អ្នកពាក់ព័ន្ធនឹងកម្មការិនី រោងចក្រកាត់ដេរម្នាក់ នៅ7NG នៅស្រុកខ្សាច់កណ្ដាល និងស្រុកពារាំងជិត ២០០ នាក់ តម្រូវយកសំណាក និងធ្វើចត្តាឡីស័ក

ខេត្តកណ្ដាល​៖ អ្នកពាក់ព័ន្ធដោយផ្ទាល់ និង​ប្រយោល ប្រមាណ​ជិត ២០០ នាក់ជាមួយនឹងកម្មការិនី​ម្នាក់ ដែល​ធ្វើការ​រោងចក្រ​កាត់ដេរ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស 7NG ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល មាន​វិជ្ជមាន​ជំងឺ កូ​វីដ​១៩នោះត្រូវបានអាជ្ញាធរ និង មន្រ្តីក្រសួងសុខាភិបាលឱ្យ​យក​សំណាក និង​ដាក់​ឱ្យធ្វើ ច​ត្តា​ឡី​ស័ក ទាំងអស់គ្នា។

          លោក ប៊ុន ផេង អភិបាលស្រុក​ខ្សាច់កណ្ដាល បាន​ ​ឲ្យ​ដឹងនៅថ្ងៃនេះ ​ថា កម្មការិនី​រូបនេះ មានឈ្មោះ ឌឿ​ន ច​ន្ធា អាយុ ២២ ឆ្នាំ ធ្វើការ​នៅ​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ Starlight apparel manufacturing co.,ltd ។ កាលពី​ថ្ងៃទី​១៣ ខែមេសា បាន​ទៅលេង​ស្រុកកំណើត នៅឯ​ភូមិ​ត្នោត ឃុំ​រកា ស្រុក​ពារាំង ខេត្តព្រៃវែង ហើយ​ត្រឡប់មកវិញ នៅ​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០២១​។​

លោកថាពេល​កម្មការិនី ឌឿ​ន ច​ន្ធា ចូលមក​ធ្វើការ​វិញ បុគ្គលិក​សន្តិសុខ ក្នុង​រោងចក្រ​ខាងលើនេះ ក៏បាន​វាស់​កម្ដៅ កម្មការិនី​រូបនេះ ហើយក៏​ឃើញ​កម្ដៅ​ឡើងដល់ ៣៨ អង្សា​សេ​។ ដោយ​មើលទៅ​ឃើញ​អាកា​រៈ​ដូច​មិនសូវ​ស្រួលខ្លួន សន្តិសុខ​និង ខាង​រដ្ឋបាល ក្នុង​រោងចក្រ ក៏បាន​ទាក់ទង​មក អាជ្ញាធរ ឲ្យ​បាន​ដឹងឮ រីឯ​កម្ម​ការ​នី ឌឿ​ន ច​ន្ធា ក៏បាន​ត្រឡប់ ទៅ​ស្រុក​វិញ បាត់ទៅ​។​

លោក ប៊ុន ផេង បានបញ្ជាក់ប្រាប់ផងថាក្រោយពីទទួលបានភ្លាមៗអាជ្ញាធរបានទំនាក់ទំនង រួចហើយបញ្ជូនកម្មការនីរូបនេះទៅយកសំណាក ហើយជាលទ្ធផលកម្ម​ការ​នី​រូបនេះ ពិត​ជាមាន​វិជ្ជមាន​កូ​វីដ​-១៩ ពិតមែន ហើយ​ត្រូវដាក់​ឲ្យ​សម្រាក​ព្យាបាល នៅឯ ខេត្តព្រៃវែង​។​

ជាមួយគ្នា​នោះ អាជ្ញាធរ ​ស្រុក​ខ្សាច់ កណ្ដាល ក៏បាន​រកឃើញ ​ក្រុម​ កម្ម​ការ​នី រោងចក្រ កាត់ដេរ Starlight apparel manufacturing co.,ltd ដែលពាក់ព័ន្ធ ពិសេសជិះរថយន្តជាមួយគ្នាសរុប​ចំនួន ៨៨ តម្រូវឱ្យទៅ​យក​សំណាក រួចរាល់ និង​ដាក់​ឲ្យ ធ្វើ​ច​ត្តា​ឡី​ស័ក​។​

ពាក់ព័ន្ធក្នុងរឿងនេះ ​លោក ហ៊ី ធួ​ក អភិបាលស្រុក​ពារាំង បានឱ្យដឹងថា អាជ្ញាធរ​ស្រុក​ពារាំង​បាន​រក ឃើញថា អ្នក​ដែល​បាន​ប៉ះពាល់ ដោយផ្ទាល់ និង​ប្រយោល​ ជាមួយ កម្ម​ការ​នី ឌឿ​ន ច​ន្ធា សរុប ៩៣ នាក់ ក្នុងនោះ​កម្មករ​កាត់ដេរ ៦៣ នាក់ ត្រូវដាក់​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅតាម​សាលា រៀន នៃ​ស្រុក​ពារាំង និង​ពលរដ្ឋ ៣០ នាក់​ទៀត កំពុង​ដាក់​ឲ្យ​ធ្វើ ច​ត្តា​ឡី​ស័ក នៅតាម​ផ្ទះ ដែល​មានការ​យាមកាម ដោយ​កម្លាំង​សមត្ថកិច្ច និង​អាជ្ញាធរ​មូលដ្ឋាន​៕

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner