ធនាគារអភិវឌ្ឍន៍អាស៊ីៈសេដ្ឋកិច្ចកម្ពុជានឹងងើបឡើងវិញក្នុងឆ្នាំនេះ ហើយកើនខ្ពស់នៅឆ្នាំក្រោយ
ភ្នំពេញៈ បើយោងតាមរបាយការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ីដែលចេញផ្សាយនៅថ្ងៃនេះបានបញ្ជាក់ថា សេដ្ឋកិច្ចប្រទេសកម្ពុជា ត្រូវបានព្យាករថានឹងកើនឡើង ៤,០ភាគរយ នៅឆ្នាំនេះ និង៥,៥ភាគរយក្នុងឆ្នាំ ២០២២ដោយសារការងើបឡើងវិញនៃសេដ្ឋកិច្ចប្រទេសដៃគូពាណិជ្ជកម្មសំខាន់ៗ ដែលជួយជំរុញតម្រូវការសម្រាប់ការនាំចេញរបស់ប្រទេសកម្ពុជា។

លោកស្រី Sunniya Durrani-Jamal នាយិកាប្រចាំប្រទេសកម្ពុជារបស់ធនាគារអភិវឌ្ឍន៍អាស៊ីឬ អេឌីប៊ី(ADB) បានមានប្រសាសន៍ថា “សេដ្ឋកិច្ចកម្ពុជាបានធ្លាក់ចុះ ៣,១ភាគរយ ក្នុងឆ្នាំ ២០២០ដោយសារការរាតត្បាតជាសកលនៃជំងឺកូវីដ១៩។ រាជរដ្ឋាភិបាលបានឆ្លើយតបយ៉ាងឆាប់រហ័សចំពោះករណីថ្មីៗដែលបានកើតឡើង។ យើងរំពឹងថា សេដ្ឋកិច្ចនឹងវិលត្រឡប់មករកកំណើនវិញក្នុងឆ្នាំ២០២១។ កំណើននេះ នឹងជួយបង្កើនប្រាក់ចំណូលគ្រួសារ ប៉ុន្តែមិនមែនគ្រប់វិស័យនិងតំបន់ទាំងអស់នឹងទទួលបានប្រយោជន៍នេះស្មើគ្នា នោះទេ។ ដូច្នេះវាចាំបាច់ណាស់ក្នុងការតាមដានមើលជីវភាពគ្រួសារទាំងឡាយក៏ដូចជាតម្រូវការគាំទ្របន្ថែមឱ្យបានដិតដល់។”
យោងតាមរបាយការណ៍ទស្សនៈវិស័យអភិវឌ្ឍន៍អាស៊ី (ADO) ២០២១ ផលិតកម្មឧស្សាហកម្មត្រូវ បានគេរំពឹងថា នឹងកើនឡើង៧,១ភាគរយក្នុងឆ្នាំ២០២១ និង៧,០ភាគរយនៅឆ្នាំ ២០២២ ដោយសារការសងើបឡើងវិញនៃវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងទំនិញសម្រាប់ការធ្វើដំណើរក៏ដូចជាកំណើន នៃឧស្សហកម្មធនស្រាលផ្សេងទៀត ដូចជាផលិតផលអេឡិចត្រូនិក និងកង់។ វិស័យកសិកម្មរំពឹង ថានឹងកើនឡើង១,៣ភាគរយ ក្នុងឆ្នាំនេះ និង១,២ភាគរយ ក្នុងឆ្នាំ២០២២ ដោយមានការកើនឡើងនៃ ផលិតកម្មកសិផល បន្ទាប់ពីរងការខូចខាត ដោយទឹកជំនន់កាលពីឆ្នាំមុន ការបន្តមានកំណើននៃ វារីវប្បកម្ម និងការហក់ឡើងនៃការនាំចេញផលិតផលកសិកម្ម ទៅកាន់សាធារណរដ្ឋប្រជាមានិតចិន។
វិស័យសេវាកម្មនឹងស្ទុះងើបឡើងវិញក្នុងល្បឿនយឺតៗ ពោលគឺប្រមាណ៣,៣ភាគរយ ក្នុងឆ្នាំនេះ ទៅ៦,២ភាគរយក្នុងឆ្នាំ២០២២។ កិច្ចប្រឹងប្រែងក្នុងការគ្រប់គ្រងការផ្ទុះឡើងនៃជំងឺ កូវីដ១៩ នៅក្នុងស្រុក ដែលបានចាប់ផ្តើមក្នុងខែកុម្ភៈឆ្នាំ ២០២១កំពុងធ្វើឱ្យសកម្មភាពវិស័យសេវាកម្មធ្លាក់ចុះ។ ការរឹតបន្តឹងការធ្វើដំណើរត្រូវបានរំពឹងថានឹងនៅបន្តស្ទើរតែពេញមួយឆ្នាំ ក្នុងឆ្នាំ២០២១ដែលមានន័យថា វិស័យទេសចរណ៍ មិនត្រូវបានរំពឹងថាអាចជួយជំរុញកំណើនផ្នែកសេវាកម្មនៅឆ្នាំនេះទេ។ វិស័យអចលនទ្រព្យត្រូវបានព្យាករថា នឹងងើបឡើងវិញ ពីការធ្លាក់ចុះកាលពីឆ្នាំមុន ដោយមាននិន្នាការស្រដៀងគ្នា ទៅនឹងឧស្សាហកម្មសំណង់។
របាយការណ៍ដដែលបន្តថា“ល្បឿនមិនស្មើគ្នានៃការងើបឡើងវិញនៃវិស័យនានា នឹងបន្តជាសម្ពាធលើគ្រួសារ និងក្រុមហ៊ុនមួយចំនួននៅឆ្នាំនេះ ដែលនឹងធ្វើឱ្យការងើបឡើងវិញ នៃសេដ្ឋកិច្ចជារួមមានការយឺតយ៉ាវ។ ហានិភ័យចម្បងៗ សម្រាប់ចក្ខុវិស័យសេដ្ឋកិច្ចនេះរួមមានៈ ការរីករាលដាលនៃការផ្ទុះឡើងនៃកូវីដ១៩ នៅតាមសហគមន៍ កំណើនសេដ្ឋកិច្ចយឺតជាងការរំពឹងទុក នៃដៃគូធុរកិច្ចសំខាន់ៗរបស់កម្ពុជា ដូចជាអាម៉េរិក និងអឺរ៉ុប ការបន្តនៃភាពទន់ខ្សោយនៃតម្រូវការក្នុងស្រុក និងបញ្ហាប្រឈមរបស់សេវាកម្មហិរញ្ញវត្ថុ និង ធនាគារ។ ” លោកស្រី Sunniya Durrani បន្តមានប្រសាសន៍ ដោយបន្ថែមថា រាជរដ្ឋាភិបាលចាំបាច់ ត្រូវរក្សាជំហរគោលនយោបាយសារពើពន្ធដែលគាំទ្រកំណើនសេដ្ឋកិច្ចនៅឆ្នាំនេះ និងឆ្នាំក្រោយ។
គួររំលឹកថាបច្ចុប្បន្នធនាគារអភិវឌ្ឍន៍អាស៊ី កំពុងអនុវត្តគម្រោងវិនិយោគ ដែលមានតម្លៃជាង២,១ពាន់លានដុល្លារ នៅកម្ពុជា។ នៅឆ្នាំ២០២០ ធនាគារអភិវឌ្ឍន៍អាស៊ី បានអនុម័តផ្តល់ប្រាក់កម្ចី និងជំនួយឥតសំណងចំនួន៤៧៧លានដុល្លារ ហើយបានកៀគរថវិកាបន្ថែមចំនួន២៨១,៣លានដុល្លារ តាមរយៈសហហិរញ្ញប្បទាន សម្រាប់ប្រទេសកម្ពុជា។ ថវិការបស់ អេឌីប៊ី ដែលត្រៀមសម្រាប់កម្ពុជាក្នុងឆ្នាំ២០២១-២០២៣ រួមមានកម្ចីសម្បទានចំនួន១,៣៥ ពាន់លានដុល្លារ និងជំនួយឥតសំណងចំនួន៣២,៤លានដុល្លារដើម្បី គាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងការស្តារសេដ្ឋកិច្ចជាតិ ពីការរីករាលដាលនៃជំងឺរាតត្បាតកូវីដ-១៩៕
ដោយៈ ជម្ពូនុទ

