អង្គការ AIP និងដៃគូ ចាប់ផ្តើមសិក្សាពីលទ្ធភាពផ្លាស់ប្តូររថយន្តដឹកកម្មករដែលមានសុវត្ថិភាព
ភ្នំពេញ៖ អង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំកម្ពុជា ហៅកាត់ AIP និងដៃគូ បានប្រកាសផ្តើមអនុវត្តការសិក្សាស្រាវជ្រាវស្តីពីលទ្ធភាព និងជម្រើសក្នុងការផ្លាស់ប្តូររថយន្តដឹកកម្មករនិយោជិត មករថយន្តដែលមានសុវត្ថិភាពជាងបច្ចុប្បន្ន ដែលជាប្រភេទរថយន្តដឹកទំនិញ ឬហៅថា រថយន្តកូរ៉េ។
លោក គឹម បញ្ញា នាយកប្រតិបត្តិអង្គការAIP បានឱ្យដឹងថា អង្គការរបស់លោក កំពុងសហការជាមួយមជ្ឈមណ្ឌលសិក្សាគោលនយោបាយ ក្នុងការអនុវត្តការសិក្សាស្រាវជ្រាវមួយស្តីពីលទ្ធភាព និងជម្រើសក្នុងការផ្លាស់ប្តូររថយន្តដឹកកម្មករនិយោជិត មកជារថយន្តដែលមានសុវត្ថិភាព មានកៅអីអង្គុយត្រឹមត្រូវ និងមានចំនួនផ្ទុកតាមការកំណត់ ដូចជារថយន្តប្រភេទទេសចរណ៍(ឡានក្រុង)ជាដើម។
ថ្លែងក្នុងឱកាសប្រកាសចាប់ផ្តើមអនុវត្តគម្រោង តាមរយៈប្រព័ន្ធវីដេអូZoom នាពេលថ្មីៗនេះ លោក គឹម បញ្ញា បានបញ្ជាក់ថា ការសិក្សានេះនឹងផ្តោតសំខាន់លើក្រុមគោលដៅចំនួន៣ក្រុមដែលស្ថិតក្នុងរាជធានីភ្នំពេញ ខេត្តតាកែវ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ចាម រួមមានអ្នកបើកបររថយន្តដឹកកម្មករនិយោជិត កម្មករនិយោជិត ព្រមទាំងតំណាងអ្នកពាក់ព័ន្ធនៃស្ថាប័នរាជរដ្ឋាភិបាល សង្គមស៊ីវិល សហជីព សមាគមអ្នកបើកបរ ភាគីរោងចក្រ វិស័យឯកជន សមាគមរោងចក្រកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង និងដៃគូអភិវឌ្ឍន៍។
ក្រុមគោលដៅ ក៏នឹងត្រូវសម្ភាស និងប្រមូលទិន្នន័យពាក់ព័ន្ធចាំបាច់ឱ្យបានទូលំទូលាយដើម្បី កំណត់ និងវាយតម្លៃជម្រើស និងយន្តការដែលមានសក្តានុពលដើម្បីគាំទ្រដល់ការផ្លាស់ប្តូរទៅជារថយន្ត ដែលមានសុវត្ថិភាពជាងមុនសម្រាប់ផ្តល់សេវាដឹកជញ្ជូនកម្មករនិយោជិត។ បច្ចប្បន្ន នៅកម្ពុជាមានកម្មករនិយោជិតជាង៧០ម៉ឺននាក់កំពុងធ្វើការនៅតាមរោងចក្រ កាត់ដេរសម្លៀកបំពាក់ និងស្បែកជើង ក្នុងនោះភាគច្រើនលើសលប់ជាស្រ្តីដែលចូលរួមចំណែកយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ចគ្រួសារ ក៏ដូចជាសេដ្ឋកិច្ចកម្ពុជា។
យោងតាមរបាយការណ៍របស់បេឡាជាតិសន្តិសុខសង្គមកាលពីឆ្នាំ២០១៩ បានបង្ហាញថា កម្ពុជាមានរថយន្តចំនួន៤.៥៣៧គ្រឿងកំពុងផ្តល់សេវាដឹកកម្មករ
និយោជិត ទៅមកបំពេញការងារ ក្នុងនោះមានរថយន្តដឹកទំនិញ (រថយន្តកូរ៉េ)ចំនួន២៨២៧គ្រឿង ស្មើនឹង៦២ភាគរយ។ លោក ចាន់ សុផល នាយកមជ្ឈមណ្ឌលសិក្សាគោលនយោបាល ដែលនឹងធ្វើការវិភាគអំពីតម្លៃចំណាយប៉ាន់ស្មានសម្រាប់ការផ្លាស់ប្តូរដ៏មានសារសំខាន់នេះ បានឱ្យដឹងថា លទ្ធផលនៃការសិក្សាស្រាវជ្រាវ នឹងត្រូវយកទៅធ្វើការពិគ្រោះយោបល់ និងផ្សព្វផ្សាយជាបន្តបន្ទាប់ជាមួយអ្នកពាក់ព័ន្ធក្នុងកិច្ចប្រជុំ និងសិក្ខាសាលាថ្នាក់ជាតិប្រចាំឆ្នាំសំដៅជំរុញឱ្យមានការទទួលយកនូវលទ្ធផល និងអនុសាសន៍ ព្រមទាំងការចាត់វិធានការឱ្យបានឆាប់រហ័សឆ្លើយតបនឹងបញ្ហាប្រឈមរបស់កម្មករនិយោជិតកម្ពុជា។
យោងតាមរបាយការណ៍ស្តីពីលទ្ធផលការងារសម្រេចបានឆ្នាំ២០១៩ និងទិសដៅ អនុវត្តបន្តឆ្នាំ២០២០ របស់បេឡាជាតិសនិ្តសុខសង្គម បានបង្ហាញថា ៣៦ភាគរយនៃគ្រោះថា្នក់ការងាររបស់កម្មករដែលបានរាយការណ៍ គឺជាគ្រោះថ្នាក់ចរាចរណ៍ ។ កម្មករនិយោជិតដែលធ្វើដំណើរតាមរថយន្តដឹកកម្មកររួម នៅតែបន្តទទួលរងគ្រោះនៅពេលធ្វើដំណើរទៅមកបំពេញការងារ។ បើគិតជាមធ្យមក្នុងមួយខែៗ មានករណីគ្រោះថ្នាក់លើរថយន្តដឹកកម្មករ រួមបែបនេះ យ៉ាងតិចណាស់ក៏មួយករណីដែរ និងបណ្តាលឱ្យកម្មករនិយោជិតរងរបួសធ្ងន់ស្រាលជាច្រើនសិបនាក់ក្នុងករណីនីមួយៗ និងករណីខ្លះរហូតដល់ស្លាប់បាត់បង់ជីវិត៕