ពីតុបាយក្លាយជាគ្រែពេទ្យព្យាបាលជំងឺកូវីដ-១៩៖ តើយើងចង់ឱ្យរោងការនេះនៅតែជាទីតាំងសិរីមង្គល និងសេចក្តីសប្បាយទៀតទេ?

ប្រសិនជាយើងពុំធ្លាប់បានស្គាល់ទីនេះនាមុនថ្ងៃទី២០ ខែកុម្ភៈកន្លងទៅទេ យើងប្រហែលជាគិតថាទីកន្លែងទាំងនេះគឺមន្ទីរព្យាបាល ឬជាមន្ទីរពេទ្យខ្នាតធំមួយដែលមានការរៀបចំគួរឱ្យ ភ្ញាក់ផ្អើល ដោយសារតែផ្ទៃនៃអគារនីមួយៗទាំងមូល ត្រូវបានបើកធំទូលាយ។ ពុំមានខណ្ឌដោយជញ្ជាំង និងតម្រៀបត្រៀបត្រាដោយគ្រែ ឧបករណ៍ បរិក្ខារពេទ្យ សម្រាប់សង្គ្រោះ និង ព្យាបាលអ្នកជំងឺ។ នៅមុនថ្ងៃទី២០ ខែកុម្ភៈឆ្នាំ អគារធំៗជាច្រើនក្នុងបរិវេណនៃមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ត្រូវបានប្រើប្រាស់ច្រើនបែបច្រើនយ៉ាង និងមមាញឹក ស្ទើរតែពុំមានអគារណាទំនេរ ពិសេសនៅរដូវដែលប្រជាពលរដ្ឋនិយមរៀបចំមង្គលការ និងពិសាភោជនាហារ។ អាចនិយាយបានថា ជាកន្លែងសិរីមង្គល កន្លែងសប្បាយរីករាយ និងមានប្រជាប្រិយបំផុតសម្រាប់ការរៀបចំពិធីធំៗ នៅក្នុងនោះជាកន្លែងសម្រាប់ប្រារព្ធជំនួបធំៗរបស់ប្រមុខរាជរដ្ឋាភិបាលជាដើម។

ប៉ុន្តែក្រោយថ្ងៃទី២០ ខែកុម្ភៈ ទីតាំងទាំងនេះប្រែជាស្ងាត់ជ្រងំ ហើយពិសេសជាងនេះទៅទៀតចាប់ពីខែមីនាមក ដោយចំណាយពេលតែប៉ុន្មានសិបម៉ោងប៉ុណ្ណោះ ជញ្ជាំងឃាំងនៃ អគារទាំងនោះត្រូវបានដកចេញ។ អគារខ្លះត្រូវបានកែសម្រួលសម្របទៅតាមតម្រូវការបច្ចេកទេស។ ទីដែលធ្លាប់តែលម្អទៅដោយកម្រាលព្រំក្រហម តុធំៗសម្រាប់ទទួលភ្ញៀវពិសា ភោជនាហារ និងការតុបតែងដោយផ្កាភ្ញីចម្រុះពណ៌ស្រស់បំព្រងជាទីគយគន់ ត្រូវបានជំនួសដោយគ្រែសម្រាប់អ្នកជំងឺរាប់ពាន់គ្រែ និងឧបករណ៍ សម្ភារបរិក្ខារពេទ្យយ៉ាងច្រើនស្អេកស្កះ។ បរិការណ៍ដែលជំរុញឱ្យមានការផ្លាស់ប្តូរជាបណ្តោះអាសន្នបែបនេះ គឺបន្ទាប់ពីការផ្ទុះឡើងនូវព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ នៅរាជធានីភ្នំពេញ។ កំណើននៃការឆ្លងនៃជំងឺកូវីដ១៩ ក្នុងចំណោមប្រជាពលរដ្ឋមានអត្រាកើនឡើងយ៉ាងលឿន និងគួរឱ្យព្រួយបារម្ភ។ ការរៀបចំនេះ ជាផែនការបម្រុងទុកជាមុនរបស់រាជរដ្ឋាភិបាល និងអាជ្ញាធររាជធានី នៅពេលណាដែល មន្ទីរពេទ្យរបស់រដ្ឋមិនអាចទ្រាំទ្របាន ហើយទីនេះក៏ត្រូវបានទទួលអ្នកជំងឺកូវីដ១៩ ចូលសម្រាកព្យាបាលផងដែរ។ ដូចគ្នានេះ កន្លែងដែលមានប្រជាប្រិយភាពជាច្រើនទៀត ក៏ត្រូវបាន រៀបចំបម្រុងទុកដូចកោះពេជ្រដែរ គឺអគារ ដឹព្រីមៀរ សែនសុខ និងអគារពិភពថ្មីសែនសុនព្រមទាំងទីតាំងផ្សេងទៀត។ ទីនោះក្រោយពីរៀបចំតាមបច្ចេកទេសសុខាភិបាលរួចអាច ដាក់គ្រែអ្នកជំងឺរាប់ពាន់គ្រែបន្ថែមទៀត ជាមួយនឹងឧបករណ៍ចាំបាច់បានបំពាក់រួចជាស្រេចដើម្បីព្យាបាលអ្នកជំងឺ។ បច្ចុប្បន្ននេះអាជ្ញាធររាជធានី បាននិងកំពុងដំណើរការយ៉ាងមមាញឹក រៀបចំក្នុងបរិវេណពហុកីឡដ្ឋានអូឡាំពិក សម្រាប់ធ្វើជាមន្ទីរពេទ្យបណ្តោះអាសន្នសម្រាប់អ្នកជំងឺកូវីដ១៩។

