វ៉ាក់សាំងសម្រាប់សត្វ គោ ក្របី ប្រមាណ២សែនដូស្ដ ដែលជាជំនួយរបស់ប្រទេសចិន បានបញ្ជូនមកដល់កម្ពុជាហើយ

យោងតាមរដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វេង សាខុន តាមរយៈទំព័រហ្វេសប៊ុកនៅថ្ងៃទី២២មេសានេះ បានសរសេរថា ក្នុងនាមថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រទេសកម្ពុជា លោកថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ រដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋប្រជាមានិតចិន ជាពិសេសរដ្ឋមន្រ្តី ក្រសួងកសិកម្ម និងកិច្ចការជនបទចិន ដែលបានផ្តល់ជំនួយវ៉ាក់សាំងជំងឺ ជំងឺសាទឹក និងអ៊ុតក្តាមចំនួន២០ម៉ឺនដូស ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺ សាទឹក និង អ៊ុតក្តាម (FMD) ដែលបាន និងកំពុងកើតមាននៅក្នុងប្រទេសកម្ពុជា។ លោករដ្ឋមន្ត្រីបានឲ្យដឹងថា វ៉ាក់សាំងដែលបានដឹកមកដល់ចុងក្រោយនេះ មានចំនួន១០ម៉ឺនដូស បានមកដល់ប្រទេសកម្ពុជា កាលពីថ្ងៃទី២០មេសា ឆ្នាំ២០២១ ជាប្រភេទវ៉ាក់សាំងជំងឺអ៊ុតក្តាម FMD។

លោកថា វ៉ាក់សាំងនោះ គឺជាការបញ្ជូនមកដល់លើកទី២ បន្ទាប់ពីការផ្ដល់លើកទី១ បានបញ្ជូនមកដល់កាលពីថ្ងៃទី១២ មករា ឆ្នាំ ២០២១ ជាប្រភេទវ៉ាក់សាំងជម្ងឺសាទឹកចំនួន១ដូស។ លោករដ្ឋមន្ត្រី វេង សាខុន បានបញ្ជាក់ថា រហូតមកដល់ពេលនេះ វ៉ាក់សាំងជម្ងឺសាទឹក ដែលទទួលបានក្នុងដំណាក់កាលទី១ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានបើកផ្តល់និងចាក់វ៉ាក់សាំងដល់សត្វគោក្របីរបស់កសិករនៅតាមបណ្តារាជធានី ខេត្ត អស់ចំនួន៤ម៉ឺន៧ពាន់ដូសរួចហើយ ហើយបានធ្វើឱ្យសត្វគោក្របីដែលបានចាក់វ៉ាក់សាំងហើយនោះ មានសុខភាពល្អប្រសើរ។

លោករដ្ឋមន្ត្រី បានបញ្ជាក់បន្តថា វ៉ាក់សាំងជំងឺសាទឹក និងអ៊ុតក្តាមនោះ ត្រូវបានផលិតយ៉ាងពិសេសសម្រាប់លក្ខខ័ណ្ឌអាកាសធាតុនៃប្រទេសកម្ពុជា ដូច្នេះលោកមានជំជឿជាក់យ៉ាងមុតមាំថាវ៉ាក់សាំងទាំងនោះ នឹងមានប្រសិទ្ធភាព និងគុណភាពល្អបំផុតដែលមិនធ្លាប់មានពីមុនមក៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner