ឧត្តមសេនីយ៍ទោ ស៊ុ ពៅ ទៅជាពលរដ្ឋធម្មតាវិញ ក្រោយព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យដកហូតស័ក្ដិ និងបណ្ដេញ ចេញពីក្របខ័ណ្ឌកងទ័ព ពាក់ព័ន្ធការរត់ពន្ធមនុស្ស

ភ្នំពេញ៖ លោក ស៊ុ ពៅ ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យដកហូតស័ក្ដិ និងបណ្ដេញ ឧត្តមសេនីយ៍ទោ ចេញពីក្របខ័ណ្ឌកងទ័ព ក្រោយពាក់ព័ន្ធការរត់ពន្ធមនុស្ស និងក្លាយជាពលរដ្ឋធម្មតាវិញហើយ​។ ព្រះរាជក្រឹត្យ បានត្រាស់បង្គាប់ ថា «មាត្រា១៖ ដកហូតឋានន្ដរស័ក្ដី នាយទាហាន ថ្នាក់ឧត្តមសេនីយ៍ និងលុបឈ្មោះ ចេញពីក្របខ័ណ្ឌ នៃកងយោធពលខេមរភូមិន្ទចំពោះ ឧត្តមសេនីយ៍ទោ ស៊ុ ពៅ អត្តលេខ ០២៣៦៣២ នាយទាហាន ថ្នាក់ឧត្តមសេនីយ៍ នៃកងយោធពលខេមរភូមិន្ទ»។

មន្ដ្រីនគរបាលបានបញ្ជាក់ថា ការឃាត់ខ្លួនឧត្តមសេនីយ៍ទោម្នាក់នេះ និងបក្ខពួក បានធ្វើឡើងនៅវេលាម៉ោង៣៖០០នាទីទាបភ្លឺ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ នៅខាងមុខសណ្ឋាគារ TTP1 ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ដែលបំពានបទបញ្ជារបស់រាជរដ្ឋាភិបាល ស្តីពីការបិទខ្ទប់ភូមិសាស្ត្រ រាជធានីភ្នំពេញ មិនឲ្យធ្វើដំណើរចេញ-ចូល ឆ្លងពីរាជធានីភ្នំពេញ ទៅខេត្តទូទាំងប្រទេស ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩។

នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេរមភូមិន្ទ បានបើកផ្លូវឲ្យសមត្ថកិច្ចខេត្ដស្វាយរៀង ចាត់វិធានការតាមផ្លូវច្បាប់ យ៉ាងម៉ឺងម៉ាត់ មិនលើកលែងឲ្យនោះឡើយ ចំពោះមន្ដ្រីយោធាផ្កាយពីរ ស៊ុ ពៅ មានតួនាទីជាអនុប្រធានក្រុមការងារ ស្រាវជ្រាវយុទ្ធសាស្ដ្រយោធា នៃអគ្គបញ្ជាការ ក្រោយមន្ដ្រីយោធាជាន់ខ្ពស់រូបនេះ ត្រូវបានបង្ក្រាបពាក់ព័ន្ធការរត់ពន្ធជនជាតិចិនជិត៣០នាក់ ពីស្វាយរៀង ទៅរាជធានីភ្នំពេញ។

ឈ្មោះ ស៊ុ ពៅ និងបក្ខពួកចំនួន៦នាក់ផ្សេងទៀត ដែលបានឃាត់ខ្លួនរឿងរត់ពន្ធជនជាតិចិនពីខេត្តស្វាយរៀង ទៅរាជធានីភ្នំពេញ ផ្ទុយពីបទបញ្ជារបស់រាជរដ្ឋាភិបាលពេលកំពុងទប់ស្កាត់ជំងឺកូវីដ១៩ ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តស្វាយរៀង ដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់ជាធរមាន៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner