ការធ្វើដំណើរឆ្លងកាត់ពី ខេត្តមួយទៅខេត្តមួយ ត្រូវបានអនុញ្ញាត ប៉ុន្តែ ភ្នំពេញ-ក្រុងតាខ្មៅ និងតំបន់បិទខ្ទប់ផ្សេងទៀតដែលសម្រេចដោយរដ្ឋបាលខេត្តនានា ត្រូវបានហាមឃាត់ដដែល
ភ្នំពេញ៖ ឯកឧត្តមគឹមសន្តិភាព រដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យក្រសួងយុត្តិធម៌បានបញ្ជាក់ថាបើទោះបីរាជរដ្ឋាភិបាលនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីសម្រេចបញ្ចប់ការហាមឃាត់ធ្វើដំណើរ និងបញ្ចប់ការបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេសក្តី ប៉ុន្តែនៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅនិង តំបន់បិទខ្ទប់ផ្សេងទៀតដែលសម្រេចដោយរដ្ឋបាលខេត្តនានា ត្រូវបានហាមឃាត់ដដែលទេ។
ពាក់ព័ន្ធក្នុងរឿងនេះ ឯកឧត្តម គឹម សន្តិភាពបានធ្វើការពន្យល់ថាសូមជម្រាបជូនថា ការធ្វើដំណើរឆ្លងកាត់ចេញចូលភូមិសាស្ត្រខេត្តមួយទៅខេត្តមួយ ត្រូវបានអនុញ្ញាត តាមសេចក្តីសម្រេចលេខ ៥៣ សសរ ចុះថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាល! ប៉ុន្តែការធ្វើដំណើរចេញចូលឆ្លងកាត់រាជធានីភ្នំពេញ និងក្រុងតាខ្មៅខេត្តកណ្តាល ដែលជាតំបន់បិទខ្ទប់ រួមទាំងតំបន់បិទខ្ទប់ផ្សេងទៀតដែលសម្រេចដោយរដ្ឋបាលខេត្តនានា ត្រូវបានហាមឃាត់ដដែល លើកលែងតែការធ្វើដំណើរដើម្បីបំពេញមុខងារក្នុងការផ្តល់សេវាសង្គ្រោះបន្ទាន់ សេវាសាធារណៈចាំបាច់និងបន្ទាន់ សេវាពាក់ព័ន្ធនឹងការងារសន្តិសុខនិងសណ្តាប់ធ្នាប់សាធារណៈ ឬសេវាដឹកជញ្ជូនទំនិញ និងករណីចាំបាច់ផ្សេងទៀតដោយមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច ដោយអនុវត្តតាមសេចក្តីសម្រេចលេខ ៤៩ សសរ ចុះថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាល៕ដោយ៖ម៉ាដេប៉ូ