ក្រសួងការងារណែនាំពីការផ្តល់ប្រាក់ឈ្នួល និងប្រាក់ឧបត្ថម្ភបន្ថែមដល់រោងចក្រ សហគ្រាស សិប្បកម្ម និងក្រុមហ៊ុនដែលប៉ះពាល់អំឡុងបិទខ្ទប់នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ

អត្ថបទដោយ៖
ធី ដា

រាជធានីភ្នំពេញ៖នៅថ្ងៃទី១៩ខែមេសាឆ្នាំ ២០២១នេះក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីណែនាំមួយស្តីពីការបើកផ្តល់ប្រាក់ឈ្នួលដើមខែមេសា និងប្រាក់ឧបត្ថម្ភបន្ថែមរបស់រោងចក្រ សហគ្រាស សិប្បកម្ម និងក្រុមហ៊ុន ដល់កម្មករនិយោជិតក្នុងអំឡុងពេលនៃការបិទខ្ទប់ភូមិសាស្ដ្ររាជធានីភ្នំពេញ និង ក្រុងតាខ្មៅខេត្តកណ្តាល។

ក្នុងសេចក្តីណែនាំដែលបានចុះ ហត្ថលេខា ដោយ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារបានបញ្ជាក់ថា៖យោងតាមច្បាប់ស្តីពីការងារ ការបើកផ្តល់ប្រាក់ឈ្នួលដើមខែមេសា និងប្រាក់ឧបត្ថម្ភបន្ថែមរបស់រោងចក្រ សហគ្រាស សិប្បកម្ម និងក្រុមហ៊ុន ដល់កម្មករនិយោជិតក្នុងអំឡុងពេលនៃការបិទខ្ទប់ភូមិសាស្ដ្ររាជធានីភ្នំពេញ និង ក្រុងតាខ្មៅនៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ យោងតាមច្បាប់ស្តីពីការងារ ការផ្អាកសកម្មភាពអាជីវកម្មរបស់រោងចក្រ សហគ្រាស សិប្បកម្ម និងក្រុមហ៊ុនដោយសារការអនុវត្តវិធានការបិទខ្ទប់ជាបណ្តោះអាសន្ននូវភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល នាំឱ្យមានការព្យួរកិច្ចសន្យាការងាររបស់កម្មករនិយោជិត។

ប្រភពខាងលើនេះបញ្ជាក់បន្ថែមថា ដើម្បីធានាផលប្រយោជន៍របស់បងប្អូនកម្មករនិយោជិតនៅក្នុងអំឡុងពេលនៃការបិទខ្ទប់នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមធ្វើការណែនាំដល់ម្ចាស់ ឬនាយក សហគ្រាសសិប្បកម្ម និងក្រុមហ៊ុន ដែលត្រូវផ្អាកសកម្មភាពអាជីវកម្មក្នុងអំឡុងពេលបិទខ្ទប់ដូចខាងក្រោម៖

១. ត្រូវរក្សាប៉ុស្តិ៍ការងារ និងរក្សាអតីតភាពការងារជូនកម្មករនិយោជិតរបស់ខ្លួនក្នុងអំឡុងពេលបិទខ្ទប់នេះ។
២. ត្រូវបើកផ្តល់ប្រាក់ឈ្នួលដើមខែមេសា (ប្រាក់ឈ្នួលសម្រាប់ថ្ងៃទី០១ ដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១) ជូនកម្មករនិយោជិតរបស់ខ្លួន ប្រសិនជាមិនទាន់បានបើកផ្តល់នាពេលកន្លងមក។ ការបើកផ្តល់នេះសូមធ្វើនៅក្រោយ ពេលចប់វិធានការបិទខ្ទប់។
៣. ផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមជូនដល់កម្មករនិយោជិតរបស់ខ្លួនទៅតាមលទ្ធភាព ដោយផ្អែកលើស្មារតីមនុស្សធម៌ សាមគ្គីភាព និងទំនួលខុសត្រូវសង្គមនៅក្នុងគ្រាលំបាករួមនេះ។ ការបើកផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមនេះក៏សូមធ្វើនៅក្រោយ ពេលចប់វិធានការបិទខ្ទប់។

ក្រសួងថាដើម្បីសម្រួលដល់ការលំបាករបស់បងប្អូនកម្មករនិយោជិត ដែលកំពុងរស់នៅជាក់ស្តែងនៅតាមបន្ទប់ជួលតំបន់បិទខ្ទប់ រាជរដ្ឋាភិបាលបាននិងកំពុងផ្តល់ជំនួយសង្គមផ្សេងៗ តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ និងខេត្តកណ្តាល ផងដែរ។ ជាមួយគ្នានេះក្រសួងសង្ឃឹមយ៉ាងមុតមាំថា លោក លោកស្រី ជាម្ចាស់ ឬនាយករោងចក្រ សហគ្រាស សិប្បកម្ម ក្រុមហ៊ុន និង បងប្អូនកម្មករនិយោជិតទាំងអស់នឹងអនុវត្តសេចក្ដីណែនាំនេះប្រកបដោយស្មារតីទទួលខុសត្រូវ និងយោគយល់គ្នា៕ដោយ៖ម៉ាដេប៉ូ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner