កម្លាំងអាវុធហត្ថឃាត់ខ្លួនបុរសម្នាក់ដែលរឹងទទឹងមិនព្រមអនុវត្តន៍វិធានការបិទខ្ទប់ របស់រាជរដ្ឋាភិបាល
ភ្នំពេញៈ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញឃាត់ខ្លួនអ្នករត់ម៉ូតូកង់បី មិនគោរពតាមវិធានការបិទខ្ទប់របស់រាជរដ្ឋាភិបាល ដោយចេញក្រៅលំនៅដ្ឋាន និងធ្វើដំណើរលើដងផ្លូវគ្មានលិខិតអនុញ្ញាត។ ការឃាត់ខ្លួននេះ បានធ្វើឡើងកាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ នៅតាមបណ្តាយផ្លូវសុធារស ភូមិ៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
មន្ត្រីអាវុធហត្ថបានឲ្យដឹងថា នៅពេលដែលកម្លាំង គ.អន្តរាគមន៍ អាវុធហត្ថរាជធានីភ្នំពេញ បានល្បាតក្នុងភូមិសាស្ត្រខណ្ឌចំការមន ដល់ចំណុចខាងលើ ក៏បានឃើញបុរសខាងលើកំពុងតែអង្គុយលើម៉ូតូរ៉ឺម៉កកង់បី ខណៈនោះកម្លាំងគ.អន្តរាគមន៍ អាវុធហត្ថរាជធានីភ្នំពេញ ក៏បានណែនាំពីវិធានការរបស់រាជរដ្ឋាភិបាល ទៅកាន់បុរសនោះដើម្បីចូលរួមបង្ការការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
ប៉ុន្តែបុរសរូបនោះមិនត្រឹមតែមិនស្ដាប់នូវការណែនាំនោះទេ ថែមទាំងបានប្រើកាយវិការមិនសមរម្យឌឺដងមកលើសមត្ថកិច្ចកំពុងអនុវត្តច្បាប់ទៀតផង ឃើញដូច្នោះ កម្លាំងគ.អន្តរាគមន៍ អាវុធហត្ថរាជធានីភ្នំពេញ បានសហការការជាមួយកម្លាំង មូលដ្ឋានអាវុធហត្ថខណ្ឌចំការមន ធ្វើការឃាត់ខ្លួន បុរសម្នាក់នោះ បញ្ជូនទៅ ទៅមន្ទីសង្គមកិច្ចរាជធានីភ្នំពេញ តាមការណែនាំ របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌចំការមន ដើម្បីធ្វើការអប់រំនិងផាកពិន័យតាមច្បាប់៕ដោយៈ ឫទ្ធិស័ក្តិ