ក្រសួងសុខាភិបាលនឹងអភិវឌ្ឍអភិក្រមថ្មីមួយនៅក្នុងយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាជនរស់នៅក្នុងតំបន់បិទខ្ទប់
អត្ថបទដោយ៖
ទាវ សារៈមុនិន្ទ
ភ្នំពេញៈ លោក ហុក គឹមចេង អគ្គនាយកបច្ចេកទេសសុខាភិបាល នៃក្រសួងសុខាភិបាលបានមានប្រសាសន៍ថា ក្រសួងសុខាភិបាលនឹងអភិវឌ្ឍអភិក្រមថ្មីមួយ នៅក្នុងយុទ្ធនាការចាក់វ៉ាក់សាំង ដោយប្រើប្រាស់កម្លាំងសរុប និងមធ្យោបាយសរុបរបស់ជាតិ ដើម្បីធ្វើយ៉ាងណាឲ្យសេវានេះកៀកបំផុតទៅនឹងប្រជាជនរស់នៅក្នុងតំបន់បិទខ្ទប់ ហើយអាចនឹងធ្វើក្នុងរយៈពេលខ្លីឲ្យការចាក់វ៉ាក់សាំងនេះបានដល់ប្រជាពលរដ្ឋដែលមានអាយុ ១៨ឆ្នាំឡើងទៅនៅក្នុងរាជធានីភ្នំពេញ និងទីប្រជុំជនធំៗនៅក្នុងខេត្តកណ្តាល។

ការបញ្ជាក់នេះបានធ្វើឡើងនៅក្នុងសន្និសីទកាសែតស្តីពីការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ នាទីស្តីការក្រសួងយុត្តិធម៌។ សន្និសីទកាសែតនេះរៀបចំដោយគណៈកម្មការគ្រប់គ្រងនិងដឹកនាំការបិទខ្ទប់។
លោក ហុក គឹមចេង បានបញ្ជាក់ថា “ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលនៅក្នុងគោលដៅនេះ គឺធ្វើយ៉ាងណាឲ្យមានភាពសុំាសហគមន៍ គឺឲ្យបានលឿន។ ជាពិសេសបញ្ចៀសការបិទខ្ទប់សារជាថ្មីទៀតនៅក្នុងករណីមានការរាតត្បាតជំងឺកូវីដ១៩ ។ ដូច្នេះភាពសុំាក្នុងសហគមន៍ដែលបានមកពីការចាក់វ៉ាក់សាំង គឺមានសារសំខាន់ណាស់ ហើយដែលកន្លងមកនេះ ប្រជាពលរដ្ឋបានចូលរួមយ៉ាងសកម្ម និងមានសំនួរច្រើនដែលពាក់ព័ន្ធការចាក់វ៉ាកសាំងនេះ គឺជាការចូលរួមសំខាន់ និងសូមសម្តែងការកោតសរសើរចំពោះប្រជាពលរដ្ឋទាំងអស់ដែលបានយកចិត្តទុកដាក់”។
លោកបានបន្តទៀតថាក្រសួងសុខាភិបាលក៏បានអនុញ្ញាតឲ្យមូលដ្ឋានព្យាបាលឯកជនក៏ដូចជាប្រើប្រាស់តេស្តរហ័សនៅក្នុងការពិនិត្យទៅលើប្រជាពលរដ្ឋដែលចូលទៅព្យាបាលនៅតាមមន្ទីរព្យាបាលឯកជនទាំងអស់ ដែលរួមផ្សំជាមួយមន្ទីរពេទ្យរដ្ឋដែលកំពុងដំណើរការនាពេលច្ចុប្បន្ន។លោកបន្តថា នៅក្នុងស្ថានភាពដែលមានការឆ្លងនៅក្នុងសហគមន៍មានស្ត្រី ដែលមានឆ្លងកូវីដ១៩ បានចូលមកក្នុងមន្ទីរពេទ្យដើម្បីធ្វើការសម្រាលកូន ជាពិសេសនៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត នៅមជ្ឈមណ្ឌលគាំពារមាតា និងទារក ដោយមន្ត្រីសុខាភិបាលបានយកចិត្តទុកដាក់នៅក្នុងបម្រើសេវាសុភិបាលនេះជូនដល់ប្រជាពលរដ្ឋ។នេះគឺជាការអនុវត្តផែនការធានានិរន្តភាពនៅសេវាសុភិបាលមួយដ៏សំខាន់ទាំងក្នុង មន្ទីរពេទ្យជាតិ មន្ទីរពេទ្យសាធារណ និងមន្ទីរពេទ្យឯកជន។យើងឃើញមានមន្ទីរពេទ្យឯកជនមួយចំនួនបានចូលរួមក្នុងការងារនេះជាបន្តបន្ទាប់។
អគ្គនាយកបច្ចេកទេសសុខាភិបាលបានបញ្ជាក់ថា ក្រសួងសុខាភិបាលក៏បានអនុញ្ញាតឲ្យមន្ទីរពេទ្យឯកជនទាំងអស់ដែលមានលក្ខខណ្ឌមួយចំនួន នៅក្នុងការបើក ជាមន្ទីរពេទ្យដើម្បីព្យាបាលជំងឺកូវីដ១៩ ផងដែរ ដើម្បីធ្វើយ៉ាងណាឲ្យអ្នកជំងឺកូវីដ១៩ ក៏អាចសម្រាកព្យាបាលនៅមន្ទីរពេទ្យឯកជន។ នេះគឺជាយុទ្ធសាស្ត្រសំខាន់មួយ គឺធ្វើយ៉ាងណានៅពេលដែលស្ថានភាពជំងឺកូវីដ១៩នៅតែបន្ត។ ដូច្នេះក្រសួងសុខាភិបាលមានតួនាទីភារកិច្ចសំខាន់ដើម្បីធ្វើយ៉ាងណាឲ្យនិរន្តភាពនៃការផ្តល់សេវាជូនដល់ ប្រជាពលរដ្ឋនៅតែអាចធ្វើទៅបាន។ ក្រសួងសុខាភិបាលបានសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងទាំងអស់នៅក្នុងការឆ្លើយយតបជាលក្ខណៈពហុវិស័យ គឺបានបង្កើតជាមន្ទីរពេទ្យសម្រាប់ព្យាបាលជំងឺកូវីដជាច្រើនកន្លែង និងមណ្ឌលថែទាំព្យាបាលជំងឺកូវីដកម្រិតស្រាល ដែលអាចមានលទ្ធភាពដាក់គ្រៃបានប្រមាណជា ៨ពាន់គ្រែ។ ការត្រៀមនៅមន្ទីរពេទ្យដែលមានគ្រែសម្រាប់ជួយសង្គ្រោះគឺជាការសំខាន់ណាស់ ដើម្បីបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលនៅក្នុងការខិតខំនៅក្នុងការជួយដល់ប្រជាពលរដ្ឋ ដែលឆ្លងជំងឺកូវីដ។
សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពិជាកាលពីយប់ថ្ងៃទី២៧ ខែមេសាបានចេញបទបញ្ជាឲ្យបើកយុទ្ធនាការថ្នាក់ជាតិ ចាក់វ៉ាក់សាំងកូវីដ១៩ ដល់ប្រជាពលរដ្ឋ ចាប់ពីអាយុ១៨ឆ្នាំឡើងទៅ ដោយផ្តើមចេញពី «តំបន់ក្រហម» ។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ថា “បន្តិចទៀតខ្ញុំប្រាប់ទៅលោកជំទាវ ឱ វណ្ណឌីន ហើយឲ្យកងទ័ពចូលធ្វើតែម្តង ហើយដើម្បីចៀសវាងប្រជាជនចេញពីតំបន់ក្រហមមកចាក់ខាងក្រៅ ទ័ពចូលទៅរកទីតាំងនៅក្នុងហ្នឹង ដោយទទួលយកភារកិច្ចពីគណៈកម្មការចំពោះកិច្ច ឲ្យកងទ័ពអនុវត្តតែម្តង យកវ៉ាក់សាំងចាក់ជូនប្រជាជននៅតំបន់ហ្នឹង។ ពេលចាក់វ៉ាក់សាំងហ្នឹង កុំខ្វល់ថាប្រជាជនមកពីត្រង់ណាអី ឲ្យតែយល់ព្រមចាក់ គឺចាក់ឲ្យតែម្តង ហើយចេញកាតឲ្យគាត់ទៅ ព្រោះសុទ្ធតែប្រជាជនយើងដដែល តែយើងត្រូវមានសណ្តាប់ធ្នាប់ ដោយសារយើងខ្វះកន្លែង អញ្ចឹងយើងត្រូវឲ្យអាជ្ញាធរមូលដ្ឋានកំណត់ថា ថ្ងៃនេះ ភូមិនេះ ថ្ងៃនោះភូមិនោះ។ អ៊ីចឹងយើងយើងអាចចាប់ផ្តើមយុទ្ធនាការថ្នាក់ជាតិ ប្រើកម្លាំងកងទ័ពចាក់តែម្តង”។
គួរបញ្ជាក់ថាគិតត្រឹមល្ងាចថ្ងៃទី២៧ ខែមេសា ប្រជាជនដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩រួចមានចំនួន ១.២៩៨,៨៥១នាក់។ ក្នុងនេះចាក់ដោយក្រសួងការពារជាតិ ចំនួន ២៩៤.៥៤៣ នាក់និងក្រសួងសុខាភិបាលចំនួន ១.០០៤.៣០៨នាក់។ ដោយឡែកគិតត្រឹមម៉ោង៧ព្រឹក ថ្ងៃទី២៧ ខែមេសា ក្រសួងសុខាភិបាលបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១១.០៦៣នាក់ ក្នុងនោះករណីសហគមន៍២០កុម្ភៈ ចំនួន ១០.៥១៣នាក់ អ្នកជាសះស្បើយចំនួន ៣,៧០៤នាក់ អ្នកកំពុងសម្រាកព្យាបាលចំនួន ៧២៧០នាក់ និងអ្នកស្លាប់ចំនួន៨២នាក់៕
ដោយៈ ពលជ័យ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