តំបន់ក្រហម នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ មិនអនុញ្ញាតឱ្យធ្វើអាជីវកម្ម សូម្បីតែលក់ឥវ៉ាន់ចាប់ហួយ និងមិនអនុញ្ញាតឱ្យចេញ ចូលដាច់ខាត
ភ្នំពេញ៖ រាជធានីភ្នំពេញត្រូវបាន ចែកចេញជា ៣តំបន់ គឺ តំបន់លឿង លឿងទុំ និងតំបន់ក្រហម ។តែក្នុងតំបន់ទាំង៣នេះ តំបន់ក្រហមជាតំបន់ដែលមិនអនុញ្ញាតអោយធ្វើអាជីវកម្មដាច់ខាត សូម្បីតែការលក់ ដូរឥវ៉ាន់ចាប់ហួយ ហើយការធ្វើដំណើរចេញ ចូល ក៏ត្រូវបានហាមដាច់ខាតផងដែរ ទោះជាដើរពីផ្ទះមួយទៅផ្ទះមួយក៏ដោយ ដោយត្រូវ អនុវត្តអោយបានម៉ឺងម៉ាត់បំផុតចាប់ពីថ្ងៃទី២៩ មេសានេះតទៅ ។
នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ខណៈដែលឯឧបានអញ្ជើញជាអធិបតីក្នុងក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ តាមរយៈ video conference នៅសាលារាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៨ មេសានេះ ដើម្បីមានវិធានការផ្សេង ចំពោះតំបន់ពណ៌លឿង លឿងទុំ និង តំបន់ក្រហម ឱ្យបានល្អប្រសើរ ក្នុងការទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ-១៩ ទៅតាមសេចក្តីសម្រេចលេខ៥៤ សសរ ចុះថ្ងៃទី២៦ មេសា ២០២១របស់រាជរដ្ឋាភិបាល។
ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថា កិច្ចប្រជុំនេះធ្វើឡើង ដើម្បីអនុវត្តនូវវិធានការបិទខ្ទប់តំបន់ដែលត្រូវបិទខ្ទប់ ពិសេសតំបន់ពណ៌លឿងទុំ និងតំបន់ក្រហម ។ ក្នុងតំបន់ទាំង២នេះ អាជ្ញាធរខណ្ឌត្រូវចុះល្បាតក្នុងមូលដ្ឋាននេះជាប្រចាំ ដើម្បីទទួលបានព័ត៌មាន ដោយមិនអោយមានការជួបជុំ ឬផឹកស៊ីជាដាច់ខាត បើមានត្រូវតែចាប់យកមកអនុវត្តទោស ។
ឯឧបានបន្តទៀតថា ៖ ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ បើមិនមានការចូលរួមសហការពីប្រជាពលរដ្ឋទេ គឺយើងមិនអាចលុបបំបាត់បាន
នោះទេ ។ ដូច្នេះត្រូវតែផ្សព្វផ្សាយនិងធ្វើចលនាអោយពួកគាត់បានចូលរួម អនុវត្តនូវវិធានការរបស់ក្រសួងសុខាភិបាលនិងវិធានការរបស់អាជ្ញាធរយើង ។
ក្នុងកិច្ចប្រជុំនោះឯឧឃួង ស្រេង ក៏បានជម្រុញអោយបន្តការចែកអំណោយជូនប្រជាពលរដ្ឋក្រីក្រ ពិសេសការផ្តល់អំណោយជូនបងប្អូន កម្មករ កម្មការីនី ទៅដល់តាមបន្ទប់ជួល ដោយមកដល់ពេលនេះ យើងបានចែកអំណោយទៅប្រជាពលរដ្ឋនិងកម្មករ កម្មការីនី បានប្រមាណ១០ម៉ឺនគ្រួសារហើយ តែក៏នៅតែមានការស្រែករកជំនួយទៀត ដែលការងារមនុស្សនេះ យើងត្រូវតែធ្វើបន្តនិងអោយចំគោលដៅ ចំអ្នកដែរខ្វះខាតជាងគេ៕












