជាពិសេសអាជីវកម្ម លក់ដូរ ឬផ្គត់ផ្គង់ម្ហូបអាហារជាដើម។
សូមចូលរួមទាំងអស់គ្នាអនុវត្តវិធានការរបស់រាជរដ្ឋាភិបាល និងសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល «៣ការពារ ៣កុំ» ដើម្បីកម្ពុជាជៀសផុត ពីការរីករាលដាលជំងឺកូវីដ-១៩៕ដោយប៊ុនធី និង ភារ៉ា





