សេចក្ដីណែនាំស្តីពីការពង្រឹងការអនុវត្តវិធានការដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងការអនុវត្តវិធានការនៅក្នុងភូមិសាស្ដ្រដែលត្រូវបានបិទខ្ទប់ នៅតាមបណ្ដារាជធានី-ខេត្ត
១. ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅត្រូវបន្តពង្រឹងការអនុវត្តការបិទខ្ទប់នេះ។
២. ភូមិសាស្ត្រដែលមានការផ្ទុះឆ្លងរាលដាលនៃជំងឺកូវីដ១៩ គណៈអភិបាលអាចចាត់វិធានការ កាត់ផ្តាច់ និងទប់ស្កាត់ការឆ្លងនេះ ដូចជាការបិទខ្ទប់, ការផ្អាកសកម្មភាពការងារ, សកម្មភាពចរាចរណ៍ និងស្វែងរកអ្នកពាក់ព័ន្ធទៅយកសំណាកជាដើម។
៣. អ្នកធ្វើដំណើរចេញពីតំបន់ដែលមានការឆ្លងខ្លាំង គណៈអភិបាលខេត្តត្រូវចាត់វិធានការយកសំណាករបស់អ្នកដំណើរ, ពង្រឹងវិធានការសុខាភិបាល, វិធានចត្តាឡីស័កសម្រាប់អ្នកមករស់នៅរយៈពេលវែង។ សំរាប់អ្នកដំណើររយៈពេលខ្លី, ឆ្លងកាត់ ឬមានលិខិតបញ្ជាបេសកកម្ម គណៈអភិបាលត្រូវរៀបចំការយកសំណាកវិភាគរហ័ស។
៤. ករណីមានការឆ្លងរាលដាលក្នុងខេត្តដែលមានព្រំប្រទល់ជាប់ខេត្តដែលស្ថិតក្នុងសមត្ថកិច្ចខ្លួន គណៈអភិបាលអាចសហការគ្នាដាក់ចេញវិធានការរឹតត្បិត ឬហាមឃាត់ការធ្វើដំណើរចេញចូលឆ្លងកាត់ភូមិសាស្ត្រនោះជាបណ្តោះអាសន្ន។



