រដ្ឋមន្ដ្រីក្រសួងសុខាភិបាល សម្ដែងការព្រួយបារម្ភ ចំពោះការកើន​ឡើង នៃអ្នកជំងឺកូវីដ១៩ ហើយសូមមានចូលរួមពីពលរដ្ឋគ្រប់គ្នា

អត្ថបទដោយ៖
ជា សេឌី

ឯកឧត្តមសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានសម្ដែងការព្រួយបារម្ភកាន់តែខ្លាំង ចំពោះការកើនឡើង នៃចំនួនអ្នកវិជ្ជមានជំងឺកូវីដ១៩ ប្រសិនបើប្រជាពលរដ្ឋមួយចំនួន នៅតែបន្ដមិនអនុវត្ដតាមវិធានសុខាភិបាល និងការណែនាំរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញ ដើម្បីបង្ការ និងកាត់ផ្ដាច់ការចម្លងជំងឺកូវីដ១៩នេះ។

ការថ្លែងរបស់ឯកឧត្តមរដ្ឋមន្ដ្រីសុខាភិបាល នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ ក្នុងឱកាសអញ្ជើញចុះពិនិត្យទីតាំងព្យាបាលជំងឺកូវីដ១៩ ​ចំនួន៣ទីតាំង៖ គឺនៅសែនសុខ១ ដាក់អ្នកជំងឺបានចំនួន ៩៧៥គ្រែ, សែនសុខ ២ ចំនួន១៤០០គ្រែ និងនៅ  ពហុកីឡដ្ឋានអូឡាំពិក ៨០០-១០០០គ្រែ។

ឯកឧត្តម ម៉ម ប៊ុនហេង បានថ្លែងបញ្ជាក់ថា «អ្វីដែលកាន់តែព្រួយបារម្ភខ្លាំងនោះ គឺការដែលពលរដ្ឋរបស់យើង ធ្វើចត្ដាឡីស័កមិនច្បាស់លាស់, ពិសេសក្នុងទីតាំងបិទខ្ទប់ ក្នុងតំបន់ក្រហម បើគាត់អត់ទៅណា នៅមួយកន្លែងនោះ មិនជាបញ្ហាចោទទេ តែបើគាត់ដើរ គឺជាបញ្ហាដែលអាចនាំយកជំងឺនេះទៅចម្លងនៅតំបន់ដទៃផ្សេងទៀត ដែលពិបាកក្នុងការកាត់ផ្ដាច់ការចម្លងជំងឺកូវីដ១៩ ដែលធ្វើឱ្យការបិទខ្ទប់ នៅតែបន្ដក្នុងរយៈពេលយូរថ្ងៃបន្ថែមទៀត»។

ឯកឧត្តមបន្ដថា «គោលបំណងក្នុងការបិទខ្ទប់ តំបន់ក្រហម គឺមិនចង់ឱ្យមានការចម្លងជំងឺកូវីដ១៩នេះ ទៅកន្លែងឬតំបន់ផ្សេងទៀត កាលណាយើងត្រួតត្រាតំបន់បិទខ្ទប់បានល្អ មិនឆ្លងទៅតំបន់ផ្សេងទៀត ហើយមានការចូលរួមពីប្រជាពលរដ្ឋនោះ យើងនឹងអាចកាត់ផ្ដាច់ការចម្លងនេះក្នុងពេលមួយដ៏ខ្លី។ ក្នុងកាលៈទេសៈបិទខ្ទប់នេះ ក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋយើង ត្រូវបន្ដអនុវត្ដវិធានសុខាភិបាល គឺត្រូវតែពាក្យម៉ាស រក្សាគម្លាតពីគ្នា យ៉ាងតិច១ម៉ែត្រកន្លះ ធ្វើយ៉ាងម៉េច កុំជួបជុំគ្នា ហូបចុក ផឹកស៊ី និងត្រូវនៅដាច់ដោយឡែកពីគ្នា»។

ឯកឧត្តមសាស្ដ្រាចារ្យ បានលើកឡើងទៀតថា ការចូលរួមពីប្រជាពលរដ្ឋ គឺមានសារៈសំខាន់ណាស់ ដើម្បីរួមគ្នាជាមួយរាជរដ្ឋាភិបាលយើងបញ្ចប់ព្រឹត្ដិការណ៍ «សហគមន៍២០កុម្ភៈ» ជាពិសេសមិនត្រូវចាត់ទុកជំងឺកូវីដ១៩ ជាជំងឺធម្មតានោះទេ ព្រោះវាបណ្ដាលឱ្យស្លាប់ ដូចកន្លងទៅយើងឃើញហើយ ក្មេងមិនចោទខ្លាំង គឺមនុស្សចាស់ កាលណាក្មេងៗដើរទៅខាងក្រៅត្រលប់មកផ្ទះវិញ ចម្លងជំងឺនេះ ដល់អ្នកផ្ទះ ដែលមានម្ដាយ យាយតា ដែលជាមនុស្សចាស់ ដែលធ្វើឱ្យឈឺធ្ងន់ធ្ងរ គ្រោះថ្នាក់ដល់បាត់បង់ជីវិត ព្រោះភាគច្រើនមនុស្សចាស់ តែងតែមានជំងឺរុំារ៉ៃប្រចាំកាយដូចជា ជំងឺទឹកនោមផ្អែម លើសឈាមជាដើម ដែលត្រូវតែប្រុងប្រយ័ត្នខ្ពស់។

សូមបញ្ជាក់ថា មកទល់នឹងពេលនេះ កន្លែងសម្រាកព្យាបាលនៅរាជធានីភ្នំពេញ មានការកើនឡើងជាបន្ដបន្ទាប់ រហូតដល់មានជាង១០ទីតាំង៖ ពេទ្យមិត្ដភាពខ្មែរសូវៀត, មណ្ឌលសុខភាពចាក់អង្រែ, មណ្ឌលព្យាបាលជំងឺរបេង និងហង់សិន, មន្ទីរពេទ្យហ្លួងម៉ែ, មន្ទីរពេទ្យព្រះអង្គឌួង, នៅហ្រ្គេនឌុក, កោះពេជ្រ, សែនសុខ១, សែនសុខ២, មូឌែន២ជាដើម៕

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner