រថយន្តគិលានសង្រ្គោះឯកជនស៊ីឈ្នួលដឹកមនុស្សចេញពីតំបន់បិទខ្ទប់ត្រូវសមត្ថកិច្ចចាប់បាននៅខេត្តរតនគិរី

អត្ថបទដោយ៖
ធី ដា

កម្លាំងក្រុមការងារទប់ស្កាត់ជំងឺកូវីដ-១៩នៅចំណុចស្ពានស្រែពកជាប់ព្រំប្រទល់ខេត្តស្ទឹងត្រែង នៅម៉ោង១១និង៣០នាទីយប់ថ្ងៃទី១៧មេសា ឆ្នាំ២០២១ រួមសហការជាមួយអាជ្ញាធរដែនដីស្រុកកូនមុំ បានឃាត់ករណីល្មើសបម្រាមឆ្លងកាត់ខេត្តពីភ្នំពេញ ទៅខេត្តរតនគិរី ដែលមានមនុស្ស៤នាក់ ក្នុងរថយន្តសាមុយពាក់ស្លាកលេខភ្នំពេញ2BF-2271 ចេញពីពេទ្យព្រះកុសមៈ ឬពេទ្យលោក សង្ឃរាជាធានីភ្នំពេញ។

រាជធានីភ្នំពេញ និងក្រុងតាខ្មៅខេត្តកណ្ដាលត្រូវបានរាជរដ្ឋាភិបាលបិទខ្ទប់តាំងពីថ្ងៃទី១៥មេសាដល់ថ្ងៃ២៨មេសា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ដែលកំពុងរាតត្បាតខ្លាំង។ មនុស្សទាំង៤នាក់នៅលើរថយន្តគិលានសង្គ្រោះនោះមានឈ្មោះ បៀន ពក ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករពេទ្យព្រះកុសុមៈ មានទីលំនៅភូមិជាចជួរ ឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង ជាអ្នកបើកបរ, ឈ្មោះ ញ៉ឹប គត់ ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករពេទ្យព្រះកុសុមៈ មានទីលំនៅ ភូមិចតុលោក ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ជាព្រូឡាន។

ចំណែកមនុស្ស២នាក់ទៀត មានឈ្មោះ ឃាង ចន្នី ភេទស្រី អាយុ ៦១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី និងម្នាក់ទៀតឈ្មោះ ប៊ុត ប៊ុនរក្សា ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅខេត្តរតនគិរី។ យោងតាមរបាយការណ៍ពីក្រុមការងារបានបន្តអោយដឹងទៀតថា រថយន្តសាមុយនោះជាកម្មសិទ្ធឯកជនរបស់លោកគ្រូពេទ្យម្នាក់ ជាបុគ្គលិក ពេទ្យលោកសង្ឃដែលជាអ្នកបញ្ជាស៊ីឈ្នួលដឹកមនុស្សទាំង២នាក់នៅខេត្តរតនគិរីនោះ ក្នុងតម្លៃ៦០០ដុល្លារពីពេទ្យលោកសង្ឃ ទៅខេត្តរតនគិរី។ ក្រោយការចាប់ឃាត់នោះ ពលរដ្ឋ២នាក់នៅខេត្តរតនគិរី ត្រូវបានអាជ្ញាធរក្រុងបានលុងឃាត់ឲ្យត្រលប់មកកាន់អាជ្ញាធរស្រុកកូនមុំវិញដើម្បីចាត់ការបន្ត។

ចំណែក អ្នកបើកបររថយន្ត និងព្រូឡាននោះ ត្រូវបានកងរាជអាវុធហត្ថស្រុកកូនមុំឃាត់ខ្លួនដើម្បីធ្វើចត្តាឡីស័ក និងចាត់ការទៅតាមនិតិវិធីច្បាប់។ សូមបញ្ជាក់ផងដែរថា ក្រសួងសុខាភិបាលកម្ពុជាបានចេញសេចក្តីជូនព័ត៌មានកាលពីថ្ងៃទី១៦ មេសា ឆ្នាំ២០២១កន្លងទៅ បានបញ្ជាក់ថា រថយន្តគិលានសង្រ្គោះទាំងរដ្ឋ និងឯកជននៅទូទាំងប្រទេសកម្ពុជា ក្រសួងអនុញ្ញាតអោយដឹកជញ្ជូនតែអ្នកជំងឺ និងអ្នករបួសទៅកាន់មន្ទីរពេទ្យ ឬឯកជន ឬវត្ថុសំណាកសម្រាប់យកមកវិភាគនៅតាមមន្ទីរពិសោធន៍របស់ក្រសួងសុខាភិបាលប៉ុណ្ណោះ។ ក្រសួងមិនអនុញ្ញាតអោយរថយន្តគិលានសង្រ្គោះទាំងរដ្ឋ និងឯកជន ដឹកជញ្ជូនប្រជាជនដែលជាអ្នកដំណើរជាដាច់ខាត បើពុំនោះ ក្រសួងនឹងចាត់វិធានការណ៍ទៅតាមផ្លូវច្បាប់៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner