ប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់ និងតំបន់ក្រហម បានទទួលស្បៀងអាហារដោយគ្មានបញ្ហា

ភ្នំពេញៈការដោះស្រាយជាអំណោយស្បៀងអាហារជូនប្រជាពលរដ្ឋមានជីវភាពទីទ័ល ឬការលក់ក្នុងតម្លៃសមរម្យជូនប្រជាពលរដ្ឋនៅក្នុងតំបនបិទខ្ទប់ និងតំបន់ក្រហម នៅរាជធានីភ្នំពេញនិងក្រុងតាខ្មៅ បានប្រព្រឹត្តទៅដោយរលូន និងមានប្រសិទ្ធភាព បើទោះបីមានភាពរអាក់រអួលខ្លះនៅកន្លែងខ្លះដោយសារវិធានសុខាភិបាលក៏ដោយ ក៏ស្បៀងអាហារនៅតែអាចផ្តល់ទៅបានដដែល។ អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបញ្ជាក់ថា មិនមានប្រជាពលរដ្ឋនៅក្នុងតំបន់បិទខ្ទប់នៅរាជធានីភ្នំពេញនិងក្រុងតាខ្មៅ ប៉ះពាល់ដោយការខ្វះស្បៀងនោះឡើយ។

នៅរាជធានីភ្នំពេញរដ្ឋបាលរាជធានីសហការជាមួយកងទ័ពជើងគោក បានធ្វើសកម្មភាពដឹកជញ្ជូនស្បៀងអាហារយកទៅចែកប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតទាំងអស់ នៅក្នុងរាជធានីភ្នំពេញ ក្នុងអំឡុងពេលនៃការបិទខ្ទប់រាជធានីភ្នំពេញយ៉ាងមមាញឹក។ ប្រជាពលរដ្ឋជាងមួយម៉ឺនគ្រួសារបានទទួលអំណោយទាំងនេះរួចមកហើយ។ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញបានបញ្ជាក់កាលពីថ្ងៃទី២៦ខែមេសាថាអនុវត្តតាមការណែនាំរបស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អាជ្ញាធររាជធានីភ្នំពេញសហការជាមួយកម្លាំងកងទ័ពជើងគោក បានដឹកស្បៀងអាហារយកទៅចែកជូនប្រជាពលរដ្ឋ និងកម្មករទីទ័លក្រចំនួន១២.០០០គ្រួសាររួចមកហើយ។ ប្រជាពលរដ្ឋទាំង១២.០០០គ្រួសារនេះ រស់នៅក្នុងភូមិសាស្រ្តខណ្ឌទាំង១៤។ ក្នុងនោះ ខណ្ឌពោធិសែនជ័យចំនួន៣.៥០០គ្រួសារ ខណ្ឌមានជ័យ២.០០០គ្រួសារ ខណ្ឌដង្កោ២០០គ្រួសារ ខណ្ឌសែនសុខ៥០០គ្រួសារ ខណ្ឌព្រែកព្នៅ១៥០០គ្រួសារ ខណ្ឌឬស្សីកែវចំនួន៥០០គ្រួសារ ខណ្ឌជ្រោយចង្វា ៥០០គ្រួសារ ខណ្ឌដូនពេញចំនួន៧០០គ្រួសារ ខណ្ឌ ៧មករា១០០០គ្រួសារ ខណ្ឌទួលគោក៣០០គ្រួសារ ខណ្ឌចំការមន៣០០គ្រួសារ ខណ្ឌបឹងកេងកង៥០០គ្រួសារ និងខណ្ឌច្បារអំពៅចំនួន៥០០គ្រួសារ ។

លោកអភិបាលរងបានបន្តថា សកម្មភាពនេះកំពុងធ្វើបន្តទៀត ។តាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល និងអនុវត្តន៍ផ្ទាល់ដោយរដ្ឋបាលរាជធានីភ្នំពេញ គឺ មិនអនុញ្ញាតឱ្យប្រជាពលរដ្ឋខ្វះស្បៀង ម្ហូបអាហារដោយអាជ្ញាធរមិនបានដឹង មិនបានដោះស្រាយជូនពួកគាត់នោះឡើ។ ក្នុងសកម្មភាពដឹកជញ្ជូនស្បៀង ម្ហូបអាហារយកទៅចែកជូនប្រជាពលរដ្ឋខ្វះខាតនៅតំបន់បិទខ្ទប់នេះ កងកម្លាំងទ័ពជើងគោកអនុវត្តតាមបទបញ្ជារបស់ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការង នៃកងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងទ័ពជើងគោក បានប្រើប្រាស់កងកម្លាំងទ័ពជើងគោក ចំនួន២០៦នាក់ និងរថយន្ត៦២គ្រឿង។ ស្បៀងអាហារដែលយកទៅចែកជូនមានដូចជា អង្ករ, មី, ទឹកត្រី, ទឹកស៊ីអ៊ីវ និងត្រីខជាដើម។

ចំណែកឯកឧត្តម ស៊ាង ថៃ អ្នកនាំពាក្យក្រសួងពាណិជកម្ម បានបញា្ជក់នៅថ្ងៃទី២៧ខែមេសានេះថា សេចក្ដីណែនាំលេខ ០១ សណន ចុះថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាលស្ដីពីវិធានការលម្អិតដើម្បីរឹតបន្តឹងការអនុវត្តសេចក្ដីសម្រេចស្ដីពីការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញនិងក្រុងតាខ្មៅនៃខេត្តកណ្ដាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បានប្រគល់ភារកិច្ចឱ្យក្រសួងពាណិជ្ជកម្មលក់ស្បៀងមូលដ្ឋានជាបន្ទាន់និងសម្របសម្រួលឱ្យមានការផ្គត់ផ្គង់ ដឹកជញ្ជូន និងចែកចាយស្បៀងអាហារ និងគ្រឿងឧបភោគបរិភោគចាំបាច់សម្រាប់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់ក្រហម ដោយហេតុថា ទីផ្សារ និងទីកន្លែងលក់ម្ហូបអាហារនិងគ្រឿងឧបភោគបរិភោគមួយចំនួន ត្រូវបានផ្អាកសកម្មភាពជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងអំឡុងពេលដែលប្រជាពលរដ្ឋក្នុងតំបន់ក្រហមត្រូវបានហាមឃាត់មិនឱ្យធ្វើដំណើរចេញពី លំនៅឋានដ្ឋាន ឬទីសំណាក់ លើកលែងតែករណីចាំបាច់ និងបន្ទាន់មួយចំនួន ដូចមានចែងក្នុងសេចក្តីណែនាំខាងលើ។

ឯកឧត្តមបន្តថា ក្រសួងពាណិជ្ជកម្មបានរៀបចំឱ្យមានការផ្គត់ផ្គង់លក់ស្បៀងតាមរថយន្តចល័ត តាមស្តង់ និងសេវាលក់ស្បៀងមូលដ្ឋានតាមប្រព័ន្ធទូរស័ព្ទ និងលក់តាមទីផ្សារអនឡាញ ហើយដឹកជញ្ជូនចែកចាយដល់មុខផ្ទះរបស់ប្រជាពលរដ្ឋក្នុងតំបន់ក្រហម។ ស្បៀងអាហារ និងគ្រឿងឧបភោគបរិភោគចាំបាច់ជាមូលដ្ឋានដែលលក់ផ្គត់ផ្គង់ដោយក្រសួងពាណិជ្ជកម្ម ក្នុងតម្លៃទាបជាងទីផ្សារ រួមមាន អង្ករ មីកញ្ចប់ ត្រីខកំប៉ុង ទឹកត្រី ទឹកស៊ីអីវ ទឹកបរិសុទ្ធ ឆៃប៉ូវ និងស្បៀងមួយចំនួនទៀតដែលដាក់លក់នៅលើទីផ្សារអនឡាញរបស់ក្រសួងពាណិជ្ជកម្ម ដោយផ្តល់សេវាដឹកជញ្ជូនដល់លំនៅឋានរបស់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់ក្រហមដោយមិនគិតថ្លៃឈ្នួល ដែលរៀបចំដោយក្រុមការងារក្រសួងពាណិជ្ជកម្មផ្ទាល់ សំដៅចូលរួមអនុវត្តឱ្យបានម៉ឺងម៉ាត់ និងត្រឹមត្រូវបំផុតនូវវិធានការពារកូវីដ-១៩ កំណត់ដោយក្រសួងសុខាភិបាល។ ឯកឧត្តមបន្តថាគិតមកដល់ថ្ងៃនេះក្រសួងបានទទួល ការបញ្ជាទិញយ៉ាងច្រើនពីប្រជាជន លើទីផ្សារអនឡាញក្រសួងពាណិជ្ជកម្ម ដោយបាននិងកំពុងសម្របសម្រួលបញ្ជូនស្បៀងជូនប្រជាពលរដ្ឋក្នុងតំបន់ក្រហមបានចំនួន៥៩៧ ការបញ្ជាទិញ។

ចំពោះប្រជាពលរដ្ឋក្រីក្រដែលកំពុងជួបប្រទះនូវបញ្ហាខ្វះខាតស្បៀងអាហារប្រចាំថ្ងៃចាំបាច់ជាបន្ទាន់ នៅក្នុងអំឡុងពេលនៃការបិទខ្ទប់នេះ ហើយគ្មានលទ្ធភាពទិញ ស្បៀងដែលលក់ផ្គត់ផ្គង់ដោយក្រសួងពាណិជ្ជកម្ម និងលក់ដោយអាជីវករឯកជន ប្រជាពលរដ្ឋក្រីក្រទាំងនោះអាចជូនដំណឹងទៅគណៈកម្មការជាតិគ្រប់គ្រង និងដឹកនាំការអនុវត្តវិធានការបិទខ្ទប់ ដែលហៅកាត់ថា “គ.ប.ខ.” តាមរយៈក្រុមតេឡេក្រាម (Group Telegram) “តម្រូវការបន្ទាន់នូវជំនួយស្បៀងចាំបាច់ (គ.ប.ខ.)” ដោយបញ្ជាក់ឲ្យបានច្បាស់លាស់អំពី៖ (១) ស្ថានភាពមុខរបរ, (២) ស្ថានភាពគ្រួសារ, (៣) ស្ថានភាពបន្ទាន់ចាំបាច់ដែលមានតម្រូវការស្បៀង, (៤) ទីតាំងស្នាក់នៅ ដូចជា លេខផ្ទះ លេខផ្លូវ សង្កាត់ ខ័ណ្ឌ និង (៥) លេខទំនាក់ទំនង ដើម្បីទទួលបាននូវស្បៀងជំនួយសង្គម។ បន្ទាប់នោះ គណៈកម្មការ គ.ប.ខ.នឹងរៀបចំចាត់ចែងជូនតាមសំណូមពរ ជាបន្ទាន់និងតាមការចាំបាច់។

អ្នកនាំពាក្យដដែលបញ្ជាក់ថា ជាមួយនឹងការលក់ផ្គត់ផ្គង់ស្បៀង និង គ្រឿងឧបភោគបរិភោគចាំបាច់សម្រាប់ប្រជាពលរដ្ឋនៅក្នុងតំបន់ក្រហមដូចបានបញ្ជាក់ខាងលើ ក្រសួងពាណិជ្ជកម្មក៏បានបញ្ចេញស្បៀងឱ្យចរាចរណ៍ក្នុងទីផ្សារតាមរយៈរថយន្តចល័តរបស់ក្រុមហ៊ុនហ្គ្រីនត្រេដ និងរបស់ក្រសួងចំនួន៨គ្រឿង និងបើកស្ដង់លក់ទំនិញរបស់ក្រសួងពាណិជ្ជកម្ម សរុបមាន ១១ ទីតាំង ដែលមាន ២៥ ស្តង់ ដើម្បីទ្រទ្រង់ស្ថិរភាពថ្លៃទំនិញជាស្បៀងមូលដ្ឋាន ក៏ដូចជា ទប់ស្កាត់ការឡើងថ្លៃហួសហេតុដែលបង្កឡើងដោយជនឆក់ឱកាស និងជនខិលខូចមួយចំនួន។

ក្រសួងពាណិជ្ជកម្មក៏បានចាត់មន្ត្រីរបស់ខ្លួនឱ្យបន្តចុះត្រួតពិនិត្យ និងតាមដានសន្ទស្សន៍ថ្លៃទំនិញតាមទីផ្សារជាប្រចាំ ដើម្បីទប់ស្កាត់ការបន្លំគុណភាព ការលក់ដូរបំប៉ោងតម្លៃទំនិញ ព្រមទាំងណែនាំដល់អាជីវករទាំងអស់ឲ្យបិទស្លាកថ្លៃនៅលើមុខទំនិញ និងកុំឲ្យមានការផ្លាស់ប្តូរថ្លៃទំនិញតាមអំពើចិត្តលើសពីតម្លៃទំនិញដែលបានលក់មុនពេលបិទខ្ទប់។ ក្នុងករណីមានការលួចបន្លំ ដំឡើងថ្លៃណាមួយកើតឡើង ប្រជាពលរដ្ឋអាចរាយការណ៍ជាបន្ទាន់មកកាន់អាជ្ញាធរមានសមត្ថកិច្ច និងអង្គភាពពាក់ព័ន្ធរបស់ក្រសួង ឬមន្ត្រីប្រចាំការនៅតាមស្តង់លក់ទំនិញ ដើម្បីចាត់វិធានការឱ្យបានទាន់ពេលវេលា។

អ្នកនាំពាក្យដដែលបន្ថែមថា ដើម្បីបម្រើតម្រូវការទំនិញជាស្បៀងនិងគ្រឿងឧបភោគបរិភោគដទៃទៀតក្រៅពីស្បៀងដែលក្រសួងលក់ផ្គត់ផ្គង់ ក្រសួងពាណិជ្ជកម្មបានសម្របសម្រួលជាមួយក្រុមហ៊ុនឯកជន និងអាជីវករមួយចំនួនដើម្បីចូលរួមផ្គត់ផ្គង់ទំនិញចាំបាច់ដទៃទៀតជូនដល់ប្រជាពលរដ្ឋ។ តាមរយៈការសម្របសម្រួលនេះ ក្រសួងពាណិជ្ជកម្មបានតម្រូវឱ្យមានការលក់តែទំនិញដែលមានតម្រូវការចាំបាច់បំផុត ដូចជា មាន់ ត្រីសាច់ បន្លែ ផ្លែឈើ អាហារសម្រាប់កុមារ និងម្ហូបក្រៀមផ្សេងៗក្នុងតម្លៃសមស្រប និងតម្រូវឱ្យការលក់មានរបៀបរៀបរយតាមវិធានការពាររបស់ក្រសួងសុខាភិបាល។

ដោយឡែកក្នុងរឿងស្បៀងអាហារនេះដែរ អ្នកនាំពាក្យរាជរដ្ឋាភិបាលបានអះអាងថា មិនមានប្រជាពលរដ្ឋ២លាននាក់ នៅក្នុងតំបន់បិទខ្ទប់នៅក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ដែលរងផលប៉ះពាល់ដោយការអត់ស្បៀងដូចជាការផ្សព្វផ្សាយបំប៉ោងព័ត៌មានរបស់វិទ្យុបរទេសមួយចំនួននោះទេ។ ឯកឧត្តម ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍នៅព្រឹកថ្ងៃទី២៧ខែមេសានេះថា “មិនមែនមនុស្ស២លាននាក់ប៉ះពាល់ស្បៀងទេ។ ចរន្តនៃការចរាចរស្បៀង នៅតែរក្សាជាធម្មតាទេ ក៏ប៉ុន្តែអាស្រ័យដោយតំបន់ខ្លះ និងភូមិសាស្ត្រខ្លះមានការឆ្លងជំងឺកូវីដ១៩ ទើបមានការសម្រេចបិទផ្សារ ក៏ប៉ុន្តែក្រសួងពាណិជ្ជកម្មបានខិតខំប្រឹងប្រែងក្នុងការរៀបចំស្តង់សម្រាប់លក់ស្បៀងអាហាចែករជូនដល់ ប្រជាពលរដ្ឋ។ ផលប៉ះពាល់គឺវាប៉ះពាល់ហើយ ក៏ប៉ុន្តែផលប៉ះពាល់នេះវាតិចជាងតម្លៃនៃការបាត់បង់អាយុជីវិតរបស់ប្រជាពលរដ្ឋ”។ ឯកឧត្តមបានបន្តថា ទាក់ទងការចែកអំណោយ ឬស្បៀងដល់ប្រជាពលរដ្ឋ គឺគេមានសណ្ឋានរបស់គេ។ អ្នកអត់សោះ គឺជូនដោយឥតគិតថ្លៃ ដែលជាអាហារមូលដ្ឋាននៃការរស់នៅ៕
ដោយៈ ពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner