សមត្ថកិច្ចក្របួចជនជាតិចិន ឥណ្ឌូនេស៊ី និងវៀតណាម ជិត២០០នាក់ ដែលលួចឆ្លងដែនពីវៀតណាមចូលមកកម្ពុជា
ភ្នំពេញៈ កម្លាំងកងរាជវុធហត្ថបានឃាត់ខ្លួនជនបរទេសជិត២០០នាក់ ដែលបានលួចឆ្លងដែនដោយខុសច្បាប់ពីវៀតណាមចូលមកកម្ពុជា និងកំពុងបន្តស្វែងរកមេខ្លោង និងអ្នកដែលពាក់ព័ន្ធដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់។ ការឃាត់ខ្លួននេះបានធ្វើឡើងនៅក្នុងសណ្ឋាគារដែលមានយីហោ «ផ្ទះល្វែងសណ្ឋាគារបួនរដូវ»។ ម្ចាស់សណ្ឋាគារ គឺជនជាតិចិន ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិតក្រុងបាវិត ខេត្តស្វាយរៀង។ ប្រតិបត្តិឃាត់ខ្លួនបានប្រព្រឹត្តឡើងកាលពីយប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១។

នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានមានប្រសាសន៍នៅព្រលប់ថ្ងៃទី២៨ មេសានេះថា ដោយមានការទទួលព័ត៌មានថាមានការប្រមូលផ្តុំមនុស្សនៅក្នុងសណ្ឋាគារតនៅភូមិបាវិតកណ្តាល សង្កាត់បាវិតក្រុងបាវិត និងមានការសង្ស័យកម្លាំងកងរាជអាវុធហត្ថ បានធ្វើការត្រួតពិនិត្យ។ តាមរយៈការត្រួតពិនិត្យនេះ គឺរកឃើញមានមនុស្សជិត២០០នាក់ ។ក្នុងនោះមានចិន ឥណ្ឌូនេស៊ី និងវៀតណាម។ ក្រោយពេលដែលសួរនាំ គឺពួកគេបាន ឆ្លងដែនពីវៀតណាមចូលមកកម្ពុជា ដោយបានពួនសម្ងំនៅក្នុងសណ្ឋាគារ។

នាយឧត្តមសេនីយ៍ សៅ សុខា បានបន្តថា ចំពោះករណីនេះ កម្លាំងមានសមត្ថកិច្ចកំពុងតែអនុវត្តនីតិវិធី ដោយសារជនបរទេសទាំងនោះជាជនអន្តោប្រវេសន៍ចូលមកដោយខុសច្បាប់ បែបនេះ គឺខាងកងរាជអាវុធហត្ថអត់មានតួនាទីជាអន្តោប្រវេសន៍ទេ និងកំពុងតែរៀបចំសំណុំបែបបទដើម្បីធ្វើការចោទប្រកាន់នៅក្នុងក្របខ័ណ្ឌដែលចូលមកកម្ពុជាខុសច្បាប់។ ដោយឡែកចំពោះជនជាតិវៀតណាម គឺអាវុធហត្ថបានទាក់ទងជាមួយខាងភាគីវៀតណាម។ ភាគីទាំងពីរបានឯកភាពគ្នាបញ្ជូនជនជាតិវៀតណាមឲ្យទៅភាគីវៀតណាមវិញ យកទៅធ្វើចត្តាឡីស័ក ឬក៏អនុវត្តច្បាប់នៅក្នុងប្រទេសវៀតណាមតែម្តង។ ចំណែកជនជាតិដទៃទៀត គឺត្រូវធ្វើចត្តាឡីស័កនៅក្នុងទឹកដីកម្ពុជាសិន ទើបបន្តអនុវត្តតាមនីតិវិធីច្បាប់។
មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានបញ្ជាក់ថា “ការចល័តមនុស្សពីកន្លែងមួយទៅកន្លែងមួយ ឬការជួញដូរមនុស្សនេះ មានបណ្តាញវាស្មុគស្មាញណាស់។ មានការបញ្ជា បន្តៗគ្នា បណ្តាក់គ្នាជាខ្សែរយៈតែម្តង។ ជាបទល្មើសជួញដូរមនុស្សដែលមានអង្គការចាត់តាំង ពីប្រទេសមួយទៅប្រទេសមួយ។ មិនមែនតែនៅក្នុងប្រទេសកម្ពុជាយើងទេ ព្រោះសមត្ថកិច្ច បានស្រាវជ្រាវទៅមេខ្លោងខ្លះបានប្រើទូរស័ព្ទលេខដែលមានចេញពីប្រទេសវៀតណាម និងមេខ្លោងខ្លះនៅប្រទេសចិន ឬប្រទេសផ្សេងទៀត។ នេះជាការលំបាកមួយសម្រាប់ឈានដល់ ការបង្ក្រាបមេខ្លោងចុងក្រោយបំផុត ហើយអ្វីដែលបង្ក្រាបបាននេះវាគ្រាន់តែជាដៃជាជើង”។ នាយឧត្តមសេនីយ៍បានបន្តទៀតថា សមត្ថកិច្ចកំពុងតែបន្តរិះរកវិធីដើម្បីសហការជាមួយនឹង បណ្តាប្រទេសជាមិត្តដែលមានសហប្រតិបត្តិការជាគ្នាដើម្បីឈានទៅរកការស្រាវជ្រាវក្រុមបណ្តាញជួញដូរមនុស្សដើម្បីឈានទៅដល់ការបង្ក្រាបនៅថ្ងៃខាងមុខនេះ។
សូមជម្រាបថាប៉ុន្មានថ្ងៃមុននេះ អតីតផ្កាយពីរយោធារូបនេះ និងនិងបក្ខពួកចំនួន៦នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពាក់ព័ន្ធករណីរត់ពន្ធមនុស្សដោយនាំជនជាតិចិនចំនួន២៨នាក់ ឆ្លងដែនខុសច្បាប់នៅចំណុចសណ្ឋាគារ ធីធីភី ១ (TTP 1) ស្ថិតក្នុងភូមិ បាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀងកាលពីទាបភ្លឺថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១៕
ដោយៈ ពលជ័យ

