ឯកឧត្តម ឃួងស្រេង ចុះពិនិត្យទីតាំងឈរជើងរបស់កម្លាំងមានសមត្ថកិច្ចនៅតាមទីតាំងបិទខ្ទប់ និងបានណែនាំកងកម្លាំងឱ្យចេះការពារខ្លួន កុំឱ្យឆ្លងជំងឺកូវីដ-១៩
ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេងអភិបាលរាជធានីភ្នំពេញនិងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញនារល្ងាចថ្ងៃទី១៨ ខែមេសានេះ បានចុះពិនិត្យទីតាំងបញ្ជាការស្រាលនៅច្រមុះជ្រូកស្ទឹងមានជ័យ ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ ដើម្បីពង្រឹងកម្លាំងដែលបាននិងកំពុងឈរជើងនៅគោលដៅនោះ ឱ្យបានរឹងមាំនិងម៉ឺងម៉ាត់បំផុត ជុំវិញការអនុវត្ត សេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលលេខ៥០សសរចុះថ្ងៃទី១៧ មេសារ ក្នុងការបិទខ្ទប់រាជធានីភ្នំពេញក្នុងរយៈពេល១៤ថ្ងៃ ឱ្យទទួលបានជោគជ័យ ពោលគឹកាត់ផ្តាច់បានការរីករាលដាលនៃជម្ងឺកូវីដ-១៩នេះ។
ឯកឧត្តម ឃួង ស្រេង ក្រោយពីចុះពិនិត្យកម្លាំងដែលបានដាក់គោលដៅ នៅច្រមុះជ្រូកក្បាលថ្នល់រួចហើយ ឯឧក៏បានបន្តដំណើរ ល្បាតមើលតំបន់ស្មុកស្មាញ ដែលងាយរងគ្រោះមួយចំនួនទៀត ដោយអំពាវនាវឱ្បងប្អូនប្រជាពលរដ្ឋទាំងអស់ កុំចាកចេញពីផ្ទះឱ្យសោះ បើមិនមានការងារចាំបាច់ឬបន្ទាន់ផ្សេងទៀតទេ ពោលគឺត្រូវស្តាប់និងអនុវត្តឱ្យបានល្អទៅតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល។
បន្តមកទៀតឯឧអភិបាលរាជធានីភ្នំពេញបានបន្តដំណើរមកកាន់ ខណ្ឌពោធិសែនជ័យ មុខព្រលានយន្តហោះភ្នំពេញ ដើម្បីពិនិត្យកម្លាំងមានសមត្ថកិច្ចនៅទីនោះទៀត ។ ក្នុងឱកាសនោះ ឯកឧត្តម ឃួង ស្រេងក៏បានធ្វើការណែនាំទៅដល់កងកម្លាំងប្រដាប់អាវុធ ក៏ដូចជាអាជ្ញាធរទាំងអស់ ត្រូវពង្រឹងការងាររបស់ខ្លួនឲ្យបានម៉ឺងម៉ាត់និងតឹងរឹងបំផុត និងត្រូវចេះការពារខ្លួនឯងផង ធ្វើយ៉ាងណាកុំឱ្យឆ្លងជំងឺ covid-19ឆ្លងមកខ្លួនឯងបាន យើងត្រូវរួមគ្នាបំបាត់ឆ្លងជំងឺ covid-19ឱ្យបាន ក្នុងរយៈពេល១៤ថ្ងៃនៃការបិទខ្ទប់រាជធានីភ្នំពេញនេះ៕