មិនមែនជាការចៃដន្យ និងបំភ័យប្រជាពលរដ្ឋឱ្យស្លន់ស្លោរនោះទេ តែជាការគ្រប់គ្រងសភាពការណ៍ទុកជាមុនរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា តែងដាស់តឿនប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នជាមួយជំងឺកូវីដ១៩ ដោយបញ្ជាក់ថា យើងត្រូវធ្វើជាអ្នកខ្លាចដើម្បីរក្សាជីវិត តែមិនភ័យជ្រុលហួសហេតុរហូត ស្លន់ស្លោរនោះទេ។ គិតត្រឹមម៉ោង៧ ថ្ងៃទី២៧ ខែមេសា ម្សិលមិញ ក្រសួងសុខាភិបាលបានជូនព័ត៌មានថា បានរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី ចំនួន៥០៨នាក់ និងមានអ្នកជា សះស្បើយចំនួន១២៧នាក់។ ការរកឃើញថ្មីជាករណីសហគមន៍ទាំងអស់ ក្នុងនោះមាន២៤៧នាក់ ជាប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ។ មកដល់ពេលនេះកម្ពុជាមានឆ្លងសរុបចំនួន ១១.០៦៣នាក់(ករណីនាំចូលពីបរទេសចំនួន៥៥០នាក់)។ ក្នុងនេះករណីឆ្លងជាសហគមន៍ព្រឹត្តិការណ៍ ២០ កុម្ភៈចំនួន ១០.៥១៣នាក់, ករណីជាសះស្បើយចំនួន ៣.៧០៤នាក់, កំពុងព្យាបាលចំនួន ៧.២៧០នាក់ និងអ្នកស្លាប់ចំនួន៨២នាក់។

ឈរលើអ្វីដែលបានផ្លាស់ប្តូរទាំងរូបភាព និងខ្លឹមសាររួចមកហើយ និងគ្រោះថ្នាក់ដល់ជីវិតដែលអាចនឹងកើតឡើងគ្រប់ពេលនាបច្ចុប្បន្នប្រសិនជាយើងម្នាក់ៗធ្វេសប្រហែសនោះ គឺជាក្តីតក់ស្លុត និងសោកស្តាយមួយ។ តើយើងអាចសប្បាយរីករាយបានទេ? នៅពេលទីកន្លែងសិរីមង្គល ដែលធ្លាប់ឮតែសំឡេងសើចក្អាកក្អាយ សំឡេងតន្រ្តីដ៏ពីរោះ និងសកម្មភាព មមាញឹកនៃពាណិជ្ជកម្ម អាជីវកម្មនានា បានក្លាយទៅជាមន្ទីរពេទ្យ ជាគ្រែសម្រាប់អ្នកជំងឺដ៏សាហាវ និងយុទ្ធជនអាវសជំនួសវិញ!

គ្រប់គ្នាៗពិតជាមិនចង់ឃើញទិដ្ឋភាពបែបនេះឡើយ។ ក្នុងជីវិតរបស់យើង និងប្រវត្តិសាស្រ្តខ្មែរសម័យទំនើបបន្ទាប់ពីសង្រ្គាមបានបញ្ចប់បរិបូរណ៍ដោយនយាបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន គឺមានតែលើកនេះទេ ដែលយើងបានជួបនូវស្ថានភាពបិទបម្រាមគោចរ ការបិទខ្ទប់រាជធានី បិទខ្ទប់ក្រុងឬ សង្កាត់ ឃុំ ភូមិមួយចំនួន។ សភាពការណ៍ កន្លែងខ្លះហាក់លំបាកជាងពេលប្រទេសកំពុងមានសង្រ្គាមទៅទៀត។ យើងពិតជាមិនចង់ឃើញ មិនចង់ជួបព្រឹត្តិការណ៍បែបនេះទេ។ ដើម្បីបញ្ចប់ និងបញ្ចៀសទិដ្ឋភាពទាំងនេះ យើងពិតជាអាចធ្វើបាន។ ដូចប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល អ្នកតំណាងអង្គការសុខភាពលោកប្រចាំកម្ពុជាបានបញ្ជាក់ ដើម្បីទប់ស្កាត់ការចម្លងក្នុងសហគមន៍ ប្រសិទ្ធនៃការប្រឆាំងជំងឺកូវីដ១៩ គឺផ្តើមចេញពីការចូលរួមរបស់យើងម្នាក់ៗ។ ការបញ្ចប់ព្រឹត្តិការណ៍សហគមន៍យូរឬឆាប់ គឺអាស្រ័យលើប្រជាពលរដ្ឋម្នាក់ៗទាំងនៅតំបន់លឿង លឿងទុំ និងតំបន់ក្រហម ចូលរួមអនុវត្តន៍ឱ្យបានហ្មត់ចត់តាមការណែនាំរបស់រាជរដ្ឋាភិបាល អនុវត្តន៍វិធានសុខាភិបាល។ អនុវត្តន៍ឱ្យបានម៉ឺងម៉ាត់អនុសាសន៍ “៣ការពារ ៣កុំ “ និង“ ២ចូលរួម”។ សកម្មភាពទាំងនេះ យើងពិតជាអាចធ្វើបាន។ ពិតណាស់ ក្នុងស្ថានភាពបិទខ្ទប់ ឬការកំហិតដោយបម្រាមនានា តិចឬច្រើន នឹងបង្កការលំបាក និងរំខានខ្លះដល់ជីវិតរស់នៅរបស់យើង។ ប៉ុន្តែស្ថានភាពអាប់អ៊ួរទាំងនេះ នឹងបញ្ចប់ទៅវិញនៅពេលយើងម្នាក់ៗបានចូលរួមកាត់ផ្តាច់វា។

ទិដ្ឋភាពរស់រវើកនៃអគារកោះពេជ្រ អគារដឹ ព្រីមៀរ សែនសុខ អគារពិភពថ្មីសែនសុខ និងទីកន្លែងដទៃទៀតនៅរាជធានី ក៏ដូចជាបណ្តាខេត្ត ដែលយើងចង់ឃើញ និងចង់ឲ្យត្រឡប់មកវិញ ក្តីប្រាថ្នានេះនឹងបានសម្រេចដោយការចូលរួមយើង ការសាមគ្គីគ្នាជាធ្លុងមួយរបស់ប្រជាជាតិយើងចូលរួមជាមួយរាជរដ្ឋាភិបាល ដោយអនុវត្តតាមគ្រប់ការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន៕
ដោយៈជម្ពូនុទ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner