អាជ្ញាធរខណ្ឌមានជ័យ ចុះពិនិត្យទីតាំងធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃ រករោគសញ្ញាកូវីដ ១៩លើកម្មករ កម្មការិនី រោងចក្រ ដែលទើបវិលត្រឡប់ចូលមូលដ្ឋានខណ្ឌមានជ័យ
ភ្នំពេញ៖ លោក ឌី រ័ត្នខេមរុណ អភិបាលរង តំណាង លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ កាលពីល្ងាចថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០ បានដឹកនាំមន្រ្តីខណ្ឌ និង សង្កាត់ រួមទាំង លោកនាយកសាលាភូមិឬស្សី ចុះពិនិត្យទីតាំង សាលាបឋមសិក្សា ភូមិឬស្សី ដែលមានទីតាំង ក្នុងភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ដែលជាគោលដៅចំនុចខ្ពស់លើទីតាំង សម្រាប់ធ្វើចត្តាឡីស័ក រយះពេល១៤ថ្ងៃ រករោគសញ្ញាកូវីដ ១៩ ( Covid19) លើកម្មករ កម្មការិនី រោងចក្រ ដែលទើបវិលត្រឡប់ចូលមូលដ្ឋានខណ្ឌមានជ័យ ។

ក្នុងការចុះត្រួតពិនិត្យក្នុងបរិវេណសាលាបឋមសិក្សាភូមិឬស្សីមានការចូលរួមពី៖
– លោក ទូច សំអុល ចៅសង្កាត់ស្ទឹងមសនជ័យទី២
– លោក សេង សីវណ្ណថា ចៅរងសង្កាត់ស្ទឹងមានជ័យទី២
– លោក ប៊ី សុផល ប្រធានការិយាល័យអប់រំខណ្ឌមានជ័យ
– លោក ប៉ាន់ ស៊្រា នាយកសាលាបឋមសិក្សាភូមិឬស្សី
– លោក មេភូមិឬស្សី ។

សូមបញ្ជាក់ថាគោលដៅចំនុចខ្ពស់ក្នុងបរិវេណសាលាបឋមសិក្សាភូមិឬស្សី គឺបានរៀបចំរួចជាស្រេចនៅបន្ទប់ចំនួន២៤បន្ទប់ ក្នុងការទុកដាក់សម្រាប់កម្មករ កម្មការិនី ស្នាក់នៅរយះពេល១៤ថ្ងៃដាច់ដោយឡែក នៅពេលកម្មករត្រឡប់មកពីស្រុកកំណើតវិញ។

ក្នុងនោះដែរក្រោយពីចុះត្រួតពិនិត្យលើទីតាំងសាលាបឋមសិក្សាភូមិឬស្សីទាំង២៤បន្ទប់រួចមក លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ៏យ បាននាំយកថវិកា លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ ឧបត្ថម្ភជូនដល់លោកនាយកសាលាក្នុងការរៀបចំបណ្តាញប្រព័ន្ធភ្លើង និងទឹក សំរាប់កម្មករ កម្មការិនី ស្នាក់នៅផងដែរ៕



